សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៥ «យុទ្ធសាស្រ្ត ឌីហ្វីដ (DIFID) និង គោលនយោបាយ ឈ្នះ ឈ្នះ»
សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។
ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ៣៥ « យុទ្ធសាស្រ្ត ឌីហ្វីដ (DIFID) និង គោលនយោបាយ ឈ្នះ ឈ្នះ »
ទោះបីរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ប៉ុល ពត រលត់រលាយទៅហើយតាំងពីខែមករា ឆ្នាំ១៩៧៩ ហើយកម្ពុជារៀបចំបោះឆ្នោតដោយអង្គការសហប្រជាជាតិ ជ្រើសរើសតំណាងរាស្រ្ត បង្កើតរាជរដ្ឋាភិបាលថ្មី និងបង្កើតរបបរាជានិយមថ្មីរួចហើយក្តី ប៉ុន្តែសង្រ្គាមស៊ីវិលនៅ កម្ពុជា មិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ នៅតំបន់មួយចំនួនភាគនិរតី ភាគពាយព្យ ជាពិសេសភាគខាងលិចប្រទេសកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមនៅឡើយ ដូច្នេះមហិច្ឆតាធំបំផុតរបស់សម្តេច ហ៊ុន សែន គឺត្រូវបញ្ចប់សង្រ្គាមទាំងស្រុង ត្រូវបង្រួមប្រទេសមួយមានតំបន់គ្រប់គ្រង៤ មកនៅត្រឹមប្រទេសមួយមានរដ្ឋបាលគ្រប់គ្រង១ ទើបស្ងប់ចិត្ត។ ដើម្បីឈានទៅសម្រេចគោលដៅដ៏អន្ទះសានេះ សម្តេចបានរៀបចំយុទ្ធសាស្រ្ត បង្កើតគោលនយោបាយថ្មីមួយបន្ថែមទៀត ក្រៅពីការចរចាស្វែងរកសន្តិភាព គឺយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ។ យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ត្រូវគេអះអាងថាបង្កើតឡើងដោយសេដ្ឋវិទូដើម្បីប្រមូលមកវិញនូវផលចំណេញពីអតិថិជនរបស់គេ។ មានន័យថា ទាំងអតិថិជន ទាំងអ្នកលក់ គ្មានអ្នកខាត គ្មានអ្នកចំណេញ។ អ្នកលក់ លក់របស់បានថ្លៃ ឯអ្នកទិញ ទោះទិញរបស់ថ្លៃ តែក៏ទិញបានរបស់គុណភាពល្អ មិន ក្លែងបន្លំ។ ប៉ុន្តែចំពោះនយោបាយមិនដូច្នេះទាំងស្រុងទេ យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ គឺត្រូវធ្វើឱ្យ សត្រូវក្លាយមកជាមិត្ត ឬកាត់បន្ថយចំនួនសត្រូវ ពង្រីកមិត្តភាព។ យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ គឺមិនធ្វើឱ្យភាគីណាមួយរងគ្រោះ ឬឈឺចាប់ឡើយ។ យុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចអនុវត្តពីអំឡុង ឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន (២០២០) និងអាចបន្តទៅមុខទៀត។
ណាប៉ូ លីអុង ឬបារាំង នៅពេលឈ្លានពានអូទ្រីស ក៏ពឹងលើកម្លាំងមិត្តភាពអ៊ីតាលីជួយដែរ គឺយុទ្ធសាស្រ្ត។ បើមានសត្រូវមួយ ក៏ត្រូវមានមិត្តមួយដែរ។ អាប្រាហាម លីនខូន ប្រធានាធិបតីទី១៦ សហរដ្ឋអាម៉េរិក ប្រើយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ដូចគ្នា នៅអំឡុងសង្រ្គាមស៊ីវិលបំបែករដ្ឋ សតវត្សរ៍ ទី១៩។ ក្រោយបង្រ្កាបការបះបោររួចហើយ អាប្រាហាម លីនខូន ប្រកាសថាលោកគ្មានសត្រូវទេ ព្រោះសត្រូវរបស់លោក លោកបានយកមកធ្វើជាមិត្តផ្តល់ការងារឱ្យគេធ្វើអស់ហើយ។
យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់ប្រទេសនៅតំបន់អឺរ៉ុប និងយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់កម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាស្ថាបនិក មានចំណុចខ្លះដូចគ្នា តែចំណុចខ្លះខុសគ្នាទាំងស្រុង។ យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់ អាប្រាហាម លីនខូន គឺប្រយុទ្ធ បង្រ្កាប ហើយទើបដោះលែង ឬផ្តល់ ឱកាសការងារឱ្យ ប៉ុន្តែយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន គឺត្រូវប្រើយុទ្ធវិធីវាយផង ចរចាផង និងអូសទាញគ្រប់រូបភាពផង។ សង្រ្គាមដ៏រុំារ៉ៃជិត៣០ឆ្នាំ នៅកម្ពុជា ពិតជាបញ្ចប់ជាស្ថាពរដោយសម្តេច ហ៊ុន សែន ដោយមិនអាចប្រកែកបាន។
មានកត្តាមួយទៀតដែលគេខ្វះខាតក្នុងការទទួលបាននូវព័ត៌មានស្តីពីយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ មិនដឹងថាអ្នកណាជាអ្នករៀបចំ អ្នកណាជាអ្នកអនុវត្តន៍យុទ្ធសាស្រ្តនេះ។ យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ នៅកម្ពុជាមានការលំបាកខ្លាំង ដោយសារការអូសទាញ និងការបញ្ចុះបញ្ចូលតាមតំបន់នីមួយៗ នៅដាច់ឆ្ងាយពីគ្នា ហើយមេដឹកនាំខ្មែរក្រហម ជាមេដឹកនាំក្បាលរឹងបំផុតពិបាកនឹងចរចា។ យុទ្ធ-សាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចដែលបង្កើតឡើងនៅឆ្នាំ១៩៩៤ ធ្វើឡើងជា៥ចំណុចធំៗ និងបីចំណុចតូចដ៏សំខាន់បន្ថែមទៀត។ យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន គឺ ឌីហ្វីដ (DIFID) មកពីភាសាអង់គ្លេសថា៖
១. Divide បកប្រែជាភាសាខ្មែរថា បំបែក។ នៅកំលុងនៃការអនុវត្តយុទ្ធសាស្រ្តឌីហ្វីដ ក្រុមឧទ្ទាមខ្មែរក្រហមបំបែកជាផ្នែកតូចៗ ធ្វើឱ្យលែងទុកចិត្តគ្នារហូតដល់មិនអាចផ្សារភ្ជាប់គ្នា វិញបាន។២. Isolate គឺធ្វើឱ្យនៅឯកោ។ ក្រុម ប៉ុល ពត, ខៀវ សំផន, នួន ជា និងក្រុមតាម៉ុក ត្រូវធ្វើឱ្យទៅជាឯកោរៀងៗខ្លួន។ ពួកគេរស់នៅដាច់ដោយឡែកពីគ្នា បែកបាក់គ្នា និងមិនអាចពឹងគ្នាបាន។ ៣. Finish គឺបញ្ចប់ (បញ្ចប់ឬកម្ទេចអង្គការចាត់តាំង)។ ក្រោយពីពួកគេឯកោ យុទ្ធសាស្រ្ត ឌីហ្វីដ ត្រូវចូលទៅបញ្ចប់ ឬរំលាយអង្គការចាត់តាំងរបស់ពួកគេចោល ដើម្បីកុំឱ្យមានការប្រមូលផ្តុំ ឬរួបរួមគ្នាឡើងវិញបាន។ ៤. Integrate គឺសមាហរណកម្ម។ គឺការបញ្ចូលពួកគេឱ្យមករួមរស់ និងបម្រើប្រទេសជាតិ ជាមួយនឹងរាជរដ្ឋាភិបាលវិញ ដោយគ្មានការរើសអើង។ ពួកគេ គឺជាខ្មែរតែមួយ។ ៥. Develop គឺអភិវឌ្ឍន៍ ។ ក្រោយពីធ្វើសមាហរណកម្ម តំបន់សមាហរណកម្មទាំងប៉ុន្មាន រួមទាំងទូទាំងប្រទេសផងត្រូវអភិវឌ្ឍន៍។ ប៉ុន្តែការអនុវត្តយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ឌីហ្វីដ ទាំង៥ចំណុចនេះ នៅមិនទាន់គ្រប់គ្រាន់ក្នុងការធ្វើឱ្យមេដឹកនាំខ្មែរក្រហមដាក់អាវុធចុះ ហើយសម្រេចចិត្តចូលមករួមរស់ជាមួយរាជរដ្ឋាភិបាលទេ ព្រោះរាជរដ្ឋាភិបាល ជារដ្ឋាភិបាលដែលពួកខ្មែរក្រហមចោទប្រកាន់យូរណាស់មកហើយថា ជារដ្ឋាភិបាលអាយ៉ងរបស់វៀតណាម ក្រោមអាណានិគមរបស់វៀតណាម ជាពិសេស រដ្ឋាភិបាលដែលធ្វើឱ្យរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកគេ ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ម្យ៉ាងដោយពួកគេនៅតែយល់ថា សម្តេច ហ៊ុន សែន មិនមែនជាអ្នកយុទ្ធសាស្រ្ត ឬជាអ្នកនយោបាយដែលល្បីល្បាញពីអតីតកាលដែលគួរជួបចរចា ឬចុះចូល ឬធ្វើសមាហរណកម្មជាមួយទេ។
គេកាន់តែមិនអើពើចំពោះការអំពាវនាវរបស់រាជរដ្ឋាភិបាលថែមទៀត គឺមិនអាចទុកចិត្តចំពោះរដ្ឋាភិបាល ចំពោះប្រជាជនកម្ពុជាទូទាំងប្រទេសដែលអាចនឹងសងសឹកពួកគេ ប្រសិនបើពួកគេដាក់អាវុធចុះ។ ដូចនៅអំឡុងទសវត្សរ៍១៩៨០ គេនៅចាំពាក្យស្លោកមួយ ដែលបង្កើតឡើងដោយតាម៉ុកថា “ក្នុងព្រៃមានម៉ុក ក្នុងស្រុកមានសែន”។ តាម៉ុក ចង់បញ្ជាក់ថា ចំពោះចលនាទ័ពព្រៃនៅតំបន់ជាយដែនភាគខាងលិច គឺមានតែគាត់ប៉ុណ្ណោះដែលខ្លាំង ហើយនៅក្នុងប្រទេសវិញ គឺក៏មានតែសម្តេច ហ៊ុន សែន ម្នាក់គត់ដែរ ដែលខ្លាំងទាំងយុទ្ធសាស្រ្ត និងចិត្តសាស្រ្តសង្រ្គាម។ ដូច្នេះការទាក់ទងដើម្បីបំបែកពួកខ្មែរក្រហមឱ្យចេញពីគ្នា ប្រៀបបាននឹងការទាញស្ករ ឬជ័រ ដែលកំពុងស្អិតជាប់គ្នាឱ្យដាច់ចេញពីគ្នា។ ដូច្នេះដើម្បីដើរទៅដល់គោលដៅ គឺត្រូវបន្ថែមនូវគោលការណ៍ដ៏មានសារៈសំខាន់ចំនួន៣ ឬបន្ថែមនូវលក្ខខណ្ឌ ឬខសន្យាចំនួនបីបន្ថែមទៀត គឺ៖
