**សម្តេចធិបតី៖ កម្ពុជា ជាសក្ខីភាពបញ្ជាក់ពីឥទ្ធិពលនៃសន្តិភាពនាំមកនូវការប្រែប្រួល និងមានឆន្ទៈខ្ពស់ចែករំលែកបទពិសោធទៅដល់បណ្តាប្រទេសជុំវិញពិភពលោក**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ច្បាស់លាស់ ក្នុងការចាកចេញពីស្ថានភាព នៃប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះ ផ្ដល់មូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែងរហូតមកទល់សព្វថ្ងៃ**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្តេចធិបតី៖ កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្តិភាព ត្រូវតែមានភាពបុរេសកម្ម ហើយយើងត្រូវពួតដៃប្រឹងប្រែងរួមគ្នា**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៤ « អ្នកមិនពាក់ព័ន្ធព្យាយាមប្រជែងដណ្ដើមគុណសម្បត្តិពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។
ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ៣៤ « អ្នកមិនពាក់ព័ន្ធព្យាយាមប្រជែងដណ្ដើមគុណសម្បត្តិពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស »
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសន្ធិសញ្ញាបញ្ចប់សង្គ្រាម ឬបទឈប់បាញ់គ្រប់ភាគីនៅកម្ពុជា ចុះហត្ថលេខាដោយខ្មែរទាំង៤ភាគី (រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, សឺន សាន និងខ្មែរក្រហម) ដោយមានប្រទេសមហាអំណាចទាំង៥ និងប្រទេសផ្សេងៗដទៃសរុបទាំងអស់ចំនួន១៨ ចូលរួមដឹងឮផងដែរ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចុះហត្ថលេខា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាព្រឹត្តិការណ៍មួយបង្វិលស្ថានការណ៍នយោបាយកម្ពុជា ពីការប្រើប្រាស់អាវុធប្រយុទ្ធបង្ហូរឈាមគ្នា មករកការរួបរួមគ្នាតាមរយៈការបោះឆ្នោតដោយសេរី។ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ចំណាយពេល៤ឆ្នាំ ធ្វើដំណើរលើផ្លូវដ៏រលាក់ និងស្មុគស្មាញ បញ្ហាមិនចេះចប់មិនចេះហើយ ដើម្បីទទួលនូវផលគួរឱ្យរំភើប និងសោមនស្ស ប៉ុន្តែកិច្ចព្រមព្រៀងប៉ារីស មិនបានបញ្ចប់សង្រ្គាមនៅកម្ពុជាទាំងស្រុងទេ ព្រោះខ្មែរក្រហមមិនអនុវត្តតាមកិច្ចព្រមព្រៀងដែលតម្រូវឱ្យភាគីទាំងអស់ទម្លាក់អាវុធចុះ ហើយចូលរួមបោះឆ្នោត។ សន្តិភាព ពេញលេញ ទើបតែកើតមានឡើងនៅចុង ខែធ្នូ (២៩ធ្នូ) ឆ្នាំ១៩៩៨ ក្រោយយុទ្ធសាស្រ្ត ឌឺហ្វីដ និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន ប៉ុណ្ណោះ។
កិច្ចព្រមព្រៀងសន្តិភាពប៉ារីស មានតួអង្គសំខាន់តែ២អង្គ រូបប៉ុណ្ណោះ គឺព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអ្នកឈ្មុសឈ្មុល ពុះពារ រហូតទទួលជោគជ័យ។ ចំណែកតួអង្គដទៃទៀតជាតួអង្គបន្ទាប់បន្សំ ហើយចំពោះអ្នកខ្លះទៀត មិនពាក់ព័ន្ធក្នុងសាច់រឿង ឬមិនដឹងពីដំណើររឿង និងខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងផងទេ។ ក្រោយកិច្ចព្រមព្រៀង និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ខ្មែរក្រហមនៅតែគ្រប់គ្រងកាន់កាប់ទឹកដីមួយផ្នែក នៅប៉ែកខាងលិចប្រទេស។ ប្រទេសកម្ពុជានៅតែមានសង្រ្គាម នៅតែបែងចែកជាពីរដដែរ។ ដូចអំណះអំណាងរបស់សម្តេចព្រះនរោត្តម សីហនុ មានបន្ទូលក្នុងជំនួបជាមួយអតីតសមាជិកសភា ជប៉ុន នៅប៉ារីស