ឯកឧត្តម សាយ សំអាល់៖ មន្ដ្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់ទាំងអស់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល រដ្ឋមន្ដ្រីក្រសួងបរិស្ថា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា មន្ត្រីរាជការ គ្រប់ផ្នែក គ្រប់ថ្នាក់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងការប្រែក្លាយខេត្តព្រះសីហនុ មកជាប៉ូលសេដ្ឋកិច្ចទី២ ដ៏មានសក្តានុពល បន្ទាប់ពីរាជធានីភ្នំពេញ។
ការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម សាយ សំអាល បានលើកឡើងបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរលើផ្លូវដ៏វែងឆ្ងាយ និងពោរពេញដោយការលំបាក។ ដោយឆន្ទៈដ៏មោះមុត និងលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា កំពង់ផែត្រូវបានធ្វើសមាហរណកម្ម និងសុខដុមនីយកម្មជាមួយបណ្តាប្រព័ន្ធកំពង់ផែអន្តរជាតិធំៗ នៅលើពិភពលោក។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិក នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចាត់ទុកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យប្រែក្លាយមកជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ដូចសព្វថ្ងៃនេះ។
ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា ខេត្តព្រះសីហនុ នឹងបន្តរីកចម្រើនឥតឈប់ឈរ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងដើរតួនាទីកាន់តែសំខាន់ ជាសសរកន្លោងមួយសម្រាប់ទ្រទ្រង់ការសម្រេចបាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ក៏ដូចជា ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក ៕