ទី១. ការធានាអាយុជីវិត និងរូបកាយ។ ចំណុចនេះ ជាចំណុចដ៏មានសារៈសំខាន់បំផុត ចំពោះអ្នកដែលផ្ដាច់ខ្លួនចេញពីខ្មែរក្រហម គឺពួកគេមិនត្រូវចាប់ចង ឬក៏ការសងសឹក ធ្វើទុក្ខបុកម្នេញរហូតដល់ការសម្លាប់។ ដាច់ខាតរឿងនេះមិនឱ្យកើតមានទេ ព្រោះរឿងនេះជារឿងដែលត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុត។ រាជរដ្ឋាភិបាលត្រូវធានាថា អាយុជីវិតរបស់គេ និងរូបកាយរបស់គេមិនទទួលការប៉ះពាល់។ គ្មានអ្នកណាចូលជាមួយយើង យល់ព្រមមកនៅជាមួយយើងទេ នៅពេលដែលគេចាកចេញពីជួរម្ខាងទៀត ហើយត្រូវសម្លាប់ ឬចាប់ដាក់ពន្ធនាគារនោះ។ ចំណុចនេះជាបទពិសោធធំណាស់ដែលអ្នកជំនាន់ក្រោយត្រូវបន្តចងចាំ។
ទី២. គឺធានាអាជីព និងមុខរបរ។ ចំណុចនេះ ក៏ជាចំណុចដ៏មានសារៈសំខាន់ខ្លាំងណាស់ ដែរ។ ប៉ុន្តែការធានាអាជីព និងមុខរបរ ប្រសិនបើគ្រាន់តែនិយាយថា “ធានាអាជីព និងមុខរបរ” ហើយមិនបញ្ជាក់អំពីអត្ថន័យរបស់វាក៏ពិបាកដែរ។ សម្តេច ហ៊ុន សែន លើកឡើងថា បទពិសោធចំពោះកម្ពុជា ពិតជាមិនអាចយកទៅអនុវត្តប្រទេសផ្សេងបានទេ ព្រោះចរិតលក្ខណៈ ផ្នត់គំនិត ខួរក្បាល ឬឥរិយាបថ ឬហៅថា ហ្ស៊ែន មានភាពខុសគ្នា។ ក៏ប៉ុន្តែ ក៏មានផ្នែកខ្លះអាចយកធ្វើជាការឈ្វេងយល់ចំពោះប្រទេសខ្លះបាន។ សម្ដេច ហ៊ានទុកឱ្យអង្គភាពមួយៗ គ្រប់គ្រងដោយ ខ្លួនឯង។ អង្គភាពកងទ័ព បើចុះចូលមួយកងពល កងពលនោះត្រូវគ្រប់គ្រងដោយមេ ហើយ ទាំងមេទាំងកូន និងកាំភ្លើងរក្សាទុកដដែល។ គ្រាន់តែមានការផ្លាស់ប្តូរឯកសណ្ឋាន ពីឯកសណ្ឋានរបស់ខ្មែរក្រហម មកជាឯកសណ្ឋានរបស់រាជរដ្ឋាភិបាល ឬខេមរភូមិន្ទ និងពីការអនុវត្តកាតព្វកិច្ចរបស់ខ្មែរក្រហម វាយរាជរដ្ឋាភិបាល ទៅជាការអនុវត្តនូវកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីការពារទឹកដី។ ចំណុចនេះ នៅប្រទេសដទៃអាចនឹងមិនហ៊ានប្រថុយទេ ក៏ប៉ុន្តែនៅកម្ពុជា មានពិសោធន៍ធ្វើជោគជ័យរួចស្រេចមកហើយ។ គឺហ៊ានទុកទាំងអស់ ដោយគ្មានការរុះរើ គ្មានការដកហូតអាវុធ រាប់ទាំងរថក្រោះ កាំភ្លើងតូច ធំ ហើយអ្នកធ្វើចៅហ្វាយស្រុក ចៅហ្វាយខេត្ត ក៏នៅបន្តធ្វើចៅហ្វាយស្រុក ខេត្តតទៅទៀត។ ប៉ុន្តែអ្នកទាំងនេះ ត្រូវអនុវត្តនូវច្បាប់របស់រាជរដ្ឋាភិបាល។ អ្នកធ្លាប់ធ្វើគ្រូបង្រៀន ត្រូវបន្តធ្វើគ្រូបង្រៀន គ្រាន់តែដកយកកម្មវិធីសិក្សារបស់ខ្មែរក្រហមចេញ និងដាក់ជំនួសដោយកម្មវិធីសិក្សារបស់រាជរដ្ឋាភិបាលចូល។ គ្រូពេទ្យ ក៏ដូចគ្នា អ្នកណាធ្វើអ្វី គឺធ្វើនោះដដែល។ ចំណុចទាំងនេះហើយ ដែលផ្តល់នូវជំនឿទុកចិត្តចំពោះអ្នកទាំងនោះ។ ប្រសិនបើ ដកអាវុធ មិនអនុញ្ញាតឱ្យប្រើប្រាស់អាវុធ គឺច្បាស់ណាស់ថា អ្នកទាំងនោះនឹងបាត់បង់ជំនឿទុកចិត្ត ពេលនោះហើយដែលនយោបាយ ឈ្នះ ឈ្នះ មិនអាចមានអាយុរហូតទៅដល់២០ឆ្នាំ ឡើយ។ទី៣. ការធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។ ចំណុចនេះ គឺមានន័យថា ប្រសិនបើអ្នកណាមានរបស់របរអ្វី គឺរក្សារបស់របរនោះ។ មានដីធ្លីប៉ុន្មាន គឺរក្សាប៉ុណ្ណោះ។ មានម៉ូតូ មានរថយន្ត មានផ្ទះ គឺរក្សាជាកម្មសិទ្ធិរបស់ខ្លួន។ ការដាក់ចេញនូវយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេច ទំនងជាអាចធ្វើឡើង និងប្រគល់តួនាទីឱ្យក្រោយពីបក្ស និងសាធារណរដ្ឋប្រជាមានិតកម្ពុជា មើលឃើញថា សម្តេចមានទេពកោសល្យប៉ិនប្រសប់ និងមានសិល្បៈ មានសមត្ថភាពក្នុងការទាក់ទង ទាំងនយោបាយ និងការទូតជាមួយភាគីខ្មែរខាងក្រៅ និងជាពិសេស វាយតម្លៃថាមានតែសម្តេចប៉ុណ្ណោះដែលមានសមត្ថភាពខ្ពស់ អាចធ្វើកិច្ចការនេះប្រកបដោយជោគជ័យ។ គេបានប្រគល់ភារកិច្ចនេះជូនសម្តេច ហ៊ុន សែន នៅឆ្នាំ១៩៨៤ ខណៈសម្តេចនៅជារដ្ឋមន្រ្តីការបរទេសនៅឡើយ ។
យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ៥ចំណុច និងគោលការណ៍៣ចំណុចនេះ ត្រូវគេជឿថាធ្វើឡើងនៅ ឆ្នាំ១៩៩៤ ប៉ុន្តែតាមការសង្កេត និងតាមសាវតារនៃការចរចាស្វែងរកសន្តិភាពនៅកម្ពុជា របស់ សម្តេច យើងអាចមើលឃើញថា កើតមានឡើងតាំងពីឆ្នាំ១៩៨៤មក។ នៅដំណាក់កាលនោះ សម្តេច និងសម្តេចព្រះនរោត្តម សីហនុ មានផែនការ ឬគ្រោងជួបចរចាគ្នាជាសម្ងាត់មួយនៅប្រទេសបារាំង ដោយមិនឱ្យក្រុម ប៉ុល ពត ដឹង ប៉ុន្តែបានផ្អាកទៅវិញ ដោយសារលេចធ្លាយព័ត៌មានទៅខាងក្រៅ ហើយមានការរារាំងពីប្រទេសចិន និងខ្មែរក្រហមផង។ ការជួបចរចាជាសម្ងាត់រវាងសម្តេចជាមួយសម្តេចព្រះនរោត្តម សីហនុ ស្មើនឹងការអូសទាញជាសម្ងាត់ ឬបំបែក សម្តេចព្រះនរោត្តម សីហនុ ជាសម្ងាត់ពីពួក ប៉ុល ពត ខ្មែរក្រហម។ ព្រោះទាំងគណបក្សប្រជាជនកម្ពុជា ឬសាធារណរដ្ឋប្រជាមានិតកម្ពុជា ពិសេសសម្តេច ហ៊ុន សែន ដែលកាលនោះនៅជា សមមិត្តរដ្ឋមន្រ្តីក្រសួងការបរទេស ដឹងយ៉ាងច្បាស់ថា ប្រសិនគេអូសទាញ ឬបំបែកសម្តេច ព្រះនរោត្តម សីហនុ ចេញពីខ្មែរក្រហមបាន គឺមានន័យថា ឫសរយាង ឬឫសកែវរបស់ខ្មែរក្រហមត្រូវកាត់ផ្តាច់ ហើយមិនយូរមិនឆាប់ខ្មែរក្រហមនឹងស្លាប់ និងដួលរលំ។ ចំណែកខ្មែរក្រហម ក៏ព្រួយបារម្ភណាស់ដែរថា ប្រសិនបើសម្តេចព្រះនរោត្តម សីហនុ បោះបង់ ឬឈប់ចូលរួមជាមួយចលនាពួកគេ នោះបរាជ័យរបស់ពួកគេនឹងចូលមកដល់។ ដូចនៅចុងឆ្នាំ១៩៧៩ដែរ ក្រោយពេលដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ ពេលដែលលោក អៀង សារី ធ្វើដំណើរ ទៅកាន់ប្រទេសចិន តេង ស៊ាវពីង បានណែនាំ អៀង សារីថា ឱ្យយកចិត្តទុកដាក់ កុំឱ្យសម្តេចព្រះនរោត្តម សីហនុ ថ្នាំងថ្នាក់ព្រះទ័យ ព្រោះបើព្រះអង្គថ្នាំងថ្នាក់ ឬអាក់អន់ ព្រះទ័យ ព្រះអង្គលែងចូលរួមជាមួយចលនាខ្មែរក្រហម នោះអវសាននៃជីវិតរបស់ចលនានេះ នឹងដល់ទីបញ្ចប់ ព្រោះសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គនៅមានឥទ្ធិពលជាមួយនឹងពិភពលោកនៅឡើយ។ តេង ស៊ាវពីង បានណែនាំ អៀង សារី ទៀតថា ធ្វើយ៉ាងណាត្រូវអត់ធ្មត់ក្នុងកម្រិតខ្ពស់ ទោះបីព្រះអង្គធ្វើសន្និសីទ ព្រលយពាក្យវាយប្រហារខ្មែរក្រហមក្តី។ ធ្វើយ៉ាងណាកុំតបតជាមួយព្រះអង្គ ដើម្បីអាចអូសទាញសន្តានព្រះទ័យព្រះអង្គ ឱ្យធ្វើជាតំណាងកម្ពុជា នៅអង្គការសហប្រជាជាតិ ។
ការរារាំងរបស់បរទេសក្នុងជំនួបលើកទី១ អំឡុងឆ្នាំ១៩៨៤ ធ្វើឱ្យសម្តេចហ៊ុន សែន រិះរកមធ្យោបាយ និងរង់ចាំរយៈពេល៣ឆ្នាំក្រោយមកទៀត ទើបមានការជួបចរចាបឋមលើកទី១ នៅក្រុងហ្វែរ អង់ តាដឺន័រ ប្រទេសបារាំង ថ្ងៃ២ធ្នូ ឆ្នាំ១៩៨៧។ ក្នុងជំនួបលើកទី១ តាមរយៈការសន្ទនារវាងមេដឹកនាំទាំងទ្វេ អាចសន្និដ្ឋានថា សម្តេចហ៊ុន សែន ព្យាយាមបំបែកសម្តេចព្រះនរោត្តម សីហនុ ចេញពួកខ្មែរក្រហម ដោយសន្យាថានឹងថ្វាយតំណែងជាព្រះប្រមុខរដ្ឋទៅសម្តេចសីហនុ ដើម្បីឱ្យកម្លាំងខ្មែរក្រហមចុះខ្សោយ ងាយស្រួលនឹងបញ្ចប់សង្រ្គាមលើសមរភូមិ ។ ប៉ុន្តែព្រះករុណាដែលហាក់មិនទាន់ទុកព្រះទ័យ លើសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឡើយ ដោយម្តងព្រះអង្គយល់ព្រម ម្តងព្រះអង្គមិនយល់ព្រម ឬទាមទារនេះទាមទារនោះ។ លើកទី២ នៃការចរចានៅដើមឆ្នាំ១៩៨៨ ព្រះអង្គស្នើសុំត្រឹមតែ ធ្វើជាប្រជារាស្រ្តសាមញ្ញរស់នៅក្នុងប្រទេស និងរស់នៅជាមួយប្រជាជនកម្ពុជា ជាទីស្រលាញ់របស់ព្រះអង្គ ក៏សមល្មមហើយ ព្រោះព្រះអង្គនឹកប្រជាជន នឹកប្រទេសកម្ពុជា។ ការនឹកប្រទេសជាតិ និងប្រជាជនរបស់ព្រះអង្គ ធ្វើឱ្យរាល់ពេលព្រះអង្គផ្ទុំ ព្រះអង្គតែងតែសោយឱសថ (ថ្នាំងងុយគេង) ទើបព្រះអង្គផ្ទុំលក់ ។ តែក្រោយមក ដោយមានការគាបសង្កត់ពីពួក ប៉ុល ពត ផង ព្រះអង្គទាមទារលក្ខខណ្ឌផ្សេងៗជាច្រើនទៀត ដូចជាការតម្រូវឱ្យដកកងទ័ពវៀតណាមទាំងស្រុងពីកម្ពុជាជាដើម។ ការទាមទារឱ្យដកកងទ័ពវៀតណាមរបស់ព្រះអង្គ ធ្វើឡើងតាមការពិភាក្សាជាមួយខ្មែរក្រហម ហើយដើម្បីជាលេសមួយងាយស្រួលរួមដៃគ្នាជាមួយខ្មែរក្រហម និងលោក សឺន សាន វាយផ្ដួលរំលំរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ក្រោយកងទ័ពវៀតណាមដកចេញ។ ការទាមទារនេះ ក៏ធ្វើឱ្យសាធារណរដ្ឋប្រជាមានិតកម្ពុជា ពិសេសសម្តេច ហ៊ុន សែន ដឹងខ្លួនជាមុនដែរ ថាជាយុទ្ធសាស្រ្តកម្ទេចសាធារណរដ្ឋប្រជាមានិតកម្ពុជា ដូច្នេះ មុនពេលដកកងទ័ពវៀតណាម គឺត្រូវរៀបចំកងទ័ពឱ្យរួចរាល់ដើម្បីទប់ទល់ជាមួយក្រុមត្រីភាគី។សម្តេច ហ៊ុន សែន ក៏ទូលទៅព្រះករុណាវិញថា ការដកកងទ័ពវៀតណាមមិនជាបញ្ហាធំដុំនោះទេ ព្រោះទោះបីមិនចរចាសន្តិភាព ក៏កងទ័ពវៀតណាមត្រូវតែដកនៅចុងឆ្នាំ១៩៨៩ ឬដើមឆ្នាំ១៩៩០ ម្យ៉ាងកងទ័ពវៀតណាមដកចេញពីកម្ពុជាច្រើនលើកមកហើយដែរ ។ ដូចការ រំពឹងទុក ក្រោយពេលកងទ័ពវៀតណាមដកអស់ពីកម្ពុជា កងទ័ពចលនាត្រីភាគីវាយប្រហារយ៉ាងសន្ធាប់លើកកងទ័ពរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាភ្លាមដែរ តែមិនអាចទៅរួចនោះទេ ព្រោះមេបញ្ជាការសាធារណរដ្ឋប្រជាមានិតកម្ពុជា សុទ្ធតែមានយុទ្ធវិធីសឹកសង្រ្គាមច្បាស់លាស់ និងបញ្ជាទ័ពពូកែៗ។
