បណ្ឌិត ហ៊ុន ម៉ាណែត៖ បក្សប្រជាជន បង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា បេសកកម្មទាំងនោះរួមមាន៖ ទី១. ១៩៥១-៥៣ តស៊ូប្រឆាំងរបបអាណានិគម ដើម្បីឯករាជ្យជាតិ; ទី២. ១៩៥៤-៧០ ការពារឯករាជ្យ, សន្តិភាព និងអព្យាក្រឹតភាពកម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បរទេស; ទី៣. ១៩៧០-៧៥ តស៊ូរំដោះជាតិពីរបប លន់ នល់; ទី៤. ១៩៧៥-៧៩ តស៊ូផ្តួលរំលំរបប ប៉ុល ពត និង ទី៥. ១៩៧៩-បច្ចុប្បន្ន៖ ការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ស្តារកសាងប្រទេសពីបាតដៃទទេ, បង្រួបបង្រួមជាតិ ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ, ការពារបូរណភាពទឹកដី, បញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ និងថែរក្សាសន្តិភាពតាមរយៈការទប់ស្កាត់បដិវត្តន៍ពណ៌, អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន ៕