សាលារៀនគោលដៅចំនួន ១២៦បន្ថែមទៀត នឹងត្រូវអនុវត្តកម្មវិធីផ្តល់អាហារពេលព្រឹកដល់កុមារ នៅឆ្នាំ២០២៤
ភ្នំពេញ៖ សាលារៀនគោលដៅចំនួន ១២៦កន្លែង បន្ថែមទៀត នឹងត្រូវដាក់ឲ្យអនុវត្តអនុវត្ដកម្មវិធីផ្តល់អាហារពេលព្រឹកដល់កុមារនៅតាមសាលារៀន ដើម្បីអភិវឌ្ឍមូលធនមនុស្ស ជាពិសេសកុមារតូចដែលជាថ្នាលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
យោងតាមរបាយការណ៍របស់គណ:កម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១,១១៣សាលា នៃខេត្តចំនួន ១០ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០ម៉ឺននាក់ ដែលដំបូងត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងដៃគូនានា។
របាយការណ៍បន្តថា ចាប់តាំងពីឆ្នាំ២០១៩មក និងស្របតាមផែនការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម, កម្មវិធីនេះ ត្រូវបានផ្ទេរការគ្រប់គ្រងឲ្យអនុវត្តជាបណ្តើរៗ ពីកម្មវិធីស្បៀងអាហារពិភពលោក មកក្រោមការដឹកនាំអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា វិញ។ គិតត្រឹមឆ្នាំ២០២៣ នេះ, រាជរដ្ឋាភិបាលសម្រេចទទួលយកសាលាគោលដៅមកក្រោមការគ្រប់គ្រងអនុវត្តរបស់ក្រសួងអប់រំបានចំនួន ៤២៧ សាលា ក្នុងខេត្តចំនួន ១០ រួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ដែលមានសិស្សទទួលផលប្រមាណចំនួន ១១ម៉ឺននាក់នាក់។
យោងតាមរបាយការណ៍ដដែលថា សម្រាប់ឆ្នាំ២០២៤ ខាងមុខ រាជរដ្ឋាភិបាល នឹងពង្រីកសាលារៀនគោលដៅបន្ថែមចំនួន ១២៦សាលាថែមទៀត ដែលនឹងនាំឱ្យសាលារៀនគោលដៅអនុវត្តកម្មវិធីនេះមានចំនួនសរុប ៥៥៣សាលា។ ដែលការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀននេះ ត្រូវបានប្រើប្រាស់កសិផលក្នុងសហគមន៍ ។
រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីការអភិវឌ្ឍ មូលធនមនុស្ស ជាពិសេសកុមារតូចដែលជាថ្នាលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយបានខិតខំធ្វើយ៉ាងណាពង្រីកសេវាអបរំឱ្យដល់គ្រប់ភូមិឃុំនៅទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់ផងដែរ ក្នុងការជំរុញឱ្យសិក្សានុសិស្សបានមករៀនទៀងទាត់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សាឱ្យបានកាន់ច្រើន។
ជាក់ស្តែងកម្មវិធីផ្តល់អាហារតាមសាលារៀននេះ បានអនុវត្តតាំងពីឆ្នាំ១៩៩៩ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកុមារ ដែលរស់នៅតំបន់គោលដៅ ជាមួយនឹងការបង្កើនអាហារូបត្ថម្ភចម្រុះដល់កុមារ ក្នុងការរួមចំណែកដល់ការលើកស្ទួយផ្នែកសុខភាព សតិបញ្ញា ស្មារតី និងអារម្មណ៍ពួកគេឱ្យមករៀន ដោយមិនមានភាពឃ្លានក្នុងម៉ោងសិក្សា, បង្កើនអត្រាចូលរៀន និងជំរុញឱ្យសិស្សមករៀនបានទៀងទាត់ទាត់ បង្កើនអត្រាឡើងថ្នាក់ បង្កើនអត្រាបញ្ចប់ភូមិសិក្សានៅកម្រិតបឋមសិក្សា និងបានកាត់បន្ថយអត្រាបោះបង់ការសិក្សា, បង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងសហគមន៍គោលដៅ តាមរយ:ការជំរុញឱ្យផលិតស្បៀងចម្រុះដើម្បីផ្គត់ផ្គង់ស្បៀងដល់កម្មវិធីនៅតាមសាលារៀន ប្រកបដោយគុណភាព និងនិរន្តរភាព៕