ការព្យាយាមបំបែកសម្ដេច សីហនុ ចេញពីពួកឧទ្ទាមខ្មែរក្រហមមិនអាចធ្វើទៅបាន រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣តុលា ១៩៩១ ក៏ព្រះអង្គសណ្តោងយកចលនានេះមកជាមួយដែរ។ សម្តេច ហ៊ុន សែន ធ្លាប់បញ្ជាក់ថា សម្តេចព្រមទទួលយកក្រុមចលនាខ្មែរក្រហមឱ្យចូលតុចរចា មានដូចជាប្រជាជន ឬមន្រ្តីកងទ័ពថ្នាក់ក្រោម ប៉ុន្តែចំពោះមេខ្មែរក្រហមដែលឃោរឃៅជាសត្រូវប្រជាជន សម្តេចមិនអាចទទួលយកបានឡើយ ។
ការបំបែកសម្ដេច សីហនុ ពីខ្មែរក្រហម តាមការសង្កេតមិនអាចធ្វើបានឡើយ ព្រោះក្នុង សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ក្រុមខ្មែរក្រហមបានចូលរួមជាហត្ថលេខីដែរ។ ដូច្នេះការបំបែកតាមយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ត្រូវប្រើរយៈពេលវែងបន្ថែមទៀត ប៉ុន្តែក្រោយមកហាក់ជាអំណោយផលល្អចំពោះគណបក្សប្រជាជនកម្ពុជា និងសម្តេច ហ៊ុន សែន ព្រោះខ្មែរក្រហមបានបោះបង់សិទ្ធិចូលរួមក្នុងការបោះឆ្នោត ដែលរៀបចំដោយអ៊ុនតាក់ ថ្ងៃ២៣ឧសភា ឆ្នាំ១៩៩៣។
ក្នុងបទសម្ភាសជាមួយលោក នេត ថៃយ័រ អ្នកកាសែតមកពីបស្ចិមប្រទេស មុនពេលស្លាប់ ប៉ុល ពត និយាយថា លោកនិងចលនារបស់លោកមិនចូលរួបោះឆ្នោតទេ ព្រោះលោកមិនជឿថា កងទ័ពវៀតណាមដកចេញពីកម្ពុជា ហើយបើលោកចូលរួម វៀតណាមនឹងសម្លាប់ពួកលោក។ ការមិនចូលរួមបោះឆ្នោតរបស់ក្រុមឧទ្ទាមនាពេលនោះ កាន់តែធ្វើឱ្យយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ មានប្រៀបកាន់តែខ្លាំង ហាក់បានផ្តល់រង្វាន់ដ៏មហស្ចារ្យដល់ស្ថាបនិក ប្រតិបត្តិករ ឬយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ យ៉ាងធំធេង។
នៅខែកក្កដា ឆ្នាំ១៩៩៤ ដោយមានការផ្តួចផ្តើមពីសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលចម្រុះសម្រេចបង្កើតច្បាប់មួយ គឺដាក់ឱ្យក្រុមកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមនៅក្រៅច្បាប់តែម្តង។ ការដាក់ឱ្យក្រុមខ្មែរក្រហម ឱ្យក្លាយទៅជាឧទ្ទាមក្រៅច្បាប់ ជាមហាឱកាសក្នុងការរុញឱ្យការអនុវត្តយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ កាន់តែទទួលនូវអំណោយផល ដ៏ល្អ។ ទោះបីក្រុមខ្មែរក្រហមនៅមានការគាំទ្រដោយប្រយោល ឬលួចលាក់ពីសំណាក់ចលនា ហ៊្វុនស៊ិនប៉ិច តែខ្មែរក្រហមនាពេលនោះកាន់តែឯកោ ព្រោះបាត់បង់ការគាំទ្រពីមហាជនក្នុងស្រុក និង សហគមន៍អន្តរជាតិ។
យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ជំហានដំបូងគ្រាន់តែបំបែកឱ្យខ្មែរក្រហមចេញឆ្ងាយពីសម្ពន្ធមិត្ត និងធ្វើឱ្យសហគមន៍អន្តរជាតិកាន់តែមើលឃើញថា ខ្មែរក្រហមឃោរឃៅ តែក្រោយមកយុទ្ធសាស្រ្ត ចាប់ផ្តើមចូលជ្រៅទៅបំបែក និងដាក់ឱ្យនៅឯកោ រវាងខ្មែរក្រហមនិងខ្មែរក្រហមទៀត។
យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ត្រូវធ្វើឡើងយ៉ាងសម្ងាត់បំផុត ហើយតួអង្គឬប្រតិបត្តិករសំខាន់ៗ នៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះនេះ មាន៖ ១. លោកឧត្តមសេនីយ៍ ទៀ បាញ់ សហរដ្ឋមន្រ្តីក្រសួងការពារជាតិ ២. លោកឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ពជើងគោក ៣.លោកឧត្តមសេនីយ៍ ម៉ុល រឿប ៤. លោកឧត្តមសេនីយ៍ សៅ សុខា ៥. លោកឧត្តមសេនីយ៍ កែ គឹមយ៉ាន ។ ប្រតិបត្តិករទាំងនេះ ក្រោយពីទទួលបញ្ជាពីសម្តេច ហ៊ុន សែន ហើយ គឺត្រូវអនុវត្តដោយសម្ងាត់ និងសន្សឹមៗ ស្វែងរកកម្លាំងបង្កប់ដើម្បីជ្រៀតចូលទៅក្នុងតំបន់ខ្មែរក្រហម និងកម្លាំងខ្មែរ ក្រហម។ ការសម្លឹងរកមើលមនុស្សទុកចិត្ត ដែលអាចធ្វើកិច្ចការដ៏សម្ងាត់នេះបាន ទំនងជាត្រូវ ធ្វើរយៈពេលយូរ ហើយក្រោយមកលោកឧត្តមសេនីយ៍ ប៉ុល សារឿន ទាក់ទងបានលោកឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន ។ ឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន ជាអតីតទាហាន លន់ នល់ ហើយរត់ទៅកាន់ជាយដែនអំឡុងឆ្នាំ១៩៧៥ បន្ទាប់មកចូលជាមួយចលនា ហ៊្វុនស៊ិនប៉ិច និងបន្ទាប់មកទៀត ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ជំហានដំបូងដែលលោកស៊ូ គឹមស៊ុន ធ្វើការ គឺត្រូវរកជួបជាសម្ងាត់ជាមួយខ្មែរក្រហម នៅតំបន់ភ្នំវល្លិ៍ ឬឱរ៉ាល់ ដើម្បីផ្សព្វផ្សាយខ្សែអាត់សំឡេងដែលរាជរដ្ឋាភិបាលបានផ្សព្វផ្សាយនៅភ្នំពេញ។ ក្នុងខ្សែអាត់ ឬកាសែតជាសំឡេងនោះ មានទាំងសំឡេងសម្តេច ជា ស៊ីម ប្រធានរដ្ឋសភា សម្តេចក្រុមព្រះនាយករដ្ឋមន្រ្តីទី១ និងសំឡេងសម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីទី២។ នៅក្នុងខ្សែអាត់សំឡេងទាំងបីអង្គនាក់ បានបញ្ជាក់ពីការធានាអះអាងការពារអាយុជីវិត ទ្រព្យសម្បត្តិ និងមុខតំណែងដែលពួកគេមានឱ្យនៅដដែល។ ខ្សែអាត់ដែលលោក ស៊ូ គឹមស៊ុន យកទៅផ្សព្វផ្សាយ គឺចែកចាយតាមកម្លាំងបង្កប់ មានទាំងជនជាតិថៃជាកុងសែត្បូង មានទាំងអ្នករកស៊ីឈើជាមួយខ្មែរក្រហមផង។ ខ្សែអាត់ទាំងនោះក្រោយមកមានមួយកាសែតធ្លាក់ទៅដល់ដៃលោក កែវ ពង្ស អតីតមេទ័ពខ្មែរក្រហម នៅតំបន់ឱរ៉ាល់ ។ តាម រយៈខ្សែអាត់ និងជនជាតិថៃដែលរកស៊ីឈើ លោក កែវ ពង្ស បានជួបលោក ស៊ូ គឹមស៊ុន ហើយក្រោយមកលោក ស៊ូ គឹមស៊ុន បាននាំលោក កែវ ពង្ស មកជួបលោកឧត្តមសេនីយ៍ ប៉ុល សារឿន ដើម្បីពិភាក្សា បន្ទាប់ពីការជជែកអាចយល់ និងជឿជាក់ចិត្តគ្នាបាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩៦ តាមរយៈឧត្តមសេនីយ៍ ប៉ុល សារឿន សម្តេច ហ៊ុន សែនបានអនុញ្ញាតឱ្យលោក កែវ ពង្ស ចូលជួបនៅភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ។
មានគេនិយាយថា មុនពេលឡើងជិះឧទ្ធម្ភាគចក្រមកភ្នំពេញ លោក កែវ ពង្ស ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយផ្តាំផ្ញើភរិយានិងកូនថា ប្រសិនបើគាត់មិនអាចត្រឡប់មកវិញទេ ត្រូវចាកចេញពីភូមិទៅរស់នៅលាក់ខ្លួននៅជាយដែនភាគខាងលិច។
ការព្រួយបារម្ភកើតឡើងដោយសារលោក កែវ ពង្ស ជាមេបញ្ជាការកងទ័ពលេខ១៨ ជាកម្លាំងទ័ពពិសេសរបស់ខ្មែរក្រហម ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត ផ្ទាល់ និងឈរជើងនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណែកសម្តេច ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលប្រឆាំងចលនាខ្មែរក្រហមក្រៅច្បាប់។ ប៉ុន្តែក្រោយការមកដល់ លទ្ធផលនៃជំនួបមិនដូចអ្វីដែលជាការគិតរបស់លោក កែវ ពង្ស ឡើយ។ ក្នុងជំនួបដ៏កម្រ និងរសើបផង រីករាយផង លោក កែវ ពង្ស រាយការណ៍ជូនសម្តេចពីបញ្ហាដែលទាក់ទងនឹងការបែកបាក់របស់ក្រុមមេដឹកនាំខ្មែរក្រហម និងទឹកចិត្តខ្មែរក្រហមថ្នាក់ក្រោម ។ លោក កែវ ពង្ស គ្រោងលើកសំណើចំនួន២ ទៅសម្តេច ហ៊ុន សែន។ ទី១ គឺសុំឱ្យអ្នកដែលមកតាមលោកទាំងអស់មានសេរីភាពដូចប្រជាពលរដ្ឋធម្មតា និងទី២ លោកសុំទៅស្រុកកំណើត ២ ឬ៣ថ្ងៃ ដើម្បីធ្វើបុណ្យជូនឪពុកម្តាយសាច់ញាតិនៅខេត្តតាកែវ និងបន្ទាប់មកចង់យកលោកទៅដាក់ទោស ឬយ៉ាងណាអាស្រ័យលើសម្ដេច ព្រោះលោកសម្រេចចិត្តលះបង់ការពារអាយុជីវិតទាហាន និងប្រជាជនដែលផ្តាច់ខ្លួនពីខ្មែរក្រហម ប៉ុល ពត រួចទៅហើយ។ ប៉ុន្តែពេលជួបជាមួយសម្តេចហ៊ុន សែន ក្តីបារម្ភ ឬការស្ទាក់ស្ទើរចិត្តទាំងប៉ុន្មានរបស់លោក កែវ ពង្ស រលាយបាត់អស់ ដោយសារសម្តេចមានប្រសាសន៍លើកទឹកចិត្ត ថាត្រូវតែមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល និងមានស្មារតីកាន់តែរឹងមាំថែមទៀត។
