អភិបាលខេត្តត្បូងឃ្មុំ បន្តនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៨៣គ្រួសារ ទូទាំងស្រុកអូរាំងឪ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានបន្តចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុត សរុបចំនួន ៦៨៣គ្រួសារ ស្ថិតនៅវត្ដអម្ពវនារាមស្វាយមីង ភូមិស្វាយមីង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប្រទេសជាតិ មានសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ធ្វើអោយមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើនមកដល់ពេលបច្ចប្បន្ននេះ អរគុណសន្តិភាព និងសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេណ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សូមថ្លែងអំគុណអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដែលតែងតែយកចិត្តទុកដាក់ពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ និងបានរាយការណ៍ជូនដល់ថ្នាក់ដឹកនាំខេត្ត ដើម្បីអោយដោះស្រាយការលំបាកជូនបានទាន់ពេលវេលាហើយឆាប់រហ័ស។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក ដល់លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព អោយបានល្អ រស់នៅត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ក្តៅ- ត្រជាក់នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនទាំងអស់សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានពិសេសគ្រោះអគ្គិភ័យ អាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រសិនបើមានការធ្វេសប្រហែសណាមួយកើតឡើង។
បើតាមលោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្របំផុតចំនួន ៦៨៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, មី ១កេស និងថវិកាមួយចំនួនផងដែរ ៕