មិនថ្លៃ មិនខ្ពស់
“យុទ្ធវិធីមួយដ៏ល្អ គឺធ្វើឲ្យ ហ៊ុន សែន ឆ្គួត!”។ នេះ ជាការលើកឡើងនៅក្នុង Facebook page ផ្លូវការរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ ដោយឡែក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ចុងសប្តាហ៍មុននេះ លោក សម រង្ស៊ី បានហៅសម្តេច ហ៊ុន សែន ថាជា”បុរសកំសាក” នៅពេលលោក សម រង្ស៊ី ខ្លួនឯងតែងរត់ចោលយកប្រាសអាយុជារឿយៗ។
មកដល់ថ្ងៃនេះ ម៉ោងនេះ លោកសម រង្ស៊ី កំពុងបន្តប្រើប្រាស់យុទ្ធវិធីដដែលខាងលើ ដើម្បីទាញសម្តេចនាយករដ្ឋមន្រ្តីអោយធ្លាក់ក្នុងកញ្ច្រែងនយោបាយ ឬអន្ទាក់នយោបាយទុច្ចរិតរបស់គាត់។ ការប្រកាសវិលចូលស្រុកជារឿយៗរបស់លោក សម រង្ស៊ី តាំងពីឆ្នាំ២០១៨ និងការសន្យាពន្យាពេលចូលស្រុកច្រើនលើកច្រើនសារ ការបបួលសម្តេចហ៊ុន សែន ភ្នាល់ឬស្បថ ការចោទប្រកាន់សម្តេច ហ៊ុន សែន ពាក់ព័ន្ធមរណៈភាពលោក ហុក ឡងឌី ការហៅសម្តេច ហ៊ុន សែន ជាជនក្បត់ជាតិ។ល។និង។ល។ គឺសុទ្ធសឹងជាល្បិចកលនយោបាយរបស់លោក សម រង្ស៊ី ដើម្បីរុកគួនសម្តេច ហ៊ុន សែន អោយខឹងសម្បារ ប្រយោជន៍”កូរ”ស្ថានការណ៍នៅកម្ពុជាអោយ”វ៉ល់” ដែលមានលោកសម រង្ស៊ី ជាក្បាលម៉ាសុីនរៀបចំផែនការ និងបញ្ជាពីក្រៅប្រទេសក្នុងគោលបំណងបំផុសកំហឹង ចាក់ដោតអ្នកគាំទ្រអោយក្រោកបះបោរតាមទម្រង់បដិវត្តន៍ពណ៌ បង្កអំពើហិង្សា ចលាចល និងចុងក្រោយលោកសម រង្ស៊ី មានចេតនាចង់ឆក់ឱកាសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដោយគ្រាន់តែប្រើប្រាស់ឈាម និងអាយុជីវិតអ្នកគាំទ្រខ្លះខ្វះការពិចារណានៅក្នុងប្រទេស។ រយៈពេលចុងក្រោយនេះ លោកសម រង្ស៊ី ជ្រើសរើសយកវិធីវាយលុកសម្តេច ហ៊ុន សែន ជាបុគ្គលតាមបែបពាក្យសំដីនយោបាយបាតផ្សារ និងបែបជនអាវ៉ាសែតាមចិញ្ចឹមថ្នល់។
តើឆ្កែខាំ អ្នកត្រូវខាំឆ្កែវិញ?
“ស្ងៀមជាងស្រដី!” ពេលខ្លះមិនមែនមានន័យថា “ខ្លាច”ដូចលោក សម រង្ស៊ី កំពុងបញ្ឆេះកំហឹងនោះឡើយ។ ប្រសិនបើនិយាយអោយសាមញ្ញ និងស្រួលស្តាប់ខ្មែរហៅថា “ខ្ពើមជ្រលក់នាំថោកមាត់”។ ខ្ពើមជ្រលក់មាត់ ក៏ព្រោះតែលោក សម រង្ស៊ី បានក្លាយជាអ្នកនយោបាយ “មិនថ្លៃមិនខ្ពស់” (មិនថ្លៃ=ថោក មិនខ្ពស់=ទាប)។
សរុបសេចក្តីមក លោក សម រង្ស៊ី បានលូកកប់យ៉ាងជ្រៅទៅក្នុងនយោបាយស្មោគគ្រោក (Dirty politics) ដោយពុំគិតអំពីសីលធម៌នយោបាយ និងមិនខ្វល់ដល់វិនាសកម្មនានា ដែលអាចនឹងកើតឡើងដោយសារសម្តីមាត់កន្ថោររបស់គាត់៕ អត្ថបទ៖ ស្ទីវិន សាន់