សម្តេច ហ៊ុន សែន ពេលនោះបញ្ជាក់ទៅលោក កែវ ពង្ស ថាអ្វីដែលសម្តេចកំពុងធ្វើគឺដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ពិតប្រាកដ។ ដើម្បីលើកទឹកចិត្ត និងបន្ធូរបន្ថយភាពតានតឹងក្នុងចិត្តលោក កែវ ពង្ស សម្តេចប្រាប់ទៅលោកទៀតថា ពួកយើងចេញតស៊ូដូចគ្នានៅឆ្នាំ១៩៧០ តាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ។ យើងដើរផ្លូវជាមួយគ្នា ប៉ុន្តែក្រោយមកអ្នកនយោបាយបំបែកយើងចេញពីគ្នា ហើយឥឡូវយើងជួបគ្នាវិញហើយ ហើយយើងមិនមែនជាអ្នកបង្កើតបញ្ហានៅកម្ពុជាទេ គឺអ្នកជំនាន់មុន ឯយើងជាអ្នករងគ្រោះ។ សម្តេចក៏បញ្ជាក់ប្រាប់ឧត្តមសេនីយ៍ កែវ ពង្ស ពីគោលការណ៍៣ចំណុចសំខាន់ៗ នៃនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលដែលរក្សាទុកនូវតួនាទី មុខតំណែង ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់កងកម្លាំងខ្មែរក្រហមដែលចូលមករួមរស់ក្នុងសង្គមជាតិវិញ។
ក្រោយពីជួប និងបង្ហាញពីទឹកចិត្តគ្នារៀងៗខ្លួនរួចមក លោក កែវ ពង្ស កោតសរសើរ និងស្ញប់ស្ញែងចំពោះភាពឈ្លាសវៃ និងវីរភាពរបស់សម្តេចក្នុងភាពជាអ្នកដឹកនាំដ៏មានទេពកោសល្យ និងប៉ិនប្រសប់ប្រកបដោយពុទ្ធិ។ បន្ទាប់ពីជំនួបដ៏សម្ងាត់ចប់ នៅ៥ថ្ងៃក្រោយ គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៦ ការធ្វើសមាហរណកម្មកងពលលេខ១៨ របស់លោក កែវ ពង្ស បានប្រកាសជាផ្លូវការនៅតំបន់ឱរ៉ាល់។ ការអនុវត្តនយោបាយ ឈ្នះ ឈ្នះ នៅតំបន់ឱរ៉ាល់ គឺជាចំណុចចាប់ផ្តើម និងសាកល្បងដំបូងគេលើការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន។សម្តេចមានប្រសាសន៍ទៅកាន់អ្នកដែលមកចូលរួមក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និង ប្រជាពលរដ្ឋទូទាំងប្រទេស នៅថ្ងៃ២៩ធ្នូ ២០១៨ ថា ឈ្នាន់ ឬឈ្នួនសន្តិភាព បានចាប់ផ្តើមផ្ទុះពីតំបន់ឱរ៉ាល់ ដែលតំបន់នោះជាសមរភូមិដ៏ក្តៅគគុករវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងក្រុមឧទ្ទាមខ្មែរក្រហម ហើយឱរ៉ាល់ ក៏ជាទីតាំងឈរជើងតស៊ូរឹងមាំមួយរបស់ក្រុមខ្មែរក្រហមដែរ។ ចំណែកភ្នំវល្លិ៍ គ្រាន់តែជាទីតាំងដែលត្រូវសិក្សាពីលទ្ធភាព នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ប៉ុណ្ណោះ។
ក្រោយធ្វើសមាហរណកម្ម លោក កែវ ពង្ស ត្រូវរាជរដ្ឋាភិបាល ផ្តល់តួនាទី និងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍នៅជួរកងយោធពលខេមរភូមិន្ទ។ ក្រោយការផ្តាច់ខ្លួនកងពលលេខ១៨ របស់លោក កែវ ពង្ស ធ្វើឱ្យរង្គោះរង្គើយ៉ាងខ្លាំងចំពោះមេដឹកនាំខ្មែរក្រហមធំៗ នៅតំបន់ផ្សេងៗទៀត ដូចជា សំឡូត ម៉ាឡៃ ប៉ៃលិន និងអន្លង់វែង ហើយក្រោយទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសម្តេច ហ៊ុន សែន លោក កែវ ពង្ស ក៏ស្ម័គ្រចិត្តធ្វើជាឃោសនាជនដើម្បីអូសទាញមេដឹកនាំខ្មែរក្រហមថ្នាក់កណ្តាល និងថ្នាក់ក្រោមឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលទៀត។ លោកកែវ ពង្ស ជម្រាបជូនសម្តេច ហ៊ុន សែន ថាការផ្តល់ឱកាសរបស់សម្តេចចំពោះបងប្អូនខ្មែរក្រហម ឱ្យមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាល និងប្រកបមុខរបររៀងៗខ្លួនដោយសេរីភាព គឺជាវិភាគទានដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន។ លោក កែវ ពង្ស ក្លាយជាតម្ពក់ ឬជានុយដ៏មានប្រសិទ្ធភាពក្នុងការថ្ពក់ ឬស្ទូចយកមេដឹកនាំ ខ្មែរក្រហមថ្នាក់កណ្តាលឱ្យផ្តាច់ខ្លួនជាបន្តបន្ទាប់។ សម្តេច ហ៊ុន សែន លើកឡើងថា ដោយសារតែការអនុវត្តនយោបាយ ឈ្នះ ឈ្នះ មានការសម្ងាត់ខ្ពស់ ធ្វើឱ្យមន្ត្រីមួយចំនួននៅក្នុងរាជរដ្ឋាភិបាល និងក្នុងជួរគណបក្សប្រជាជនកម្ពុជា មានការយល់ច្រឡំ និងវាយតម្លៃខុស និងពេលខ្លះសម្តេចត្រូវរិះគន់ថា ហេតុអ្វីសម្តេចអនុញ្ញាតឱ្យឧត្តមសេនីយ៍ កែវ ពង្ស វិលចូលព្រៃវិញ? បើសិនជា កែវ ពង្ស មិនស្មោះត្រង់តើត្រូវធ្វើយ៉ាងម៉េច? សម្ដេចឆ្លើយតបទៅវិញថា “មិនលើសមិនខ្វះ”។ សម្ដេចថ្លែងថា ប្រសិនបើទុក កែវ ពង្ស
គឺខ្មែរក្រហមបាត់កែវ ពង្ស ត្រឹមតែម្នាក់តែប៉ុណ្ណោះ ហើយបើបញ្ជូនកែវ ពង្ស ត្រឡប់ទៅវិញ កែវ ពង្ស មិនអនុវត្ត គឺខ្មែរក្រហមក៏នៅមានកម្លាំងមិនលើសមិនខ្វះ។ ប៉ុន្តែប្រសិនបើ កែវ ពង្ស ដឹកនាំ អនុវត្តពិត នោះគឺរដ្ឋាភិបាលបានតំបន់ឱរ៉ាល់ទាំងមូល។ អ្វីៗ គឺដូចការវាយតម្លៃរបស់សម្ដេចមែន គឺបានតំបន់ឱរ៉ាល់ទាំងមូលដែលតភ្ជាប់ទាំងកំពង់ស្ពឺ ពោធិ៍សាត់ រហូតទៅដល់ភាគខ្លះរបស់ខេត្តព្រះសីហនុ និងភាគខ្លះរបស់ខេត្តតាកែវ និងកំពតផងដែរ។
ក្រោយមកដោយសារលោក កែវ ពង្ស ផ្តាច់ខ្លួនហើយនោះ ពេលខ្លះខ្មែរក្រហមក៏ប្រើល្បិច បំបែក កែវ ពង្ស ពីរាជរដ្ឋាភិបាល ពីសម្តេច ហ៊ុន សែន និងពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ដោយការសរសេរទម្លាក់លិខិតក្លែងក្លាយជាដើម ដើម្បីធ្វើឱ្យរដ្ឋាភិបាលដកជំនឿទុកចិត្តពីលោក កែវ ពង្ស។ ប៉ុន្ដែយ៉ាងណា ល្បិចកលទាំងនោះមិនអាចធ្វើឱ្យភាពប្រាកដនិយមរបស់សម្តេច ក៏ដូចជារាជរដ្ឋាភិបាល បាត់បង់ទំនុកចិត្តលើលោក កែវ ពង្ស និងក្រុមប្រតិបត្តិករ យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ទេ។ ផ្ទុយទៅវិញ សកម្មភាពផ្សព្វផ្សាយពីគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចហ៊ុន សែន កាន់តែធ្វើឡើងយ៉ាងសកម្ម និងគគ្រឹកគគ្រេងនៅសំឡូត ម៉ាឡៃ និងប៉ៃលិន។ ការផ្សព្វផ្សាយនេះរីករាលដាលយ៉ាងលឿនទៅក្នុងក្រុមខ្មែរក្រហម រហូតធ្វើឱ្យមេខ្មែរក្រហមភ្ញាក់ផ្អើល និងព្រួយបារម្ភ។ ដើម្បីទប់ស្កាត់ការរីកសុះសាយនៃគោលនយោបាយ ឈ្នះ ឈ្នះ នៅខែឧសភា ឆ្នាំ១៩៩៦ នួន ជា អតីតប្រធានរដ្ឋសភា នៃកម្ពុជាប្រជាធិបតេយ្យ ឬហៅថាបងធំទី២ បានចុះទៅផ្សព្វផ្សាយ និងអប់រំស្មារតីមេបញ្ជាការគ្រប់អង្គភាពនៅតំបន់ខាងកើតផ្លូវ៥៦ ដើម្បីអប់រំពង្រឹងស្មារតីយុទ្ធមិត្តរបស់គាត់ជាបន្ទាន់។
កាយវិការរបស់មេដឹកនាំខ្មែរក្រហមនៅពេលនោះបង្ហាញយ៉ាងច្បាស់ថា យុទ្ធសាស្រ្តបំបែក ឬបំផ្លាញ យុទ្ធសាស្រ្តច្រែះស៊ីដែករបស់រាជរដ្ឋាភិ-បាលលើពួកខ្មែរក្រហម កាន់តែមានឥទ្ធិពល មាន ប្រសិទ្ធភាព ហើយជញ្ជាំងថ្មដ៏រឹងមាំដែលក្រាញននៀលនៅក្នុងបេះដូងខ្មែរក្រហម ក្បាលរឹង ត្រូវសម្តេចបំបែក និងកម្ទេចបាន។