កាលពីឆ្នាំ១៩៨៨ មូលហេតុដែលខ្មែរ ឬក្រុម ប៉ុល ពត មិនចូលរួមបោះឆ្នោត ដោយសារ ប៉ុល ពត ដឹងខ្លួនយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាមិនទទួលយករបប កុម្មុយនីស្ត (របប ប៉ុល ពត ដ៏ឃោរឃៅ) វិញជាដាច់ខាត ព្រោះរបបនេះធ្វើឱ្យពួកគេឈឺចាប់ វេទនា ព្រាត់ប្រាសអត់ឃ្លាន គ្មានថ្នាំព្យាបាល ពិសេសសម្លាប់មនុស្សដោយគ្មានការជំនុំជម្រះទោស។ អ្នកណាក៏មានសិទ្ធិសម្លាប់មនុស្សដែរ ឱ្យតែមានឋានៈ មានតួនាទី សូម្បីត្រឹមមេភូមិ មេក្រុម ឬ កងឈ្លប។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ព្រះអង្គនៅតែឱបក្រសោបក្រុមរបស់ ប៉ុល ពត អៀង សារី ខៀវ សំផន និង សឺន សាន។
ចំណែកក្រុមខ្មែរក្រហម ដើម្បីសាកល្បងចង់ដឹងពីទឹកចិត្តប្រជាជនកម្ពុជាចំពោះខ្លួន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ ក្រោយកិច្ចព្រមព្រៀងប៉ារីសមួយខែ លោក ខៀវ សំផន បានចូលមកក្រុងភ្នំពេញដើម្បីបំពេញមុខងារជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ក៏ប៉ុន្តែគ្រាន់តែមកដល់ភ្នំពេញភ្លាមបាតុកម្មដ៏ធំមួយផ្ទុះឡើងប្រឆាំងនឹងលោក ខៀវ សំផន និងលោក សុន សេន។ បាតុកម្មនោះរាលដាលជាអំពើហិង្សា រហូតបណ្តាលឱ្យលោក ខៀវ សំផន ត្រូវស្វាគមន៍ដោយការចោលនឹងដុំថ្ម និងដំបង បណ្តាលឱ្យទទួលរងរបួសនៅត្រង់ក្បាល។ ដោយមានអន្តរាគមន៍ពីសំណាក់សម្ដេច ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្រ្តីនៃរដ្ឋកម្ពុជា លោក ខៀវ សំផន និងលោក សុន សេន ត្រូវជម្លៀសតាមរថពាសដែកទៅកាន់ព្រលានយន្តហោះពោធិ៍ចិនតុង និងឡើងយន្តហោះចាកចេញពីភ្នំពេញ ទៅក្រុងបាងកក ប្រទេសថៃ។ បើគ្មានការជួយជ្រោមជ្រែង និងអន្តរាគមន៍សង្រ្គោះពីសម្តេច ហ៊ុន សែន ទេ លោក ខៀវ សំផន អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។ ដោយឡែករូបភាពនៃការប្រឆាំង និងចោលដុំថ្មដាក់លោក ខៀវ សំផន ផ្សព្វផ្សាយជា សាធារណៈតាមទូរទស្សន៍ជាតិកម្ពុជានៅយប់ថ្ងៃដដែល ហើយប្រជាជននៅតាមទីជនបទដែលឃើញរូបភាពនោះ និងធ្លាប់ឆ្លងកាត់ការឈឺចាប់ មហាវេទនា នាំគ្នាស្រែកជេរនិងដាក់បណ្តាសា ឱ្យគេវាយ ខៀវ សំផន ឱ្យស្លាប់នៅពេលនោះ ដូចជាពាក្យថា“ងាប់ទៅហ្អែង ធ្វើបាបប្រជាជន…”។
មុនពេលឈានដល់កិច្ចព្រមព្រៀងប៉ារីស ដូចដឹងពីខាងដើមមកហើយ គឺមានចម្រូងចម្រាស និងឧបសគ្គច្រើនណាស់ ហើយប្រសិនបើគ្មានការព្យាយាម តស៊ូអត់ធ្មត់ និងឈ្លាសវៃរបស់សម្តេចហ៊ុន សែន ឬគណបក្សប្រជាជនកម្ពុជា ឬសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម្តេចព្រះនរោត្តមសីហនុទេ កិច្ចព្រមព្រៀងប៉ារីសក៏មិនអាចចេញជារូបរាងដែរ ឯសន្តិភាពកាន់តែនៅឆ្ងាយពីក្តីសង្ឃឹមរបស់ប្រជាជនខ្មែរទៅទៀត។
តាមរយៈកិច្ចសន្ទនាសន្តិភាព ក្រុងប៉ារីសលើកទី១ ដែលមានរយៈពេល៣ថ្ងៃ គេអាចមើលឃើញពីភាពទន់ភ្លន់ និងការបន្ទន់ឥរិយាបថរបស់ភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា ពិសេស តួអង្គសម្តេច ហ៊ុន សែន ដែលធ្វើយ៉ាងណាឱ្យដំណើរការសន្ទនាសន្តិភាព អាចប្រព្រឹត្តទៅដោយរលូន និងទទួលយកបានទាំងអស់គ្នា។ កិច្ចសន្ទនាក៏បង្ហាញដែរអំពីឥរិយាបថចង់បានសន្តិភាព ចង់បញ្ចប់សង្រ្គាមភ្លាមៗរបស់ភាគីភ្នំពេញ ព្រោះមិនចង់ឃើញការបង្ហូរឈាមខ្មែរដោយខ្មែរគ្នាឯង។ ភាគីភ្នំពេញចង់បញ្ចប់ការឈឺចាប់របស់ប្រជាជាតិប្រជាជនកម្ពុជា តាមរយៈដំណោះស្រាយនយោបាយសន្តិភាព ទោះបីជាខ្លួនគ្រប់គ្រង ឬកាន់កាប់ទឹកដី៩០% ទៅហើយក្តី។ ភាគីពាក់ព័ន្ធផ្ទាល់នឹងដឹងច្បាស់ស៊ីជម្រៅពីកិច្ចការរាក់ជ្រៅ និងតម្លៃនៃកិច្ចព្រមព្រៀងមួយចំនួន បានអវត្តមានពីលោកនេះទៅហើយ ក្នុងនោះរួមមានព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ លោកសឺន សាន លោក សុន សេន លោកអៀង សារី ឯលោកខៀវ សំផន កំពុងតែជាប់ឃុំក្នុងពន្ធធនាគារនៃសាលាក្តីខ្មែរក្រហម។
