ឯកឧត្តម ហ៊ុន ម៉ានី៖ ៤៦ឆ្នាំមុន ជាពេលវេលាដ៏លំបាកបំផុត ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្ត ចាកចេញពីទឹកដីកំណើត
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងបញ្ជាក់ថា ៤៦ឆ្នាំមុន ជាពេលវេលាដ៏លំបាកបំផុត ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្ត ចាកចេញពីទឹកដីកំណើត។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរតាមបណ្ដាញសង្គមហ្វេសប៊ុកថា «៤៦ ឆ្នាំមុន ថ្ងៃនេះ ជាពេលវេលាដ៏លំបាកបំផុត ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្ត ចាកចេញពីទឹកដីកំណើត ចាកចោលភរិយាដែលកំពុងមានផ្ទៃពោះ ដើម្បីចេញដំណើរទៅរកការរំដោះជាតិ ចេញពីសោកនាដកម្មដ៏ខ្មៅងងឹតក្នុងរបបអាវខ្មៅ។ ផ្តើមចេញពី ដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ បានក្លាយជាឆ្នួនផ្ទុះក្នុងការកសាង កងកម្លាំងប្រដាប់អាវុធ និងរណសិរ្ស សាមគ្គីសង្រ្គោះជាតិ ដែលបានប្រមូលផ្តុំកម្លាំងស្នេហាជាតិ ទៅផ្តួលរំលំ ខ្មែរក្រហម។ ទោះបីមានសង្ឃឹមតិចតួច ក៏ជាក្តីសង្ឃឹម ដែលបានប្រែក្លាយពលិកម្មសព្វបែបយ៉ាង មកជាជ័យជម្នះដ៏ត្រចះត្រចង់ លើបនប្រល័យពូជសាសន៍ ហើយនាំមកវិញនូវសេរីភាព សន្តិភាព សុភមង្គល និងការអភិវឌ្ឍជាតិមាតុភូមិជាបន្តបន្ទាប់។
ស្ទើរពេញមួយជីវិតរបស់លោក គឺសម្រាប់ការគិតគូរខ្វាយខ្វល់ពីជាតិ ប្រជាជន ដែលភស្តុតាងប្រវត្តិសាស្រ្ត បានបញ្ជាក់ច្បាស់មិនអាចប្រកែកបាន។ ស្មារតី ២០ មិថុនា បានដាស់អារម្មណ៍យើងខ្ញុំជាយុវជនជំនាន់ក្រោយ ឱ្យហ៊ានលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិ និង មិនត្រូវបោះបង់ក្តីសង្ឃឹមចំពោះប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ស្មារតីនេះ នឹងដក់ជាប់ក្នុងក្រអៅបេះដូងរបស់យើងខ្ញុំជានិរន្តរ៍» ៕