ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងលិខិតថ្លែងបំណង ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម រវាងក្រសួងមហាផ្ទៃកម្ពុជា-បារាំង
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា លើសេចក្តីព្រាងលិខិតថ្លែងបំណងរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋបារាំង “ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម” ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋាននានា និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងលោក Fabrice ETIENNE លេខាទី១អមស្ថានទូតបារំាងប្រចាំកម្ពុជា និងលោកស្រី Nathalie Carlier អនុព័ន្ធសន្តិសុខផ្ទៃក្នុងអមស្ថានទូតបារំាងប្រចំាប្រទេសវៀតណាម ទទួលបន្ទុក កម្ពុជា ឡាវ វៀតណាម និងសហការីផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះភាគីបារាំង ដោយឯកឧត្តមបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជួបពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងលិខិតថ្លែងបំណងរវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងមហាផ្ទៃបារាំង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនាពេលនេះ។
ក្នុងអង្គប្រជុំភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើការ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងអភិបាលកិច្ច ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងមិត្តភាព និងភាពជាដៃគូ សម្រាប់ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងអន្តរជាតិ និងក្នុងតំបន់ចំពោះសន្តិសុខផ្ទៃក្នុង ជាពិសេស ដើម្បីធានាឱ្យបាននូវសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ។
ជាថ្មីម្តងទៀត ឯកឧត្តម ឡាំ ជា បានថ្លែងអំណរគុណចំពោះលោក Fabrice ETIENNE លេខាទី១អមស្ថានទូតបារំាងប្រចាំកម្ពុជា និងសហការី ព្រមទាំងសមាជិកអង្គប្រជុំជាតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ដែលបានសហការផ្តល់យោបល់នាពេលកន្លងកមក រហូតសម្រេចបាននូវសេចក្តីព្រាងលិខិតថ្លែងបំណងមួយដោយជោគជ័យ និងទទួលបានការឯកភាពគ្នានាពេលនេះ៕