ជម្លោះឬការប្រេះឆា ឬភាពចម្រូងចម្រាស ស្តីពីកិច្ចព្រមព្រៀងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ត្រូវគេមើលឃើញថាផ្តើមប្រទាញប្រទង់ខ្លាំង ចាប់ពីការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ និងអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីកេងចំណេញផ្នែកនយោបាយ។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៩ អ្នកវិភាគ និងអ្នកនយោបាយមួយចំនួនដែលមិនពាក់ព័ន្ធ ឬមិនដឹងអ្វីសោះអំពីអត្ថន័យ ឬខ្លឹមសារ នៃកិច្ចព្រមព្រៀង នៅតែនាំគ្នាទាមទារឱ្យរាជរដ្ឋាភិបាល ដាច់ខាតត្រូវតែអនុវត្តកិច្ចព្រមព្រៀងឡើងវិញ ទោះបីមានអំណះអំណាងមួយចំនួនបញ្ជាក់ថា កិច្ចព្រមព្រៀងស្លាប់បាត់ទៅហើយ ដោយសារតែខ្លឹមសារនៃកិច្ចព្រមព្រៀងបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។ ដើម្បីកេងចំណេញផ្នែកនយោបាយ អ្នកនយោបាយខ្លះមិនខ្វល់ពីសីលធម៌ឬគុណធម៌ទេ ពួកគេព្យាយាមបង្កើតឱ្យមានពាក្យប្រមាថ រើសអើងផ្សេងៗ ដូចជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបង្កើតពាក្យស្លោកមួយថា“អរគុណសន្តិភាព”ដើម្បីបង្ហាញពីសាមគ្គីភាព សន្តិភាព នៅលើទឹកដីកម្ពុជា ប៉ុន្ដែពួកគេបែរជាព្យាយាមបំភ្លៃពាក្យពិត ហើយទាញទៅរកភាពអវិជ្ជមានដោយការប្រមាថ។ សូម្បីពាក្យ “អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ” អំឡុងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏រងនូវការវាយប្រហារដែរ។ គេប្រមាថ “សន្តិភាព” របស់ជាតិខ្លួនដែលខិតខំបង្កើតឡើងដោយមហា វីរបុរសរបស់ជាតិ ពីអំឡុងទសវត្សរ៍១៩៨០ ដល់ចុងទសវត្សរ៍១៩៩០ ហើយបែរជានាំគ្នានិយាយថា ស្រលាញ់ជាតិទៅវិញ។
អ្នកវែកញែកអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងខ្លះ កាលនោះ (១៩៩១) នៅជានិស្សិត នៅជាសិស្សសាលានៅឡើយទេ ហើយពួកគេអាចយល់អត្ថន័យនៃកិច្ចព្រមព្រៀងនេះ តាមតែរយៈការអះអាង ឬលើកឡើងរបស់អ្នកនយោបាយ ឬការអានឡើងវិញប៉ុណ្ណោះ។ ប៉ុន្តែពួកគេចេញមកហាក់បានយល់ច្បាស់ខ្លាំងអំពីខ្លឹមសារនៃកិច្ចព្រមព្រៀង។ នៅអំឡុងចាប់ពីឆ្នាំ២០១៣មក ពួកគេមិនបានសិក្សាឱ្យបានលម្អិតស៊ីជម្រៅអំពីភាពចម្រូងចម្រាស និងការលំបាករបស់ថ្នាក់ដឹកនាំ ទម្រាំឈានដល់កិច្ចព្រមព្រៀងនេះឡើយ។ ការលើកឡើងនេះ ពុំមែនយើងមិនទទួលស្គាល់ ឬមិនទទួលយកនូវគំនិតរិះគន់ ឬការអះអាង ការលើកហេតុផលលើភាពខ្វះចន្លោះរបស់អ្នកទាំងនោះទេ ប៉ុន្តែគេគួរសិក្សាឱ្យច្បាស់ជាមុនសិនអំពីខ្លឹមសារនៃកិច្ចព្រមព្រៀង។
ជាច្រើនឆ្នាំមកហើយ កិច្ចព្រមព្រៀងសន្តិភាព ឬហៅថាសន្ធិសញ្ញាបទឈប់បាញ់សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក្លាយជាមរតកដ៏ចម្រូងចម្រាសរបស់អ្នកនយោបាយខ្មែរ សូម្បីអ្នកមិនពាក់ព័ន្ធ ឬអ្នកដែលមិនបានដឹងអ្វីសោះអំពីដំណើររឿងដ៏ស្មុគស្មាញ ដ៏មានបញ្ហាប្រឈម និងមិនដឹងពីគុណតម្លៃនៃកិច្ចព្រមព្រៀងប៉ារីស ឬអ្នកដែលមិនចង់ឱ្យមានកិច្ចព្រមព្រៀង។
