ឯកឧត្តម មាស សុភា អំពាវនាវឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
ការអំពាវនាវរបស់ឯកឧត្តម មាស សុភា បែបនេះក្នុងឱកាសដែរ ឯកឧត្តមអញ្ជើញចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម មាស សុភា បានថ្លែងផ្តាំផ្ញើការសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ដែលតែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក សមាជិកា គណបក្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។
ឯកឧត្តម មាស សុភា បានថ្លែងលើកឡើងទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្រអែម ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺបានកើតឡើងដោយការប្តេជ្ញាចិត្តរបស់គណបក្សខេត្ត គណបក្សស្រុកជាំក្សាន្ត គណបក្សឃុំស្រអែម ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ក្រុមកាងារខេត្តចុះជួយស្រុក ឃុំ ក្រោមសិល្បៈនៃការចែករំលែក ដែលជាប្រពៃណីដែលយើងមានតាំងពីយូរលង់មកហើយ
ឯកឧត្តមបានបញ្ជាក់ទៀតថា ការកសាងអគារស្នាក់ការគណបក្សស្អាតបែបនេះ មានន័យថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សរឹងមាំ តាំងពីថ្នាក់កណ្តាល ដល់ថ្នាក់មូលដ្ឋាន ពិសេសគណបក្សប្រជាជនកម្ពុជានៅដឹកនាំយូរងង្វែងតទៅទៀត ហើយមកដល់ពេលនេះគណបក្សមួយចំនួនមិនទាន់មានស្នាក់ការធ្វើការត្រឹមត្រូវ ដូចយើងទេ ពោលគឺនៅធ្វើការតាមផ្ទះនៅឡើយ និងបានត្រឹមលើកស្លាកគណបក្សនៅតាមដងផ្លូវប៉ុណ្ណោះ។
ឯកឧត្តមក៏ថ្លែងនូវការកោតសរសើរដល់ស្មារតីទទួលខុសត្រូវ របស់គណបក្សស្រុក គណបក្សឃុំ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុក ជួយឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ជួយភូមិ ដែលបានរួមគ្នាធ្វើឲ្យសមិទ្ធផលនេះកើតឡើង ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ។ ជាមួយនឹងអគារស្នាក់ការគណបក្សបានសាងសង់រួចយ៉ាងស្អាតបែបនេះ ឯកឧត្តម មាស សុភា សំណូមពរឲ្យមានអ្នកធ្វើការជាប្រចាំ និងត្រូវជួយថែរក្សាឲ្យបានស្អាត។
ឯកឧត្តម មាស សុភា ក៏បានថ្លែងអំពាវនាវឱ្យរួមគ្នាគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ការពារសុខសន្តិភាព ដែលយើងខំដណ្តើមបានទាំងលំបាក ពិសេសត្រូវប្រឆាំងអ្នកដែលមានបំណង បំផ្លាញ បំភ្លេច បំភ្លៃ ថ្ងៃរំដោះ៧មករា និងត្រូវបន្តគាំទ្រនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជន ត្រូវគាំទ្រនូវអភិក្រមទាំង៥ដើម្បីធ្វើឲ្យគណបក្សកាន់តែរឹងមាំ គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខឱ្យបានគ្រប់ៗគ្នា ៕