ចំណុចទី២ នៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ បន្ទាប់ពីការបំបែក គឺត្រូវធ្វើឱ្យឯកោ។ ដើម្បីរុញឱ្យដល់គោលដៅឯកោតាមយុទ្ធសាស្រ្តសម្តេច ហ៊ុន សែន គេក៏ត្រូវតែធ្វើយ៉ាងណាឱ្យមេដឹកនាំខ្មែរក្រហម លែងទុកចិត្ត និងលែងជឿជាក់គ្នាសិនដែរ។ នៅពេលមនុស្សលែងទុកចិត្ត លែងជឿជាក់លើគ្នា នោះពួកគេចាប់ផ្តើមបំបែកគ្នាជាដុំៗ ជាផ្នែកៗ និងលែងមានការទាក់ទងគ្នាស្និទ្ធស្នាលដូចមុនទៀត។ជំហានទី២ ក្រុមប្រតិបត្តិករ ដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ុល សារឿន ត្រូវអនុវត្តនយោបាយ ឈ្នះ ឈ្នះ នោះគឺរកវិធីទាក់ទងលោក សុខ ភាព។ លោក សុខ ភាព ជាមេបញ្ជាការកងពល៤៥០ របស់ខ្មែរក្រហម នៅតំបន់ម៉ាឡៃ។ ការចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៦។ សម្តេច ហ៊ុន សែន ផ្តល់អនុសាសន៍ដល់ក្រុមប្រតិបត្តិករថា ត្រូវជួបដោយផ្ទាល់ជាមួយលោក សុខ ភាព ដោយធានាឱ្យបាននូវការសម្ងាត់ ព្រោះប្រសិនបើបែកធ្លាយដោយប្រការណាមួយ ផែនការនៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ នឹងមិនអាចទទួលជោគជ័យ ហើយពួកមេខ្មែរក្រហម ឬប្រជាជនក្នុងតំបន់ខ្មែរក្រហមដែលជាគោលដៅ ក៏ទទួលរងគ្រោះថ្នាក់ ឬកាន់តែគ្រោះថ្នាក់ជាងមុន។ មុនពេលជួបលោក សុខ ភាព គេបានទៅទាក់ទងកូនទាហានម្នាក់ឈ្មោះ អ៊ុក ណង ដែលជាអ្នកកាន់លុយ ឬជាហេរញ្ញិករបស់ នួន ជា។ លោក អ៊ុក ណង ធ្លាប់ជាមិត្តចាស់របស់លោក កែវ ពង្ស ដែលចុះចូលជាមួយរាជរដ្ឋាភិបាលរួចហើយ។ អ៊ុក ណង បានធ្វើដំណើរទៅកាន់ខេត្តត្រាត ប្រទេសថៃ ដើម្បីជួបក្រុមប្រតិបត្តិករយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ មានលោក ប៉ុល សារឿន លោក កែវ ពង្ស និងលោក ស៊ូ គឹមស៊ុន ដែលបានធ្វើដំណើរតាមខេត្តកោះកុង។ ក្នុងជំនួបនោះពួកគេជជែកគ្នាយ៉ាងច្រើន ហើយ អ៊ុក ណង សន្យាថានឹងជួយធ្វើសកម្មភាពអូសទាញខ្មែរក្រហមនៅសំឡូត តែលទ្ធផលបែបណាមិនទាន់ហ៊ានកំណត់។
ស្របពេលគ្នានោះ មុនពេលបែកគ្នាលោក កែវ ពង្ស បានខ្សឹបប្រាប់ អ៊ុក ណង ថាត្រូវលាក់រឿងនេះឱ្យជិត មិនត្រូវឱ្យ នួន ជា ដឹងទេ ព្រោះអាចនឹងគ្រោះថ្នាក់ដល់ជីវិត ។ ក្រោយមកទៀតពួកគេក៏ទាក់ទងជួបជាមួយខ្មែរក្រហមថ្នាក់ក្រោមម្នាក់ទៀត ឈ្មោះហេង វណ្ណ ដែលជាមនុស្សស្និទ្ធនឹង ប៉ុល ពត។ ក្នុងជំនួបនោះក្រុមប្រតិបត្តិករប្រាប់ ហេង វណ្ណ ថាពួកគេត្រូវការជួបមេទ័ពខ្មែរក្រហមនៅតំបន់ម៉ាឡៃម្នាក់ឈ្មោះ សុខ ភាព។ លោក សុខ ភាព ក្រោយមកក្លាយជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក្រោយការចុះចូល ឬហៅថាសមាហរណកម្មជាមួយរាជរដ្ឋាភិបាល ឆ្នាំ១៩៩៦។
ក្រោយការពិភាក្សា ហេង វណ្ណ សន្យាថានឹងនាំលោក សុខ ភាព មកជួបក្រុមប្រតិបត្តិករ យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ហើយដើម្បីឱ្យ សុខ ភាព ចូលរួមបាន ហេង វណ្ណ បានបបួល សុខ ភាព ទៅលេងខេត្តអរញ្ញ ប្រទេសថៃ ដោយមិនប្រាប់ថាមានការណាត់ជួបពីមន្រ្តីរាជរដ្ឋាភិបាលទេ។ លោក សុខ ភាព មិនបានដឹងខ្លួនជាមុន តែពេលទៅដល់ខេត្តអរញ្ញ និងកំពុងនៅក្នុងក្លឹបកម្សាន្តមួយ នៅ ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៦ សុខ ភាព ស្រឡាំងកាំង និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឈ្មោះ ហេង វណ្ណ ហៅមេទ័ពរដ្ឋាភិបាលមកជួប។ ក្រឡេកឃើញភ្លាម លោក កែវ ពង្ស លូកចាប់ដៃលោក សុខ ភាព មុនដើម្បីជាការស្វាគមន៍ និងលើកទឹកចិត្តកុំឱ្យលោក សុខ ភាព មានការព្រួយបារម្ភ។ លោក សុខ ភាព ក៏លូកដៃមកចាប់ដៃលោក កែវ ពង្ស វិញ តែលោកដកដៃទៅវិញ មិនចាប់ដៃលោក កែវ ពង្ស ទេ
បង ម៉ក់ ហ៊ាងរិទ្ធី អគ្គនាយក HNA, [6/20/2023 10:23 AM]
ព្រោះលោកហាក់ស្ទាក់ស្ទើរចំពោះការជួបដ៏ភ្ញាក់ផ្អើល និងស្មានមិនដល់។ តែទោះជាយ៉ាងណា ទីបំផុតពួកគេនៅអង្គុយជជែកពិភាក្សាគ្នារយៈពេលជាង៣ម៉ោងទើបចប់។ ដើម្បីជាចំណងចងចិត្តលោក សុខ ភាព មិនឱ្យប្រែក្រឡាស់ ក្រុមប្រតិបត្តិករបានថតសំឡេង ថតរូប និងថតជាវីដេអូ ទុកជាអនុស្សាវរីយ៍ផង ជាការកំញើញផង ទុកជាការគំរាមពេលក្រោយផង ប្រសិនបើលោក សុខ ភាព មិនព្រមអនុវត្តតាមការសន្យា ដើម្បីបង្ហាញទៅមេដឹកនាំខ្មែរក្រហមថា លោក សុខ ភាព ធ្លាប់ជួបចរចាជាមួយនឹងមន្រ្តីរដ្ឋាភិបាល។
នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៩៦ អំឡុងពេលដែលសម្តេច ហ៊ុន សែន កំពុងតែសម្ពោធស្ថានីយទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទូរសព្ទពីថៃមក ដើម្បីជូនដំណឹងថាមានការបះបោរក្នុងក្រុមខ្មែរក្រហមហើយ។ ភ្លាមៗ សម្តេច ហ៊ុន សែន បានប្រកាសព័ត៌មានជាផ្លូវការថា“បងប្អូនអតីតកងពល ៤៥០ របស់លោក សុខ ភាព និងកងពល ៤១៥ របស់លោក អ៊ី ឈាន រួមជាមួយលោក អៀង សារី ផង សម្រេចចិត្តផ្តាច់ខ្លួនចេញពី ប៉ុល ពត ហើយមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា”។
មុនពេលបញ្ចប់កិច្ចសន្ទនា ក្រុមប្រតិបត្តិករក៏ស្នើឱ្យលោក សុខ ភាព ជួយទាក់ទងបន្ថែមទៀត ព្រោះពួកគេចង់ជួបមេដឹកនាំខ្មែរក្រហមថ្នាក់កណ្តាល តំបន់ប៉ៃលិន គឺលោក អ៊ី ឈាន ហើយដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ លោកឧត្តមសេនីយ៍ ប៉ុល សារឿន បានសរសេរលិខិតមួយភ្ជាប់ទៅជាមួយ ដើម្បីផ្ញើទៅលោក អ៊ី ឈាន ដែរ។ លិខិតនោះក៏អាចជាអាវុធមុខពីរដែរ ប្រសិនបើលោក សុខ ភាព កែប្រែចិត្តមិនចូលរួមជាមួយរាជរដ្ឋាភិបាល លោក សុខ ភាព ក៏ត្រូវមេ ខ្មែរក្រហមដកសេចក្តីទុកចិត្ត ឬលែងទុកចិត្ត។ បន្ទាប់ពីប្រជុំចប់ពួកគេក៏បែកគ្នា ហើយលោក ប៉ុល សារឿន បានរបាយការណ៍ជូនសម្តេច ហ៊ុន សែន ពីលទ្ធផលបឋមនៃជំនួបជារៀងរាល់ លើក។ ចំណែកលោក សុខ ភាព ក្រោយមកនៅអំឡុងខែកក្កដា ឆ្នាំ១៩៩៦ បានផ្តល់ដំណឹងថា ចលនាឬក្រុមរបស់លោកសម្រេចផ្តាច់ខ្លួនហើយ នៅឡើយតែប៉ែកប៉ៃលិនរបស់លោក អ៊ី ឈាន ប៉ុន្តែលោក សុខ ភាព អះអាងថា លោក អ៊ី ឈាន ក៏យល់ព្រមថានឹងជួបជាមួយនឹងមន្រ្តីរាជរដ្ឋាភិបាល ដែលជាក្រុមប្រតិបត្តិករនេះដែរ។ គឺជួបគ្នានៅខេត្តត្រាត ប្រទេសថៃ។នៅក្នុងដំណាក់កាលនោះ ជាដំណាក់កាលដ៏ប្រទាញប្រទង់គ្នាផងដែរ រវាងសហនាយករដ្ឋមន្រ្តីទាំងពីរ ព្រោះតាមរយៈវីដេអូ ឬព័ត៌មានដែលផ្សព្វផ្សាយនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៩ នៅពេលនោះ គឺទាំងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយលោក ញ៉ឹក ប៊ុនឆៃ លោក សេរី កុសល លោក ខាន់ សាវឿន មេទ័ពដ៏មានភក្តីភាពរបស់ព្រះអង្គបានព្យាយាមទាក់ទងយ៉ាងសកម្មជាមួយមេទ័ពខ្មែរក្រហមនៅសំឡូត និងម៉ាឡៃ ក្រោយពីការផ្តាច់ខ្លួនរបស់លោក កែវ ពង្ស។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៩៦ ឧត្តមសេនីយ៍ ប៉ុល សារឿន បានរាយការណ៍ជូនសម្តេច ហ៊ុន សែន អំពីលទ្ធផលការងារដែលជួបជាមួយលោក សុខ ភាព និងពីគោលគំនិតរបស់ អៀង សារី ដែលប្រាប់ឱ្យលោក សុខ ភាព និង អ៊ី ឈាន (កងពល ៤១៥) ទៅជួបជាមួយនឹងក្រុមប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ហើយ អៀង សារី ដែលបែកចេញពីក្រុមខ្មែរក្រហម ជំរុញឱ្យប្រញាប់ដោះស្រាយបញ្ចប់សង្គ្រាម មិនអាចនៅបន្តវាយខាងយោធា។
បន្ទាប់ក្រោយសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ ប៉ុល សារឿន មួយថ្ងៃ គឺនៅថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៩៦ សម្តេចហ៊ុន សែន លើកឡើងអំពីការផ្តាច់ខ្លួនរបស់ខ្មែរក្រហមនៅប៉ៃលិន និងម៉ាឡៃ មានការស្រឡាំងកាំងយ៉ាងខ្លាំង ពិសេស ប៉ុល ពត, នួន ជា, ខៀវ សំផន , សុន សេន ក៏ស្លន់ស្លោ ហើយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៩៦ តាមរយៈវិទ្យុឧទ្ទាមខ្មែរក្រហម, ប៉ុល ពត បានផ្សាយពីការកាត់ទោសប្រហារជីវិត អៀង សារី ដែលក្បត់ចលនារបស់ខ្លួន។
បន្ទាប់មកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៩៦ សភាពការណ៍នៅម៉ាឡៃ និងប៉ៃលិន ចាប់ផ្តើមមានការប្រែប្រួល និងជ្រួលច្របល់។ តាមពិតការចង់ជួបលោក អ៊ី ឈាន គឺជារឿងលំបាកបំផុត ព្រោះដំណាក់កាលនោះទោះបីលទ្ធផលនៃការផ្តាច់ខ្លួនរបស់លោក កែវ ពង្ស មានរូបរាងលក្ខណៈល្អប្រសើរយ៉ាងណាក្តី តែចំពោះមេខ្មែរក្រហមនៅប៉ៃលិន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក អៀង សារី មិនងាយជឿជាក់ ឬមានទំនុកចិត្តលើរាជរដ្ឋាភិបាលនោះទេ។ នៅពេលណាត់ជួបដើម្បីពិភាក្សាម្តងៗ ជាច្រើនលើក មេខ្មែរក្រហមតែងតែបញ្ជូនកូនទាហានដែលគ្មានសិទ្ធិនឹងពិភាក្សា ឬសម្រេចចិត្តមកជួប។
