ចិនបញ្ជាក់ថា ខ្លួនមានឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនជើងហោះហើរក្នុងការដឹកអ្នកដំណើរ
បរទេស៖ ក្រសួងការបរទេសចិនបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីបង្កើនជើងហោះហើរក្នុងការដឹកអ្នកដំណើររវាងប្រទេសទាំងពីរក្នុងលក្ខណៈដែលអាចបត់បែនបាន និងជាក់ស្តែង។
ការលើកឡើងនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងលោក Mao Ning ក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង។
លោក Mao Ning បានកត់សម្គាល់ថានាយកដ្ឋានដែលទទួលខុសត្រូវពីភាគីទាំងពីរបានរក្សាទំនាក់ទំនងលើការកើនឡើងនៃជើងហោះហើរអ្នកដំណើរ។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឈានដល់ការឯកភាពគ្នាក្នុងជំនួបរបស់ពួកគេ ខណៈដែលភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការលើកទឹកចិត្តប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងអប់រំ ពិភាក្សាអំពីការបង្កើនជើងហោះហើរអ្នកដំណើររវាងប្រទេសទាំងពីរ និងស្វាគមន៍។ លោកបានបន្តថា និស្សិត អ្នកសិក្សា និងពាណិជ្ជករកាន់តែច្រើនឡើងទៅលេងប្រទេសរបស់គ្នា។
លោក Mao Ning បានបន្ថែមថា ពួកគេក៏នឹងផ្តល់ការគាំទ្រ និងការសម្របសម្រួលពាក់ព័ន្ធផងដែរ។
លោក Qin Gang និងលោក Antony Blinken បានជួបគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។ កិច្ចពិភាក្សារបស់ពួកគេមានរយៈពេលជាងប្រាំពីរម៉ោង ដែលត្រូវបានសាទរដោយភាគីទាំងពីរថា ស្មោះត្រង់ សំខាន់ និងស្ថាបនា។
ប្រភព៖ CGTN
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]