ពុំមែនជាប្រពៃណី ឬវប្បធម៌ទេ តែជាទម្លាប់ចំពោះពលរដ្ឋខ្មែរខ្លះទៅហើយ ខណៈខ្លួនមិនពេញចិត្តនឹងអ្វីមួយ ឬខ្លួនមិនទទួលបានលាភសក្ការៈ ឬផលចំណេញពីអ្វីមួយ គឺពួកគេតែងតែប្រឆាំង ជំទាស់ វាយប្រហារ រិះគន់ ទោះបីដឹងថាការរិះគន់ ការវាយប្រហារ ការជំទាស់របស់ពួកគេធ្វើឡើងទាំងខុសឆ្គងក៏ដោយ។ អ្នកនយោបាយខ្លះព្យាយាមនិយាយបំប៉ោង និយាយបង្ខើច អំពីគុណតម្លៃនៃកិច្ចព្រមព្រៀងប៉ារីស ដើម្បីឱ្យគេមើលឃើញថា ខ្លួនដឹងយ៉ាងជ្រៅជ្រះអំពីកិច្ច ព្រមព្រៀងនេះ ប៉ុន្តែមុនពេលមានកិច្ចចរចា ខ្លួនពុំមានវត្តមាន ឬជួយជំរុញឱ្យកិច្ចព្រមព្រៀងនេះ មានរូបរាងឆាប់ទទួលស្គាល់ជាសាកលទេ។មុនពេលឈានដល់កៅអី និងក្រាំងមាសនៃកិច្ចព្រមព្រៀង មានតែគណបក្សប្រជាជន និង សម្តេច ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីក្មេងជាងគេលើលោក និងសម្តេចព្រះនរោត្តម សីហនុ ប៉ុណ្ណោះ ដែលប្រឆាំងរបប ប៉ុល ពត ហើយខ្នះខ្នែងឱ្យមានកិច្ចព្រមព្រៀងសន្ដិភាពនេះ។ ភាគីលោក សឺន សាន និងភាគីកម្ពុជាប្រជាធិបតេយ្យ ភាគច្រើននៃកិច្ចចរចា ព្យាយាមអូសបន្លាយកិច្ចចរចានេះ ហាក់មិនចង់ឱ្យមានសន្ធិសញ្ញានៃការឈប់បាញ់ ក្រោមហេតុផលទាមទារឱ្យមានការដកកងទ័ពវៀតណាមចេញពីកម្ពុជា។ ស្ថាបនិកទាំងពីរដួងបានធ្វើដំណើរលើផ្លូវដ៏រលាក់ស្មុគស្មាញ និងឧបសគ្គរាប់សែនជំពូក ទម្រាំឈានដល់ការឯកភាពគ្នាទាំងស្រុង។
អ្នកវិភាគនយោបាយខ្មែរខ្លះលើកឡើងថា កិច្ចព្រមព្រៀងក្រុងប៉ារីស នៅបន្តធ្វើជាមគ្គុទ្ទេសក៍ឱ្យកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យ គឺមានន័យថា រាស្ត្រជាធំ ហើយមានតុលាការមួយដែលមិនរណបអ្នកនយោបាយ។ ពួកគេនិយាយថា ជាង២០ឆ្នាំមកនេះ ក្រោយការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ពលរដ្ឋកម្ពុជានៅមិនទាន់ឃើញអ្នកនយោបាយខ្មែរដើរទៅតាមគន្លង ប្រជាធិបតេយ្យនោះទេ។ អ្នកខ្លះនិយាយថា គោលការណ៍មួយចំនួនដែលចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនទាន់សាបសូន្យនៅឡើយទេ ត្រូវតែអនុវត្តឡើងវិញ។ ឆ្លើយតបទៅនឹងការលើកឡើងខាងលើ មន្រ្តីរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត សុខ ទូច ជាប្រធាន អះអាងនៅចំពោះមុខអ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ អស់ សុពលភាព(ស្លាប់)ទៅហើយ ដោយសារអត្ថន័យ និងខ្លឹមសារទាំងអស់នៃកិច្ចព្រមព្រៀងនេះ បានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ រួចរាល់អស់ហើយ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ លោកបណ្ឌិត សុខ ទូច លើកឡើងថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនៅពេលនេះ គ្រាន់តែជានិមិត្តរូបចំពោះកម្ពុជាប៉ុណ្ណោះ មិនអាចយកមកប្រើប្រាស់បានទៀតទេ ព្រោះកម្ពុជាមានរដ្ឋធម្មនុញ្ញរបស់ខ្លួនហើយ។ សន្ធិសញ្ញានេះបើធៀបទៅនឹងមនុស្ស គឺបាត់បង់ជីវិតទៅហើយ ដូច្នេះកម្ពុជាមិនអាចយកសន្ធិសញ្ញានេះមកប្រើ ឬអនុវត្តទៀតឡើយ ខណៈកម្ពុជាមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួនទៅហើយនោះ។