ប៉ុន្តែដោយសារឆន្ទៈដើម្បីសម្រេចនូវការផ្សះផ្សាជាតិ ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ពិសេសសម្តេច ហ៊ុន សែន ស្ថាបនិកយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ និងបិតាសន្តិភាពរបស់កម្ពុជា នោះក្រុមប្រតិបត្តិករព្យាយាមទាក់ទងម្តងហើយម្តងទៀត រហូតមានការណាត់ជួបគ្នាមួយរវាងលោក អ៊ី ឈាន និងលោក កែវ ពង្ស លោក ស៊ូ គឹមស៊ុន នៅខេត្តត្រាតប្រទេសថៃ។ ដោយសារធ្លាប់ជាសត្រូវ និងមិនទាន់ទុកចិត្តគ្នា តាមរយៈឧត្តមសេនីយ៍ថៃម្នាក់ លោក អ៊ី ឈាន បានទៅកាន់ខេត្តត្រាត ពីរនាក់លោក អៀង វុធ កូនប្រុសលោក អៀង សារី។ ក្នុងជំនួបដែលមិនទុកចិត្តគ្នានោះ លោក អ៊ី ឈាន និងលោក អៀង វុធ មិនបង្ហាញខ្លួនជួបលោក កែវ ពង្ស និងលោក ស៊ូ គឹមស៊ុន ទេ ដោយគាត់ពឹងពាក់ឱ្យឧត្តមសេនីយ៍ថៃជាអ្នកនាំពាក្យ ហើយក្នុងកិច្ចសន្ទនានោះ ទំនងដោយមានការណែនាំពីលោក អៀង សារី មកផង លោក អ៊ី ឈាន និងលោកអៀង វុធ ទាមទាររក្សាទុកតំបន់ប៉ៃលិន ជាតំបន់ស្វយ័ត ទើបធ្វើឱ្យដំណើរការនៃការចរចាជាប់គាំង ព្រោះភាគីទាំងសងខាងសុទ្ធតែគ្មានលទ្ធភាពធ្វើស្វ័យសម្រេច
ហើយពួកគេសន្យាថានឹងលើកបញ្ហានេះជូនថ្នាក់លើទៀត។ ក្រោយមកក៏មានការណាត់ជួបចរចា រវាងលោករដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ និងលោក អៀង សារី នៅបាងកក។ ទោះបីរូបរាងខាងក្រៅមើលទៅការចរចារវាងលោក អៀង សារី និងរាជរដ្ឋាភិបាលហាក់ខិតជិតគ្នា តែពេលខ្លះឃ្លាតគ្នាកាន់តែឆ្ងាយ ដោយសារការប្រទាញប្រទង់ ពីសំណាក់គណបក្ស ហ៊្វុនស៊ិនប៉ិច ដែលចង់ឱ្យលោក អៀង សារី ចុះចូលជាមួយខាងខ្លួន និងក្រោយមកបង្គាប់ឱ្យលោក អៀង សារី ដាក់លក្ខខណ្ឌធ្ងន់ៗមួយចំនួន មុនសម្រេចចូលជាមួយ រាជរដ្ឋាភិបាល ហើយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៦ អៀង សារី បានប្រកាសបង្កើតចលនាមួយឈ្មោះថា ចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ ដើម្បីតថ្លៃជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ការប្រែប្រួលរបស់លោក អៀង សារី និងតំបន់សំឡូត ធ្វើឱ្យសម្តេច ហ៊ុន សែន វាយតម្លៃថា ការកើតឡើងនូវភាពមិនប្រក្រតីនេះ គឺដោយសារបញ្ហាផ្ទៃក្នុងនៃរាជរដ្ឋាភិបាលចម្រុះអាណត្តិទី១ មិនឯកភាពគ្នា។ សម្តេច ហ៊ុន សែន លើកឡើងថា ការចងសម្ពន្ធភាពរវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការបង្កើតរាជរដ្ឋាភិបាលចម្រុះ ជាសម្ពន្ធភាពមិនស្មោះត្រង់ ឬជាអំពើក្បត់នៅក្នុងសម្ពន្ធភាព។ សម្តេចធ្លាប់បញ្ជាក់ថា ខណៈសម្តេចកំពុងអានសុន្ទរកថា សម្ពោធប៉ុស្តិ៍លេខ៣ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ១៩៩៦ លោក ប៉ុល សារឿន ទូរសព្ទមកដើម្បីរាយការណ៍ពីការបះបោរនៅប៉ៃលិន សម្តេចព្យាយាមបញ្ចប់ការថ្លែងឱ្យលឿនបំផុត នូវសុន្ទរកថាក្នុងពិធីសម្ពោធស្ថានីយវិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដើម្បីចេញមកធ្វើសេចក្តីថ្លែងការណ៍ និងស្នើសុំសម្តេចក្រុមព្រះឡាយព្រះហស្ដលេខា ប៉ុន្តែពេលនោះ សម្តេចក្រុមព្រះមិនព្រមឡាយព្រះហស្តលេខាឡើយ។ ដូច្នេះហើយទើបសេចក្តីថ្លែងការណ៍ទី១ គឺមានតែសម្តេចដែលជាអ្នកចុះហត្ថលេខា។ ប៉ុន្តែក្រោយពីសម្តេចចុះហត្ថលេខាហើយ សម្តេចក្រុមព្រះលើកឡើងថា សុំឱ្យមានការចរចាជាមួយនឹង សុន សេន នៅថ្មដូន ថ្មរយ ដែលអាចជាការរៀបចំរបស់ឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ។ សម្តេចបានទូលទៅសម្តេចក្រុមព្រះវិញថាមិនបានទេ ព្រោះបើព្រះអង្គចរចាជាមួយ សុន សេន គឺមានតម្លៃស្មើនឹងសម្លាប់កម្លាំងផ្តាច់ខ្លួន ហើយទោះបីសម្តេចពន្យល់បែបនេះក្តី ក៏ព្រះអង្គមិនព្រម។
ភាពរកាំរកូសផ្នែកនយោបាយរវាងគណបក្សធំៗទាំងពីរក្នុងរាជ រដ្ឋាភិបាលចម្រុះ កើតឡើងក៏ដោយសារការទាមទារឱ្យមានតុល្យភាពកម្លាំងទ័ព របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែរ។
នៅថ្ងៃទី២៥ សីហា ឆ្នាំ១៩៩៦ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ បានយាងទៅតំបន់ប៉ៃលិន ដើម្បីបបួលលោក អៀង សារី ធ្វើរណសិរ្សរួបរួមជាតិ ដែលក្នុងនោះ មានគណបក្សហ៊្វុនស៊ិនប៉ិច ជាស្នូល គណបក្សលោកតា សឺន សាន គណបក្សជាតិខ្មែរលោក សម រង្ស៊ី គណបក្សលោក ប៊ូ ហ៊ែល និងចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យរបស់លោកអៀង សារី ។ បន្ទាប់ពីវិវាទ និងបញ្ហាកើតមានជាហូរហែរហូតដល់ចុងក្រោយ កិច្ចព្រមព្រៀងរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងក្រុមឧទ្ទាមខ្មែរក្រហមធ្វើឡើងនៅអន្លង់វែង ត្រូវចុះហត្ថលេខា ដោយម្ខាងឡាយព្រះហស្តលេខា ដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងអមដោយលោក ញ៉ឹក ប៊ុនឆៃ និងម្ខាងទៀតចុះហត្ថលេខាដោយលោក ខៀវ សំផន និងអមដោយលោក ទេព ឃុនណាល់ តំណាងភាគីខ្មែរក្រហម។ លោក សេរី កុសល បានប្រាប់អ្នកសារព័ត៌មានថា គោលដៅរបស់មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច នៅពេលនោះ គឺប្រមូលខ្មែរក្រហមមកចូលរួមជាមួយ គណបក្សខ្លួន ដោយធ្វើការប្រមូលមិនថានរណាជានរណាទេ ទោះបីជាបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលក៏ដោយ។ ការប្រទាញប្រទង់គ្នារវាងកម្លាំងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមកម្លាំងគណបក្សហ៊្វុនស៊ិនប៉ិច ស្ទើរតែធ្វើឱ្យក្រុមប្រតិបត្តិករខ្លះដូចជាលោក កែវ ពង្ស បាត់បង់ជីវិតទៅហើយ ហើយកាលនោះ លោក អៀង សារី បានប្រឹងប្រែងរក្សាកិត្តិយស លើកតម្លៃចលនារបស់ខ្លួនដើម្បីទាមទារអំណាចក្នុងរដ្ឋាភិបាល ដោយមានការជួយជ្រោមជ្រែង និងរុញពីក្រោយ របស់គណបក្សហ៊្វុនស៊ិនប៉ិច។ លោក អៀង សារី និងក្រុមគាត់យកចិត្តទុកដាក់ពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការគ្រប់គ្រងតំបន់រណប ដូចជា សំឡូត សំពៅលូន ភ្នំព្រឹក ម៉ាឡៃ និងតំបន់សកម្មជាឈ្នាន់ផ្សេងទៀតមានទន្លេសាបភូមិសាស្ត្រស្រុកមោង និងភូមិសាស្ត្រស្រុកក្រវាញជាដើម ដោយលោក អៀង សារី ព្យាយាមរាំងខ្ទប់មិនឱ្យទាក់ទងដោយផ្ទាល់របស់ក្រុមណាមួយ នៅចំណុចណាមួយ ផ្តាច់ខ្លួនចូលជាមួយរាជរដ្ឋាភិបាលមិនតាមរយៈលោកឡើយ។ យុទ្ធសាស្ត្រនេះ ក្រុមផ្តាច់ខ្លួនរបស់ អៀង សារី នៅប៉ៃលិន និងម៉ាឡៃ ចេះតែពន្យារពេលធ្វើសមាហរណកម្មជាបន្តបន្ទាប់ ដោយរកលេសនេះលេសនោះ ប៉ុន្តែទីបំផុតអ្នកទាំងនេះបាន ផ្តាច់ខ្លួន ហើយធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល។
ក្រោយពីមានការផ្តាច់ខ្លួននេះ កិច្ចប្រជុំមួយត្រូវរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៦ នៅសណ្ឋាគារមួយក្នុងខេត្តចន្ទបុរី ប្រទេសថៃ និងជំនួបមួយទៀតធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩៦ នៅកន្លែងដដែលរវាងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយនាយឧត្តមសេនីយ៍ប៉ុល សារឿន ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ឧត្តមសេនីយ៍ កែវ ពង្ស និងឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន ជាមួយចលនាផ្តាច់ខ្លួនរបស់លោក អៀង សារី ដែលមានលោកអ៊ី ឈាន លោកសុខ ភាព និងលោក អៀង វុធ ។ ក្នុងកិច្ចប្រជុំនោះផ្តោតលើខ្លឹមសារចំនួន៤គឺ៖
