ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកបច្ច័យ និងទេយ្យទាន អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅប្រគេនព្រះសង្ឃ ១៥៦អង្គ កំពុងគង់ស្នាក់នៅរៀនសូត្រ នៅវត្តឥន្ទ្រីសំវរៈ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំសហការី នាំយកបច្ច័យ និងទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃចំនួន១៥៦អង្គ ដែលកំពុងគង់ស្នាក់នៅរៀនសូត្រផ្នែកធម៌វិន័យ នៃព្រះពុទ្ធសាសនា នៅក្នុងទីអារាមវត្តឥន្ទ្រីសំវរ: ហៅវត្តកំពង់ធំ ស្ថិតក្នុងសង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយកងទ័ពជាកូនចៅរបស់ប្រជាជន និងដើម្បីបម្រើប្រជាជន ហើយព្រះសង្ឃ និងទីវត្តអារាមជាស្រែបុណ្យរបស់ប្រជាជននិងពុទ្ធបរិស័ទ ដូច្នេះយើងទាំងអស់គ្នាជួយចូលរួមចំណែកគាំទ្រដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃមានលទ្ធភាពគង់ស្នាក់នៅរៀនសូត្រដើម្បីបន្តផ្សព្វផ្សាយព្រះធម៌ ជូនដល់មហាជនទូទៅ ឱ្យប្រព្រឹត្តនូវអំពើល្អ ស្គាល់បុណ្យបាប នឹងមានគុណធម៌ ។
នៅក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងទីអារាមវត្តកំពង់ធំនេះមានព្រះសង្ឃចំនួន១៥៦អង្គ ដែលកំពុងគង់ស្នាក់នៅ រៀនសូត្រព្រះធម៌ ហើយមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ ដូច្នេះដើម្បីសម្រួលដល់ការលំបាកនេះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឯកភាពគ្នានាំយកទេយ្យទាន និងបច្ច័យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដើម្បីផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃ ដើម្បីការរៀនសូត្រធម៌វិន័យព្រះពុទ្ធសាសនាបន្តទៀត។
ព្រះតេជគណព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតនិងលោកជំទាវ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលបាននាំមកនូវបច្ច័យនិងទេយ្យទាន យកមកប្រគេនផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃ ដែលកំពុងស្នាក់នៅរៀនសូត្រនៅក្នុងទីអារាមនេះ និងបានសូមជូនពរឯកឧត្តមលោកជំទាវ លោក លោកស្រី នាយទាហាននាយទាហានរងនិងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