បន្ថែមពីលើនេះ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃ រាជបណ្ឌិត្យសភាកម្ពុជា ក៏ចេញសេចក្តីថ្លែងការណ៍របស់ខ្លួន គាំទ្រចំពោះការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ថាសូមគាំទ្រទាំងស្រុងនូវការបកស្រាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលធ្វើឡើងដោយបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។ ការបកស្រាយនេះ គឺពិតជាបានឆ្លើយតបយ៉ាងទាន់ពេលវេលា និងប្រកបដោយហេតុផលតាមផ្លូវច្បាប់គ្រប់គ្រាន់ ដើម្បីបំភ្លឺដល់មតិសាធារណជន ទាំងជាតិ និងអន្តរជាតិ ឱ្យយល់ដឹងពីខ្លឹមសារពិតប្រាកដនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក៏ដូចជាយល់ពីសភាពការណ៍ជាក់ស្តែងនៅកម្ពុជា សំដៅបញ្ចៀសការភាន់ច្រឡំណាមួយទៅលើកិច្ចព្រមព្រៀងនេះ ដែលនាំទៅដល់ការបង្កអស្ថិរភាពសង្គម។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ចាប់តាំងពីក្រោយឆ្នាំ១៩៩៣ មក កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសនយោបាយ និងសេដ្ឋកិច្ចសង្គម។ កម្ពុជាទទួលបានសន្តិភាពពេញលេញ និងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលស្របទៅនឹងវប្បធម៌ និងបរិបទកម្ពុជា។ សមិទ្ធផលដែល សម្រេចបានក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានឆ្លើយតបជាវិជ្ជមានទៅនឹងចរន្តនៃដំណើរវិវឌ្ឍន៍ ទស្សនាទាន ស្តីពីវប្បធម៌សន្តិភាពរបស់ពិភពលោក និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដោយផ្អែកជាមូលដ្ឋានលើតម្លៃជាសាកល ក្នុងការគោរពសិទ្ធិរស់រានមានជីវិត សេរីភាព យុត្តិធម៌ សាមគ្គីធម៌ ការអត់ឱនឱ្យគ្នាទៅវិញទៅមក សិទ្ធិមនុស្ស ភាតរភាព សមភាព និងការលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការលើកឡើងរបស់សង្គមស៊ីវិល អ្នកវិភាគនយោបាយ និងអ្នកនយោបាយ ដែលរិះគន់ លើការខ្វះចន្លោះចំពោះការអនុវត្តកិច្ចព្រមព្រៀងប៉ារីស ធ្វើឱ្យមានការឆ្លើយតបភ្លាមៗវិញដែរពីគណបក្សប្រជាជនកម្ពុជា។ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ថាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ហើយចាប់ពីក្រោយការបោះឆ្នោតជាតិនៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ រាជរដ្ឋាភិបាលកម្ពុជាថ្មី នីតិកាលទី១ ត្រូវបង្កើតឡើង។ បណ្តាចំណុចសំខាន់ៗ នៃកិច្ចព្រមព្រៀងត្រូវដាក់បញ្ចូលទៅក្នុងខ្លឹមសារ នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដូចជារបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការបែងចែកអំណាចដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ធានាការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស សិទ្ធិកុមារ និងសិទ្ធិស្ត្រីជាដើម។ កិច្ចព្រមព្រៀងប៉ារីស ផ្តោតសំខាន់លើគោលការណ៍មួយចំនួន ដូចជាការដកកងទ័ពវៀតណាមចេញពីកម្ពុជា ការឈប់បាញ់ ឬកាត់បន្ថយកម្លាំងកងទ័ព ជនភៀសខ្លួន អព្យាក្រឹត អធិបតេយ្យភាពដែនដី បោះឆ្នោតដោយសេរីនិងត្រឹមត្រូវនិងការកើតរដ្ឋធម្មនុញ្ញថ្មីក្រោយពេលបោះឆ្នោត និងមុនបង្កើតរាជរដ្ឋាភិបាល។