ទី១. ការឈប់បាញ់គ្នារបស់កម្លាំងនៅខ្សែត្រៀមជួរមុខ និងការទាក់ទងតភ្ជាប់ភូមិសាស្ត្រជាមួយគ្នារវាងកម្លាំងផ្តាច់ខ្លួន និងកម្លាំងរាជរដ្ឋាភិបាល។ ទី២. ស្នើរៀបចំគណៈកម្មការសម្របសម្រួលរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងផ្តាច់ខ្លួន។ ទី៣. ចលនាផ្តាច់ខ្លួនស្នើសុំលើកលែងទោស អៀង សារី ដែលត្រូវតុលាការប្រជាជនបដិវត្តន៍ក្រុងភ្នំពេញ ចេញសាលក្រមនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៩ កាត់ទោសប្រហារជីវិត ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្នុងរបបខ្មែរក្រហម។ ទី៤. បើកច្រកព្រំដែនកម្ពុជាថៃនៅទិសប៉ៃលិន និងម៉ាឡៃ។ទោះបីជាមានការសម្បទានយ៉ាងច្រើនពីរាជរដ្ឋាភិបាលក៏ដោយ ក៏ក្រុមផ្តាច់ខ្លួនដឹកនាំដោយលោក អៀង សារី នៅតែទាមទារតម្លៃមួយខ្ពស់ពីរាជរដ្ឋាភិបាល ដោយជឿជាក់ថាខ្លួននៅតែមានឥទ្ធិពលខ្លាំងក្លា គ្របដណ្តប់ទៅលើមេបញ្ជាការខ្មែរក្រហមក្នុងតំបន់មួយចំនួន។ ប៉ុន្តែ ការវាយតម្លៃខុស ធ្វើឱ្យលោក អៀង សារី ទទួលរងនូវសម្ពាធយោធាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ព្រោះបណ្តាភូមិសាស្ត្រដែលជាបង្អែកជួរមុខរបស់ខ្លួន ត្រូវកងយោធពលខេមរភូមិន្ទអូសទាញ និងចូលកាន់កាប់រួចទៅហើយ ដូចជាតំបន់ច្រកព្រាល ទួលក្រួស តាសាញ ទឹកសុខ បាសាក់ អូរដូង និងថ្មសំលៀង។ ការណ៍នេះធ្វើឱ្យលោក អៀង សារី ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចក្រែងបាត់បង់ជាបន្តទៀត ធ្វើឱ្យខ្លួនអស់តម្លៃ និងមិនមានទម្ងន់ក្នុងការតថ្លៃជាមួយរាជរដ្ឋាភិបាល។ ជាមួយគ្នានោះលោក អ៊ី ឈាន និងលោក សុខ ភាព ប្រញាប់ប្រញាល់ស្វែងរកឱ្យមានការអនុញ្ញាតបានចូលជួបសម្តេច ហ៊ុន សែន ដើម្បីរុញការធ្វើសមាហរណកម្មនៅតំបន់ប៉ៃលិន និងម៉ាឡៃ ឱ្យបានលឿនដោយមិនបង្អង់តាមការញុះញង់ឬបោកប្រាស់ទៀតទេ។ ក្រោយមកតាមមតិណែនាំរបស់សម្តេច ហ៊ុន សែន លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទាក់ទង និងជួបពិភាក្សាជាមួយនឹងលោក អៀង សារី និងអតីតមេបញ្ជាការខ្មែរក្រហមមួយចំនួន ហើយក្រោយពីមានការស្រុះស្រួលគ្នា ក៏មានការសម្រេចចិត្តធ្វើសមាហរណកម្ម។
ក្រោយមកសម្តេច ហ៊ុន សែន លើកឡើងថា តាមពិតទៅលោក អៀង សារី គ្មានតួនាទីនៅក្នុងការដឹកនាំបះបោរទេ។ លោក អៀង សារី បានចោលជួរខ្មែរក្រហមតាំងពីទសវត្សរ៍១៩៨០។ ប៉ុន្តែ ហេតុអ្វីត្រូវទៅរក អៀង សារី? ហើយធ្វើឱ្យ អៀង សារី ឡើងថ្លៃ! បញ្ហានៅត្រង់ថា ឆ័ត្រនយោបាយ កម្លាំងផ្តាច់ខ្លួនមានត្រឹមតែប្រធានកងពលដែលដឹកនាំ ចំណែកកម្លាំងសេសសល់មានតាំងពីគណៈប្រធានរដ្ឋ ប្រធានសភា និងរដ្ឋមន្ត្រី។ ឆ័ត្រនយោបាយខុសគ្នាឆ្ងាយណាស់។ ដូច្នេះហើយទើបសម្តេចស្នើឱ្យលោក ទៀ បាញ់ លោក ប៉ុល សារឿន លោក កែ គឹមយ៉ាន ធ្វើការងារនេះឱ្យឆាប់ជាមួយលោក អៀង សារី ដើម្បីជាឆ័ត្រនយោបាយ ព្រោះលោក អៀង សារី ជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហម។
ប៉ុន្តែការប្រញាប់ប្រញាល់របស់រាជរដ្ឋាភិបាល ក៏ជាឱកាសមាសចំពោះលោកអៀង សារី ដែរ ដែលធ្វើឱ្យគាត់ឡើងថ្លៃ។ យើងត្រូវការ អៀង សារី ដើម្បីយកមកធ្វើឆ័ត្រនយោបាយ ឯអ្នកដឹកនាំកម្លាំងបះបោរពិតប្រាកដគឺ អ៊ី ឈាន និងសុខ ភាព ឯណោះទេ។ តែពេលលោក អៀង សារី ចូលមក គាត់បានទប់ស្កាត់ចលនាបះបោររបស់ អ៊ី ឈាន និងសុខ ភាព ទៅវិញតាមរយៈការបង្កើតចលនាបង្រួបបង្រួមជាតិប្រជាធិបតេយ្យ។ ផែនការបង្កើតកម្លាំងទី៣ របស់លោក អៀង សារី ដើម្បីតថ្លៃ មិនមែនត្រឹមតែលើកលែងទោសទេ ប៉ុន្តែដើម្បីតំណែង ឬតួនាទីគ្រប់គ្រងកម្លាំង និងទឹកដី។ គាត់ចង់បានអ្វីមួយដែលគេមិនអាចដឹងបាន ព្រោះផែនការនេះសម្ដេចបំផ្លាញអស់ តាមរយៈការធ្វើសមារណកម្មកម្លាំងនៅសំឡូត កំរៀង ភ្នំព្រឹក ដែលជំរុញឱ្យ អៀង សារី ឈប់រារាំងកម្លាំងនៅប៉ៃលិន និងម៉ាឡៃ។
ការលើកលែងទោស លោក អៀង សារី ទោះយ៉ាងណាក្តី ដើម្បីការផ្សះផ្សាជាតិ សម្តេចត្រូវតែសម្បទានខ្លះឱ្យលោក គឺការលើកលែងទោស។ វិធីដែលល្អជាងគេ គឺត្រូវរកឱ្យឃើញនូវការចាកចេញរបស់លោក អៀង សារី ហើយពេលនោះវិទ្យុរបស់ខ្មែរក្រហម ប៉ុល ពត បានផ្សាយជេរលោក អៀង សារី យ៉ាងខ្លាំង។ សម្តេចបានស្នើឱ្យលោក ទៀ បាញ់ ទៅរកលោក អៀង សារី នៅពេលនោះ។ ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺលោក អៀង សារី ត្រូវកាត់ទោសដោយតុលាការប្រជាជនបដិវត្តន៍កម្ពុជា នៅឆ្នាំ១៩៧៩។ ដូច្នេះត្រូវធ្វើយ៉ាងណាផ្តល់នីតិសម្បទា ឬភាពស្របច្បាប់ឱ្យលោក អៀង សារី ឡើងវិញ ដើម្បីឱ្យលោក អៀង សារី មានលទ្ធភាពមកធ្វើជាឆ័ត្រនយោបាយ ឱ្យកម្លាំងផ្តាច់ខ្លួននៅប៉ៃលិនបាន។ ដូច្នេះសម្តេចហ៊ុន សែន ចូលទៅព្រះបរមរាជវាំង ដើម្បីស្នើសុំសម្តេចព្រះនរោត្តម សីហនុ ឱ្យព្រះអង្គ មេត្តាព្រះរាជទានលើកលែងទោសឱ្យលោក អៀង សារី។ សម្ដេចព្រះនរោត្តម សីហនុ មានព្រះឱង្ការតបថា ប្រសិនបើមានការគាំទ្រពីរដ្ឋសភានូវសំឡេង២ ភាគ៣ ព្រះអង្គនឹងឡាយព្រះហស្ដលេខាដើម្បីលើកលែងទោសឱ្យលោក អៀង សារី។ ហេតុតែចង់បានសន្តិភាព ហើយដោយសារសម្តេច និងសម្តេចក្រុមព្រះជាសហនាយករដ្ឋមន្រ្តី ពេលនោះសម្តេចត្រូវសហការជាមួយសម្តេចក្រុមព្រះ ដើម្បីប្រមូលសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ឱ្យគ្រប់សំឡេង២ ភាគ៣ ឬលើសពី២ភាគ៣ ដើម្បីទទួលនូវការព្រះរាជទានលើកលែងទោសឱ្យ លោក អៀង សារី។ ជាលទ្ធផលក៏ទទួលជោគជ័យក្នុងការយកលោក អៀង សារី មកធ្វើជាឆ័ត្រនយោបាយ ដើម្បីដោះស្រាយបញ្ហារវាងកម្លាំងផ្តាច់ខ្លួនជាមួយនឹងកម្លាំងដែលនៅរឹងរូស។ នេះហើយជាចំណុចលេចធ្លោមួយដែលត្រូវកត់ត្រា និងចងចាំ ព្រោះប្រសិនបើគ្មានការលើកលែងទោសឱ្យលោក អៀង សារី ទេលោកពិតជានឹងមិនអានបំពេញនូវបេសកកម្មនេះទេ។ ដំណាក់កាលនោះ គ្រាន់តែឮថាលោកអៀង សារី ធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាល មេដឹកនាំខ្មែរក្រហមទាំងអស់ចាប់ផ្តើមលែងទុកចិត្តគ្នា ចាប់ផ្តើមឈ្លោះប្រកែកគ្នា និងចោទប្រកាន់គ្នា សង្ស័យគ្នាទៅវិញទៅមក រហូតបែកបាក់ទាំងស្រុង។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ដែលស្ថិតនៅក្នុងតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អតីតតំបន់សមរភូមិក្ដៅ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា បើគ្មានការយកជីវិតប្រថុយចូលជំរំតស៊ូខ្មែរក្រហម នៅអំឡុងទសវត្សរ៍១៩៩០ទេ មិនអាចប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ននេះឡើយ។ សម្ដេចថ្លែងថា ស្ថានភាពកម្ពុជាក្នុងទសវត្សរ៍១៩៩០ តួនាទី មុខតំណែង និងជីវភាពរបស់សម្ដេចគ្មានអ្វីលំបាក ដែលតម្រូវឱ្យសម្តេចប្រថុយជីវិតចូលទៅតំបន់ និងចរចាជាមួយខ្មែរក្រហមទេ ប៉ុន្ដែដើម្បីប្រទេសជាតិ និងប្រជាជន សម្ដេចត្រូវតែលះបង់ ហើយការសម្រេចចិត្តថានឹងចូលចរចាជាមួយខ្មែរក្រហម ក៏ធ្វើឱ្យម្ដាយបង្កើត និងម្ដាយធំរបស់សម្ដេច ព្រួយបារម្ភពីសុវត្ថិភាពរបស់ សម្តេចមិនតិចដែរ។ សម្តេច ហ៊ុន សែន បញ្ជាក់ថា៖
“ទាំងម្ដាយបង្កើត ទាំងម្ដាយធំ បានចូលមកបន្ទប់ដេករបស់ខ្ញុំ ពេលនោះខ្ញុំទើបនឹងភ្ញាក់។ គាត់ដឹងថាខ្ញុំទើបភ្ញាក់ពីដេក ហើយគាត់បើកទ្វារចូលមក គាត់ចង្អុលមុខខ្ញុំ តែម្ដង ហើយគាត់និយាយថា កូនឯងចូលទៅតំបន់គេ មិនខ្លាចគ្រោះថ្នាក់ទេអី? ខ្ញុំឆ្លើយតបទៅវិញថា ម៉ែ ម៉ែធំ ប្រសិនបើស្លាប់ ស្លាប់តែខ្ញុំ និងអ្នកទៅជាមួយនឹងខ្ញុំប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្ដែបើបានមកវិញ គឺបានផែនដីទាំងមូល”។
