តំបន់ប្រវត្តិសាស្រ្តសម្តេចពិជ័យសេនា ទៀ បាញ់ ឃុំជ្រោយប្រស់ ខេត្តកោះកុង ត្រូវបានបញ្ចប់ការងារបោសសម្អាតមីន គាំទ្រដោយ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥”
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC) កំពុងប្រតិបត្តិការបោសសសម្អាតមីននៅខេត្តកោះកុង សម្រាប់ឆ្នាំ២០២៣ គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” លើទំហំផ្ទៃដីមានមីនសរុបចំនួន ៣.០២៩.៨១៩ ម៉ែត្រក្រឡា ស្មើនឹង ៣៧ ចម្ការមីន ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ជាមួយនឹងលទ្ធផលនៃការងារបោសសម្អាតមីននេះ តំបន់ប្រវត្តិសាស្រ្តសម្តេចពិជ័យសេនា ទៀ បាញ់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងស្រុកគិរីសាគរទាំងមូល ត្រូវបានបញ្ចប់ការងារបោសសម្អាតមីន ដោយរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៣៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៨៣ គ្រាប់។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានសម្តែងនូវការដឹងគុណជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ និងយុទ្ធជនកម្ពុជាទាំងអស់ ដែលបានចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្វែងរកសុខសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាទាំងមូល តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅខេត្តកោះកុង ចំនួន ២១.១៨៨.៦២០ ម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ២ ៤៧៦ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១៤ គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ១៤ ១៦៣ គ្រាប់ ព្រមទាំងមានចំនួនជនរងគ្រោះដោយសារមីន និងគ្រាប់សរុបចំនួន ៩៩៨ នាក់ ក្នុងនោះដោយសារមីន ៧៩០ នាក់។
ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជបន្ថែមថា សមិទ្ធផលទាំងនេះក្នុងខេត្តកោះកុង បានកើតចេញពីការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិពីសង្រ្គាមនៅកម្ពុជា។ បើគ្មានសម្តេចតេជោទេ ចំនួនជនរងគ្រោះថ្នាក់ដោយមីននិងគ្រាប់នៅខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស នឹងបន្តកើនឡើង ហើយការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម នឹងជួបបញ្ហាប្រឈម។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការបោសសម្អាតមីន ខេត្តកោះកុង នៅបន្តសល់ផ្ទៃដីសង្ស័យមានមីនចំនួន ២២.៨៤៦.៥៨៥ ម៉ែត្រក្រឡា ស្មើនឹង ៣៥៥ ចម្ការមីន ដែលត្រូវដោះស្រាយឲ្យអស់ក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្នុងនោះសម្រាប់ឆ្នាំ២០២៣នេះ សម្តេចតេជោ បានដាក់ចេញនូវផែនការបោសសម្អាតមីនឲ្យអស់ក្នុង ស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកគិរីសាគរ ស្រុកកោះកុង និងស្រុកថ្មបាំង ព្រមទាំងប្រកាសជាស្រុកអស់មីនផងដែរ៕