បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងនាមជាអាណាព្យាបាល រាជរដ្ឋាភិបាលបានខិតខំបំពេញនូវកិច្ចការជាច្រើន
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាអាណាព្យាបាល រាជរដ្ឋាភិបាលបានខិតខំបំពេញនូវកិច្ចការជាច្រើន ជាអាទិ៍៖
ទី១.បានខិតខំបង្កើតការងារតាមរយៈការទាក់ទាញ និងបង្កលក្ខណៈដល់អ្នកវិនិយោគ ដើម្បីឱ្យពួកគេមកបណ្តាក់ទុននៅកម្ពុជា ជាប្រយោជន៍ដើម្បីជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ
ទី២.បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អ្នកវិនិយោគ និងកម្មករ-និយោជិត តាមរយៈការដាក់ចេញនូវគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តដល់ការប្រកបធុរកិច្ចរបស់អ្នកវិនិយោគ ក៏ដូចជាគោលនយោបាយគាំពារសង្គមបម្រើឱ្យសុខុមាលភាពរបស់កម្មករ-និយោជិត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស មកពីខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល និងខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា មួយវិញទៀត ការខិតខំប្រឹងប្រែងបំពេញការងាររបស់ប្រធានរដ្ឋបាល និងប្រធានផ្នែកនៅតាមរោងចក្រ-សហគ្រាស គឺអាចជាគុណតម្លៃមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា តាមរយៈការជួយដល់វិនិយោគិនក្នុងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន និងការទាក់ទាញវិនិយោគិនថ្មីៗមកបន្ថែមទៀត ៕