រដ្ឋមន្ត្រីប្រៃសណីយ៍ អំពាវនាវដល់សិស្ស-និស្សិតទាំងអស់ ភ្ជាប់ឆានែលតេឡេក្រាមរបស់សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអំពាវនាវដល់សិស្ស-និស្សិតទាំងអស់ ភ្ជាប់ឆានែលតេឡេក្រាមរបស់សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ។
ការអំពាវនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ខណពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកបាទី ខេត្តតាកែវ ដែលបានបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ក្រៅពីការសាកសួរសុខទុក្ខសិស្ស-និស្សិត ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពី ការរីកចម្រើននៅក្នុងស្រុកបាទី ការណែនាំសិស្ស-និស្សិតឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ ប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលជំនះបាននូវរាល់ឧបសគ្គ ហើយស្តារស្ថានភាពឱ្យប្រសើរឡើងវិញ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលលើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ និងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។
ស្របជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញចាប់យកឌីជីថលនិងការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Center) គម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអ៊ីនធឺណិតល្បឿនលឿនមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅតាមគ្រឹះស្ថានសាធារណៈនិងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់រយកន្លែងជារៀងរាល់ឆ្នាំសម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សិស្ស-និស្សិតទាំងអស់គ្នា ភ្ជាប់ទៅកាន់ឆានែលតេឡេក្រាមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស និងបានផ្តាំផ្ញើសិស្ស-និស្សិតបន្តការសិក្សាឱ្យបានចប់គ្រប់ៗគ្នា ដើម្បីទទួលបានអនាគតល្អប្រសេីរ៕