មាត្រា១ជំពូកទី១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ស្តីពីអធិបតេយ្យជាតិចែងថា ព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់បតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យពហុបក្ស។ កថាខណ្ឌទី២ នៃមាត្រាដដែលចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍មិនចូលបក្សសម្ពន្ធ។ មាត្រា២ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទី១/១០០ ០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។ មាត្រា៣ ចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។ មាត្រា៥១ថ្មី ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញ ស្តីពីរបបនយោបាយចែងថា ព្រះរាជា-ណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យេសេរីពហុបក្ស។ ក្នុងនោះកថាខណ្ឌទី២ ចែងថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន។ កថាខណ្ឌទី១ នៃមាត្រា៥២ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិដើម្បីការពារការឯកភាពជាតិ រក្សាការពារទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់ជាតិ។ កថាខណ្ឌទី១ នៃមាត្រា៥៣ចែងថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ពន្ធ។ ចំណុច១ មាត្រា១ នៃលេខ រ៉ូម៉ាំង២ធំ នៃកិច្ចព្រមព្រៀងប៉ារីសចែងថា កម្ពុជាតាមរយ:ឯកសារនេះ សន្យាយ៉ាង ឱឡារិកថានឹងថែរក្សា និងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន។ អព្យាក្រឹតភាព អចិន្រ្តៃយ៍ របស់កម្ពុជា នឹងត្រូវប្រកាស ហើយនឹងចារឹកទុកក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលនឹងត្រូវអនុម័តក្រោយពីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។
ចំណុច ក នៃ២តូច ចែងថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជាសន្យាថាចៀសវាងអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដីរបស់អ្នកដទៃ។ មាត្រា១២ ភាគទី២ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចែងថា ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសម្រេចពីអនាគតនយោបាយរបស់ខ្លួន តាមរយៈ ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដើម្បីរើសសភាធម្មនុញ្ញមួយដែលត្រូវព្រាង និងអនុម័តរដ្ឋធម្មនុញ្ញកម្ពុជាមួយថ្មី ស្របទៅតាមមាត្រា២៣ រួចត្រូវក្លាយខ្លួនទៅជាសភាបញ្ញត្តិ ដែលត្រូវបង្កើតរដ្ឋាភិបាលមួយថ្មី។ ការបោះឆ្នោតនេះធ្វើឡើងក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ ក្នុងបរិយាកាសនយោបាយអព្យាក្រឹត្យមួយ ដោយមានការគោរពដោយពេញលេញដល់អធិបតេយ្យភាពជាតិរបស់កម្ពុជា។ មាត្រា៨ នៃផ្នែកទី៤ ស្តីពីការដកកងកម្លាំងបរទេស និងការពិនិត្យបញ្ជាក់ ចែងថា ពេលកិច្ចព្រមព្រៀងនេះចូលជាធរមានភ្លាម រាល់កងកម្លាំង ទីប្រឹក្សា និងបុគ្គលិកយោធា បរទេសទាំងឡាយណាដែលមានវត្តមានក្នុងប្រទេសកម្ពុជា រួមទាំងសព្វាវុធគ្រាប់រំសេវ និងសម្ភារៈរបស់គេ ត្រូវដកចេញពីកម្ពុជា និងមិនត្រូវវិលត្រឡប់វិញទេ។ ការដកកងកម្លាំង និងការមិនត្រឡប់ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យបញ្ជាក់របស់អ៊ុនតាក់(UNTAC) ស្របតាមឧបសម្ពន្ធទី២។
ទោះជាយ៉ាងណារដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ការបោះឆ្នោតត្រូវធ្វើឡើងដោយសេរី ត្រឹមត្រូវនិងពហុបក្ស ប៉ុន្តែចំពោះកិច្ចព្រមព្រៀងប៉ារីស ច្បាប់ចម្លងដែលយើងបានអានចំនួនបីច្បាប់ ពុំបានចែងពីពុហបក្សទេ ដោយកំណត់ត្រឹមតែពាក្យថា បោះឆ្នោតត្រូវធ្វើឡើងដោយសេរី និងត្រឹមត្រូវប៉ុណ្ណោះ។
នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ សម្តេចហ៊ុន សែន ដែលជាតួអង្គដ៏សំខាន់បំផុត នៃគូសន្ទនាជាមួយព្រះករុណា សម្តេចព្រះនរោត្តមសីហនុ ជាស្ថាបនិកនៃកិច្ចចរចាស្វែងរកសុខសន្តិភាព មានប្រសាសន៍ថា កិច្ចចរចាសន្តិភាពមិនអាចកើតមានឡើងឡើយ បើគ្មានសម្តេចព្រះនរោត្តម សីហនុ និងរូបសម្តេច។ បើគ្មានជំនួបលើកដំបូងនៅ ហ្វែរ អង់ តាដឺន័រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ និងជំនួបនាពេលបន្តបន្ទាប់ទៀតទេនោះ នឹងគ្មានកិច្ចចរចាសន្តិភាពក្រុងប៉ារីសដែរ ហើយដោយសារអ្នកនយោបាយចេះតែចង់ទាញយកផលចំណេញ ឬកេងចំណេញផ្នែកនយោបាយពីសន្ធិសញ្ញាប៉ារីសនេះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ជាច្រើនរយនាក់នៅក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចក៏ពន្យល់លម្អិត អំពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឬសន្ធិសញ្ញាព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះថា ដោយសារតែសង្គ្រាមនៅតែបន្តធ្វើឱ្យប្រជាជនរងទុក្ខវេទនាជាបន្តបន្ទាប់ ក្នុងគោលបំណងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ សម្តេចស្វែងរកនូវដំណោះស្រាយនយោបាយមួយ។
កម្ពុជាឆ្លងកាត់ដំណាក់កាលសង្រ្គាមទាំងស្រុង ដំណាក់កាលច្បាំងផង ចរចាផង និងដំណាក់កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន គឺអ៊ុនតាក់មិនអាចសម្រេចបាន ហើយនៅពេលដែលអ៊ុនតាក់ដកចេញពីកម្ពុជា អ៊ុនតាក់បន្សល់ទុកឱ្យកម្ពុជានូវតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុងក្រោយដើម្បីសន្តិភាពទាំងស្រុងនៅកម្ពុជា គឺការដាក់ចេញ និងអនុវត្តន៍ នូវនយោបាយ ឈ្នះ ឈ្នះ ដែលអនុវត្តដោយជោគជ័យពី ឆ្នាំ១៩៩៦-១៩៩៨។ចំណុចសំខាន់៣ នៃនយោបាយ ឈ្នះ ឈ្នះ ៖ ១. ការធានាដល់អាយុជីវិត និងសុវត្ថិភាពរបស់អតីតគូបដិបក្ស ២. ការផ្តល់ការងារ និងអាជីពដល់អ្នកដែលបានដាក់អាវុធ ៣. ការទទួលស្គាល់កម្មសិទ្ធិលើទ្រព្យ ជាពិសេសដី និងអគារដែលពួកគេកាន់កាប់។
ក្នុងថ្ងៃដាក់ឱ្យដំណើរការមន្ទីរពេទ្យជប៉ុន សាន់រាយស៍ នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្តេចក៏បានបកស្រាយដែរថា កិច្ចព្រមព្រៀងក្រុងប៉ារីស ដែលសម្តេច និងសម្តេចព្រះនរោត្តមសីហនុ ខិតខំខ្នះខ្នែងស្វះស្វែងរហូតចេញជាលទ្ធផលបោះឆ្នោតអ៊ុនតាក់នោះ ស្លាប់ទៅជាសាកសពទៅហើយ ព្រោះធាតុសំខាន់ៗ នៃកិច្ចព្រមព្រៀងបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ អស់ហើយ ហើយភាគីខ្មែរក្រហមដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ក៏រលំរលាយ រីឯសហភាពសូវៀត ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ក៏ជួបការប្រេះស្រាំ និងនាំទៅដល់ការបំបែករដ្ឋជាច្រើនផងដែរ។ ដូច្នេះកុំស្រមើស្រមៃថាកោះប្រជុំសន្និសីទអន្តរជាតិប៉ារីសឡើងវិញ ព្រោះសន្និសីទអន្តរជាតិក្រុងប៉ារីសដូចម្តេចទៀត បើប្រទេសសូវៀតមួយក្លាយទៅជារដ្ឋមិនដឹងប៉ុន្មាន។ សូម្បីតែប្រទេសហត្ថលេខី ក៏ប្រែប្រួលអស់ទៅដែរ ហើយភាគីជម្លោះរបស់កម្ពុជាភាគីខ្មែរក្រហមនៅសល់អីទៀត? បើចង់ឱ្យរស់ឡើងវិញ ទាល់តែហៅភាគីនានាបង្កើត ភាគីខ្មែរក្រហម ឡើងវិញដើម្បីឱ្យមកចូលរួម។ កិច្ចព្រមព្រៀងក្រុងប៉ារីស មិនចែងការកាត់ទោសខ្មែរក្រហមទេ ដូច្នេះត្រូវចាត់ទុកថា កាត់ទោសខ្មែរក្រហម ជាការខុសកិច្ចព្រមព្រៀងក្រុងប៉ារីសដែរ។ គេនិយាយតែពីបញ្ហាពហុបក្ស ប៉ុន្តែបើរំលាយបក្សមួយ បក្សប្រាំទៀតចូលជំនួស បានសេចក្តីថា ពហុបក្សហើយ ព្រោះចាប់ពីបក្សពីរឡើងទៅ គឺមានន័យថា ពហុបក្ស នៅក្នុងសភា។
