ឯកឧត្តម កើត រិទ្ធ អញ្ជើញចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៃរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកា រដ្ឋសភា ចំនួន ១១១រូប។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកស្ទួយគុណតម្លៃនៃលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។ សេចក្តីព្រាងច្បាប់នេះមាន ៨ មាត្រា និងដែលត្រូវបានអង្គរដ្ឋសភាអនុម័តដោយសំឡេង ១១១ ៕