ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកព្រៃឈរ
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ នាថ្ងៃអង្គាររ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន ៤៣៩នាក់។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាង ឯកឧត្តមអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានឃុំទាំង១៥ នៃស្រុកព្រៃឈរ, លោកឧត្តមសេនីយន៍ត្រី សាន សុភា ស្នងការរង ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម, ឯកឧត្តម មាស ទួក ប្រធានក្រុមប្រឹក្សាស្រុកព្រៃឈរ, លោក ខេង ម៉េងឈុន អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ និងជាប្រធានកិត្តិយសគណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកព្រៃឈរ, លោក លោកស្រី គណៈអភិបាលស្រុក ប្រធានការិយាល័យ អង្គភាពចំណុះ និងជុំវិញស្រុក, លោក មេឃុំ នាយប៉ុស្តិ៍រដ្ឋបាល ឃុំទាំង១៥, លោក លោកស្រី បង ប្អូន អតីតយុទ្ធជន, កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមន្សរីករាយដែលបានចូលរួមក្នុងពិធីនេះ និងបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដោយសេចក្តីនឹករឭក ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា និងតែងតែណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាងដល់អតីតយុទ្ធជន។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឱ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងាររាជរដ្ឋាភិបាលជាមួយនឹងបងប្អូនអតីតយុទ្ធជន។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថាក្រោយពីបានស្តាប់របាយការណ៍អំពីសកម្មភាព និងលទ្ធផលធំៗមួយចំនួន របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកព្រៃឈរ និងសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានយល់កាន់តែច្បាស់អំពីទុក្ខលំបាក និងសេចក្តីត្រូវការរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ ចូលរួមដោះស្រាយជាបន្តបន្ទាប់ និងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនពីសំណាក់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកព្រៃឈរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រកាសគាំទ្រ និងប្តេជ្ញាខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមសារអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី និងសូមថ្លែងអំណរគុណ ចំពោះប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានរួមចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកន្លងមក។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកព្រៃឈរ ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃ ជាពិសេសទប់ស្កាត់មិនឱ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀត នាអំឡុងទសវត្សឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨។ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា សន្តិភាពដែលបងប្អូនទាំងអស់គ្នាបានចូលរួមកសាងនេះហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានជោយជ័យជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។
ទទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ឱ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ និងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឱ្យទាន់ពេលវេលា។
សូមជម្រាបជូនថា ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនបងប្អូនអតីតយុទ្ធជន ចំនួន ៤៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល, នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំ នាយប៉ុស្តិ៍ ប្រជាការពារ ចំនួន ៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, កងកម្លាំងទាំង ៣ប្រភេទ ចំនួន ៣០ម៉ឺនរៀល, ក្រុមគ្រូពេទ្យ ១០ម៉ឺនរៀល ព្រមទាំងបានប្រគល់អំពូលសូឡា ចំនួន ១០គ្រឿង ដែលជាអំណោយរបស់ លោកអភិបាលស្រុកព្រៃឈរ ផ្ដល់ជូនឃុំថ្មពូន ផងដែរ៕