បន្ថែមពីលើនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឯកជនមួយ នៅព្រឹកថ្ងៃទី២២តុលា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស ២៣ តុលា ១៩៩១ អស់សុពលភាពហើយ ក្រោយពេលដែលសភាធម្មនុញ្ញដាក់បញ្ចូល ខ្លឹមសារកិច្ចព្រមព្រៀងចូលក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។ ថ្លែងបែបកំប្លែងឱ្យអ្នកធ្វើបាតុកម្មទាមទារឱ្យសម្តេចគោរព ឬអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា សម្តេច មានប្រសាសន៍ថា បើចង់ឱ្យអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវរំលាយតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម និងស្ថាប័នព្រះមហាក្សត្រ ព្រោះកិច្ចព្រមព្រៀងនេះ មិនតម្រូវឱ្យកាត់ទោសក្រុមមេដឹកនាំខ្មែរក្រហម និងមានស្ថាប័នព្រះមហាក្សត្រទេ។ បើគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវដោះលែង ខៀវ សំផន ហើយលុបតុលាការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាសាលាក្តីខ្មែរក្រហមគ្រវាត់ចោល។ រឿងឈានដល់រដ្ឋធម្មនុញ្ញដែលត្រូវអនុវត្ត ព្រោះមិនមានវត្តមានអ៊ុនតាក់ (UNTAC) ទៀតទេ ហើយប្រសិនបើត្រូវអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស កម្ពុជាក៏មិនត្រូវមានប្រមុខរដ្ឋ មានព្រះមហាក្សត្រដែរ ត្រូវមានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលព្រះមហាក្សត្រព្រះនរោត្តម សីហនុ ត្រឹមតែជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ឯអ្នកដែលមានសិទ្ធិសម្រេចចុងក្រោយ គឺប្រធានអ៊ុនតាក់។
អត្ថន័យ ឬខ្លឹមសារ នៅក្នុងឱកាសសំណេះសំណាលជាមួយមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរាប់ពាន់នាក់នៅខេត្តប៉ៃលិន ដែលជាសមរភូមិដ៏រឹងមាំចុងក្រោយរបស់ខ្មែរក្រហម កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន អធិប្បាយថា៖ ករណីទី១ ប្រសិនបើគ្មានការចរចារវាងសម្តេចព្រះនរោត្តម សីហនុ និងសម្ដេច បើកផ្លូវក្នុងដំណាក់កាលដំបូងទេ គឺពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសនោះដែរ។ ករណីទី២ បើគ្មានគោលនយោបាយ ឈ្នះ ឈ្នះ ដែលសម្តេចជាស្ថាបនិក និងដឹកនាំដោយមានការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក៏គ្មានសុខសន្តិភាពដែរ។ មុនពេលទៅដល់តំបន់ប៉ៃលិន និងថ្លែងសុន្ទរកថា សម្តេចក៏បានឆ្លងកាត់ស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន ម៉ាឡៃ និងតំបន់មួយចំនួនទៀតដែលជាអតីតតំបន់សង្រ្គាម មុនសមាហរណកម្មឆ្នាំ១៩៩៦។ សម្តេចមានប្រសាសន៍ដោយមោទនភាពថា ឥឡូវជីវភាពរបស់ប្រជាជន ប្រែក្លាយពីសង្រ្គាមមកកាន់សន្តិភាព ប្រែក្លាយពីការប្រយុទ្ធមកជាការអភិវឌ្ឍ ដែលជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនដែលសម្តេចបានឆ្លងកាត់ រីកចម្រើន និងអភិវឌ្ឍន៍ខ្លាំង។

អត្ថបទដែលជាប់ទាក់ទង