ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ «អត្ថប្រយោជន៍ ប.ស.ស សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានរៀបចំវេទិកាពិភាក្សាមួយក្រោមប្រធានបទ «អត្ថប្រយោជន៍ ប.ស.ស សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន» នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
វេទិកាពិភាក្សាខាងលើនេះមានការអញ្ជើញចូលរួមពី លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម ជាវាគ្មិនតំណាងពី ប.ស.ស លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានប្រមាណ៦០នាក់ មកពីស្ថាប័នផ្សេងៗគ្នា។
គោលបំណងនៃការរៀបចំវេទិកាពិភាក្សានេះឡើង ដើម្បីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតពីអត្ថប្រយោជន៍នៃការចូលជាសមាជិក ប.ស.ស តួអង្គណាខ្លះដែលអាចចូលជាសមាជិក តួនាទីរបស់ ប.ស.ស ក្នុងការការពារសិទ្ធសមាជិក និងការបង់វិភាគទានជាដើម៕