ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ៖ វីរភាពអតីតយុទ្ធជន ក្នុងការរំដោះប្រទេសជាតិ និងទប់ស្កាត់របប ប៉ុល ពត ជាការលះបង់សាច់ស្រស់ឈាមស្រស់ និងអវៈយវៈ របស់ខ្លួន ដើម្បីជាតិមាតុភូមិ
ភ្នំពេញ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វីរភាពរបស់បងប្អូនអតីតយុទ្ធជនក្នុងការចូលរួមរំដោះប្រទេសជាតិ និងទប់ស្កាត់របប ប្រល័យ ពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រឡប់មកវិញ គឺជាគុណបំណាច់ដ៏ថ្លៃថ្លាធំធេងពុំអាចកាត់ថ្លៃបានឡើយ បងប្អូនបានលះបង់សាច់ស្រស់ឈាមស្រស់ ព្រមទាំង អវៈយវៈ របស់ខ្លួនដើម្បីជាតិមាតុភូមិ។
ក្នុងពិធីរំលឹកខួបទី១៦ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលីខេត្តកែប នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបន្តទៀតថា «ក្នុងនាមយើងទាំងអស់គ្នា ជាអ្នកដែលកំពុងរស់រានមានជីវិតក្នុងសង្គម ដែលពោរពេញដោយសន្តិភាព មានការដឹងគុណ និងសូមថ្លែងអំណរគុណចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនយើងទាំងអស់ ចំពោះការលះបង់គ្រប់បែបយ៉ាង»។
ទន្ទឹមនេះឯកឧត្ដម ចម ប្រសិទ្ធ ក៏បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ សម្តេចយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាអតីតយុទ្ធជន រាប់ទាំងយុទ្ធជនដែលបានពលី និងពិការ រួមទាំងក្រុមគ្រួសារ តាមរយៈការយកចិត្តទុកដាក់លើជីវភាពរស់នៅ ជាមួយការឧបត្ថម្ភនានា។
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានលើកឡើងថា រៀងរាល់ឆ្នាំសមាគមអតីតយុទ្ធជន បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាលាខេត្តកែប ក្នុងការរៀបចំពិធីរំលឹកខួប សមាគមអតីតយុទ្ធជន ពុំដែលខានឡើយ។
ឯកឧត្ដមថា ការប្រារព្ធពិធីថ្ងៃនេះ គឺជាការរំលឹកខួបលើកទី១៦ ទិវាសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងបំពាក់គ្រឿងឥស្សរិយយការពារជាតិ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលីជាលើកទី២ ចំនួន២៨០នាក់ ក្រោមអធិបតីភាពឯក ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដែលមានគ្រឿងឥស្សរិយយស ថា្នក់មាសចំនួន៥០ និងគ្រឿងឥស្សរិយយសថ្នាក់ប្រាក់ចំនួន២៣០។ ដោយឡែក ចំពោះសា្ថនភាពជីវភាពរស់នៅ របស់អតីតយុទ្ធជនកម្ពុជាខេត្តកែប គឺមានមុខរបរគ្រប់គ្នា ធ្វើស្រែ ចំការ និងនេសាទ។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកែប បានបញ្ជាក់ថា ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារយុទ្ធជនរបស់យើង អ្នកទទួលប្រាក់ប្រចាំខែទាបបំផុត ចំនួន ៧៧០,០០០រៀល និងខ្ពស់បំផុតចំនួន ១,៩១០,០០០រៀល អតីតយុទ្ធជន និងគ្រួសារពលី ក៏ទទួលបានប្រាក់ឧបត្ថម្ភពីរាជរាជរដ្ឋាភិបាលក្នុងឱកាសបុណ្យប្រពៃណីជាតិ មានបុណ្យចូលឆ្នាំថ្មី-បុណ្យភ្ជុំបិណ្ឌ ក្នុងម្នាក់ៗ ទទួលបានចំនួន ៥០,០០០រៀល ដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចផងដែរ៕