លោកជំទាវ មិថុនា ភូថង ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសទទួលបានព្រះរាជគោរមងារជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»
ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»។
«ពុទ្ធមាមកាភិបាល (Patron of The WFB)»៖ គឺជាគោរមងារដែលផ្តល់ជូនដល់ថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា រួមទាំងសកម្មភាពរបស់ WFB។ «ព្រះរាជពុទ្ធមាមកាភិបាល (Royal Patron of The WFB)» ជាគោរមងារសម្រាប់ផ្តល់ជូនដល់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង ពុទ្ធមាមកាភិបាល ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។
ក្នុងឱកាសដ៏មហានក្ខត្តឬក្ស ដ៏វិសេសវិសាលថ្លៃថ្លាបំផុត ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ ស្វាមីភ័ក្ត និងកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លោកជំទាវ មិថុនា ភូថង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិលើលោក ឬទ្ធីបារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ និង ព្រះមហាក្សត្រីយានី ជាពិសេសព្រះបារមីនៃព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ប្រោះព្រំប្រទានព្រះពរ ជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់បាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍រៀងទៅ ៕