បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះជួបផ្ទាល់ជាមួយកម្មករ-និយោជិត គឺដើម្បីដឹងសុខទុក្ខជាក់ស្តែង និងដើម្បីដោះស្រាយបញ្ហា ព្រមទាំងសំណូមពរផ្សេងៗ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះជួបផ្ទាល់ជាមួយកម្មករ-និយោជិត គឺដើម្បីដឹងសុខទុក្ខជាក់ស្តែង និងដើម្បីដោះស្រាយបញ្ហា ព្រមទាំងសំណូមពរផ្សេងៗ ពីព្រោះនេះ គឺជាទម្លាប់ការងាររបស់ សម្តេចតេជោ តាំងពីដើមរៀងមក។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស មកពីខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល និងខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ទម្លាប់ចុះមូលដ្ឋាន គឺជាការត្រួតពិនិត្យប្រសិទ្ធភាពគោលនយោបាយ សំដៅកែលម្អបំពេញបន្ថែមចំណុចខ្វះខាត និងសម្រេចចិត្តឱ្យចំគោលដៅ តាមរយៈការជួបសាកសួរផ្ទាល់ជាមួយនឹងអ្នកទទួលផលជាក់ស្តែងពីគោលនយោបាយដែលបានដាក់ចេញនីមួយៗ ។
ឯកឧត្តម បណ្ឌិត មានប្រសាសន៍បន្ថែមថា បើទោះបីជា សម្តេចតេជោ មានភារកិច្ចរវល់មមាញឹកយ៉ាងណាក៏ដោយ គឺទម្លាប់ចុះផ្ទាល់នៅមូលដ្ឋានបែបនេះ គឺជារបៀបរបបការងាររបស់លោក ដោយឈរលើឆន្ទៈ និងមនសិការនៃផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់ពេលវេលា ៕