ប្រសិនបើសម្ដេចមិនធ្វើដំណើរទៅប៉ៃលិន សំឡូត កំរៀង ភ្នំព្រឹក ម៉ាឡៃ ទេនោះ ច្បាស់ណាស់គ្មានអ្នកណាជឿ ហើយចុះចូលជាមួយសម្ដេចទេ ទាល់តែសម្ដេចទៅដល់ផ្ទាល់ ទើបទាហានខ្មែរក្រហមមានទំនុកចិត្ត កក់ក្តៅ និងជឿជាក់។ ការផ្តាច់ខ្លួនរបស់ខ្មែរក្រហមនៅប៉ៃលិន ធ្វើឱ្យមេដឹកនាំខ្មែរក្រហម ប៉ុល ពត ខឹងសម្បាតាម៉ុក និង សុន សេន យ៉ាងខ្លាំង ព្រោះ ប៉ុល ពត ធ្លាប់បញ្ជាឱ្យ តាម៉ុក សម្លាប់ អ៊ី ឈាន តែតាម៉ុកមិនធ្វើតាម ហើយការខឹងសម្បារបស់ ប៉ុល ពត ធ្វើឱ្យតាម៉ុក នួន ជា និង សុន សេន ព្រួយបារម្ភយ៉ាងខ្លាំង ពួកគាត់បានសំងំលាក់ខ្លួននៅក្នុងព្រៃអស់ពេលយ៉ាងយូរ។ ក្រោយមក តាម៉ុក និង នួន ជា បានបន្លំបួសជាព្រះសង្ឃគង់នៅតាមបន្ទាត់ ព្រំដែនថៃ ដើម្បីគេចពីការតាមចងអាឃាតពី ប៉ុល ពត ។ មុនពេលចេញទៅបន្លំជាព្រះសង្ឃ ប៉ុល ពត ធ្លាប់ទាក់ទងទៅ តាម៉ុក តាមវិទ្យុទាក់ទងម្តងដើម្បីសួរនាំពីស្ថានការណ៍ ប៉ុន្តែត្រូវតាម៉ុកគំហកដាក់វិញថា បើលោកឯងពូកែ លោកឯងចេញមកច្បាំងខ្លួនឯងទៅ ព្រោះយើងលំបាកខ្លាំងណាស់ គ្មានស្បៀងហូបគ្រប់គ្រាន់ទេ ។ ទំនាស់កាន់តែរីករាលដាល លុះក្រោយកពេលតាម៉ុក, នួន ជា និង សុន សេន ត្រឡប់មកវិញ ដែលអ្នកទាំងបីមានអាការៈស្គមស្គាំងខ្លាំងនោះ ប៉ុល ពត បានចាប់ឃុំឱ្យនៅតែក្នុងផ្ទះដាច់ពីគេ ហើយនៅឆ្ងាយពីគ្នា។ ប៉ុល ពត បានស្តីបន្ទោសខ្លាំងៗ ដោយប្រើពាក្យថា “អស់លោកល្មមសម្រាកហើយ” ពាក្យនេះបើក្នុងជំនាន់៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានន័យថា ត្រូវស្លាប់ ឬត្រូវគេយកទៅសម្លាប់ តែនៅទសវត្សរ៍១៩៩០ គឺមានន័យត្រឹមតែចូលនិវត្តន៍ពីការងារ ហើយត្រូវទុកភារកិច្ចឱ្យអ្នកផ្សេងធ្វើ ដែលជាក្មេងជំនាន់ក្រោយ។ នៅពេលនោះ ប៉ុល ពត ក៏ខឹងលោក សុន សេន ខ្លាំងណាស់ដែរ ដោយសង្ស័យថា សុន សេន ក្បត់ចលនាដែលធ្លាប់រួមរស់ជាមួយគ្នាជាយូរមកហើយ។ ប៉ុល ពត សង្ស័យដោយសារប្អូនថ្លៃ សុន សេន ឈ្មោះ នី កន បានចុះចូលជាមួយរាជរដ្ឋាភិបាល នៅឆ្នាំ១៩៩៦ ដែរ និងក្រោយមក ប៉ុល ពត ចាប់បានសំបុត្រដែលប្អូនថ្លៃផ្ញើចេញពីកំពង់ធំទៅឱ្យ សុន សេន។ បន្ទាប់មក ប៉ុល ពត បញ្ជាឱ្យទាហានរបស់លោក ទៅបាញ់សម្លាប់លោក សុន សេន ដល់ផ្ទះ។
ផ្តល់បទសម្ភាសជាមួយលោក នេត ថៃយ័រ អ្នកកាសែតបស្ចិមប្រទេស លោក ប៉ុល ពត និយាយថា មូលហេតុដែលសម្លាប់ គឺដោយសារសង្ស័យថា សុន សេន ក្បត់តាមរយៈសំបុត្រនេះ ឯង។ ប៉ុន្តែ ប៉ុល ពត នៅតែសរសើរលោក សុន សេន ថាជាយុទ្ធមិត្តដ៏ល្អ និងបដិសេធថា លោកមិនបានបញ្ជាឱ្យគេសម្លាប់មួយគ្រួសារទេ គឺមានបំណងសម្លាប់តែ សុន សេន និងភរិយាឈ្មោះ យុន យ៉ាត ប៉ុណ្ណោះ។ សម្តេច ហ៊ុន សែន ក្រោយមកនៅពេលសម្ពោធសមិទ្ធផលនានានៅទីសាធារណៈបានមានប្រសាសន៍ថា សំបុត្រដែលផ្ញើទៅលោក សុន សេន គឺសម្តេចជាអ្នកសរសេរ ដែលជាយុទ្ធសាស្រ្តបំបែកពួកខ្មែរក្រហមកុំឱ្យទុកចិត្តគ្នា ឬឱ្យសង្ស័យគ្នាទៅវិញទៅមក បន្ទាប់មកគឺពួកគេឯកោរៀងៗ ខ្លួន។ ដោយសារឥទ្ធិពល និងប្រសិទ្ធភាពនៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេច ទើបធ្វើឱ្យការបែកបាក់ និងភាពរង្គោះរង្គើកាន់តែធំទៅៗ រហូតផ្សះផ្សាគ្នាលែងបាន ចំពោះមេដឹកនាំខ្មែរក្រហម ហើយទីបំផុត តាម៉ុក បានរើបម្រះ និងចាប់ ប៉ុល ពត ឃុំវិញម្តង ហើយក្រោយមក ប៉ុល ពត ស្លាប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ មុនពេល តាម៉ុក ចាប់ ប៉ុល ពត និងក្រោយពី ប៉ុល ពល សម្លាប់ សុន សេន ធ្វើឱ្យប្រជាជន និងខ្មែរក្រហមដទៃជាច្រើនទៀតខឹងសម្បា ប៉ុល ពត យ៉ាងខ្លាំង ហើយក្រោកឡើងប្រឆាំង។ នៅពេលនោះធ្វើឱ្យ ប៉ុល ពត នួន ជា និងខៀវ សំផន ភ័យយ៉ាងខ្លាំង ហើយរត់ទៅពួនលើភ្នំក្បែរព្រំដែនថៃ។តាម៉ុក សម្រេចចិត្តសុំចុះចាញ់ ដោយអនុញ្ញាតឱ្យកងកម្លាំងរបស់ខ្លួនទម្លាក់អាវុធ នៅថ្ងៃ ទី៦ ខែមីនា ឆ្នាំ១៩៩៨ ហើយធ្វើសមាហរណកម្មជាមួយនឹងរាជរដ្ឋាភិបាល។ ក្រោយមក បន្ទាប់ពីអង្គការចាត់តាំងរបស់ខ្មែរក្រហម បំផ្លាញដល់ឫសគល់ហើយនោះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីផ្សះផ្សា បង្រួបបង្រួមជាតិ និងបញ្ជាក់ថា សង្រ្គាមនៅកម្ពុជាបញ្ចប់ទាំងស្រុងជាស្ថាពរហើយនោះ សម្តេច ហ៊ុន សែន អនុញ្ញាតឱ្យមេដឹកនាំខ្មែរក្រហមសំខាន់ៗ ដូចជា លោក ខៀវ សំផន អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ លោក នួន ជា អតីតប្រធានសភា លោក អៀង សារី អតីតឧបនាយករដ្ឋមន្រ្តី លោក ចាន់ យូរ៉ាន់ និងលោក ជួន ជឿន ចូលជួបសម្តែងការគួរសមដោយភាតរភាព នៅភូមិគ្រឹះសម្តេចនាក្រុងតាខ្មៅ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចូលមកយកព័ត៌មាន និងផ្សព្វផ្សាយជាសាធារណៈ។
សម្តេច ហ៊ុន សែន បញ្ជាក់ថា ទោះបីជាការធ្វើសមាហរណកម្មចុងក្រោយ ធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ១៩៩៨ ក៏ដោយ ក៏សង្រ្គាមមិនទាន់បញ្ចប់នៅឡើយទេ។ មូលហេតុនៅត្រង់ថា មេដឹកនាំរបស់ខ្មែរក្រហម នៅមិនទាន់ចុះចូល ឬក៏មិនទាន់ចាប់ខ្លួនទាំងអស់នៅឡើយ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបមានការជួបជុំ និងធ្វើការចុះចូលជាផ្លូវការរបស់ប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តី ខៀវ សំផន ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតនៃកម្ពុជាប្រជាធិបតេយ្យ។ មានសំណួរសួរថា ហេតុអ្វីត្រូវយកផ្ទះនាយករដ្ឋមន្រ្តី ធ្វើជាកន្លែងជួបជុំ និងជានិមិត្តរូបនៃការចុះចូល? សម្ដេចបញ្ជាក់ចំពោះជនរួមជាតិថា មូលហេតុ នោះគឺមានបំណងផ្ញើសារបីយ៉ាងជូន ចេញទៅខាងក្រៅ៖
ទី១៖ ផ្ញើសារទៅកម្លាំងខ្មែរក្រហមដែលនៅសេសសល់ ឱ្យបញ្ឈប់ការប្រយុទ្ធតទៅទៀត ព្រោះមេដឹកនាំរបស់អ្នកទាំងនោះត្រូវចុះចូលដល់ផ្ទះ (ភូមិគ្រឹះ) នាយករដ្ឋមន្រ្តីរួចទៅហើយ។ ទី២៖ គឺចង់ជម្រាបជូនប្រជាជនកម្ពុជាជ្រាបថា សង្គ្រាមរុំរ៉ៃនៅកម្ពុជា ដែលប្រជាជនទន្ទឹងរង់ចាំសន្តិភាពនោះ ចប់ទាំងស្រុងហើយ។ ដូច្នេះ នេះជាសារជាក់លាក់តាមរយៈនៃការយកផ្ទះរបស់ នាយករដ្ឋមន្រ្តី ធ្វើជាទីកន្លែងនៃការជួបជុំ និងជានិមិត្តរូបនៃការចុះចូល ឬការស្រុះស្រួលគ្នា។ ទី៣៖ គឺជាសារជូនទៅសហគមន៍អន្តរជាតិ ឱ្យអញ្ជើញមកធ្វើវិនិយោគ ឬធ្វើទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជាគ្មានសង្គ្រាមទៀតទេ។ នេះជាចំណុចដែលអាចនឹងមានការចោទឡើងជាសំណួរ នៅពេលឃើញរូបថតទាំងឡាយ ដែលមានរូបលោក ខៀវ សំផន នួន ជា អៀង សារី និងអ្នកដទៃ ទៀតជួបជុំគ្នានៅផ្ទះសម្ដេច ដែលសម្ដេចសូមបកស្រាយ ព្រោះរឿងនេះមិនធ្លាប់មានការបកស្រាយកាលពីមុននោះឡើយ។
ក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងប្រារព្ធខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមទាំងស្រុង នៅកម្ពុជា (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០១៨ ) ដែលសម្តេច ហ៊ុន សែន ស្ថាបនិកសន្តិភាពតែម្នាក់គត់ បានលើកជាសំណួរថា ហេតុអ្វីសម្តេចសម្រេចយកថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ធ្វើជាថ្ងៃជោគជ័យនៃការបញ្ចប់សង្គ្រាមទាំងស្រុង? ចម្លើយគឺ ដោយសារតែថ្ងៃនោះ ជាថ្ងៃដែលប្រមុខរដ្ឋ នាយក រដ្ឋមន្ត្រី ប្រធានសភា និងគណៈរដ្ឋមន្ត្រីទាំងមូលរបស់ខ្មែរក្រហម មកចុះចូលដល់ផ្ទះនាយក រដ្ឋមន្ត្រី ដែលនៅលើពិភពលោក មិនទាន់មានប្រទេសណាមួយមានការចុះចូលដោយងាយ ឬដោយសន្តិវិធីទេ មានតែការចាប់ខ្លួន ឬបាញ់សម្លាប់តែប៉ុណ្ណោះ ប៉ុន្តែនៅកម្ពុជាមានលទ្ធភាពធ្វើឱ្យប្រធានរដ្ឋ និងជានាយករដ្ឋមន្រ្តី ព្រមទាំងគណៈរដ្ឋមន្ត្រីទាំងមូល អាចមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី។ កម្ពុជា ជាប្រទេសតែមួយគត់ដែលបញ្ចប់សង្រ្គាមដោយសន្តិវិធី ក្រោមយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ DIFID ដោយមិនបញ្ចប់តាមរយៈការបង្ហូរឈាម។