នាយករដ្ឋមន្ត្រី៖ នយោបាយសន្ដិភាពរវាងកម្ពុជា និងវៀតណាម បានធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អផ្នែកពាណិជ្ជកម្មប្រទេសទាំងពីរ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា នយោបាយសន្ដិភាពរវាងកម្ពុជា និងវៀតណាម បានធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយកម្មការ កម្មការិនី នៅខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចតេជោបានគូសបញ្ជាក់ថា ផ្ទុយពីអ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា, នយោបាយធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ដែលជាការញុះញង់បង្កឲ្យមានការរើសអើង ដើម្បីតែសន្លឹកឆ្នោត មិនមែនជាគោលនយោបាយដែលគួរគាំទ្រនោះទេ ហើយនយោបាយជ្រុលនិយមបង្កអរិភាពបែបនេះ គឺជានយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេស។
សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើអ្នកដទៃ ដែលមួយថ្ងៃៗ គិតតែរករឿងវៀតណាម ជេរវៀតណាមឥតឈប់ សួរថា ថ្ងៃនេះមានវត្តមានរោងចក្រនៅទីនេះទេ? នយោបាយជ្រុលនិយម បោកប្រាស់តាមរយៈ នៃការញុះញង់ឲ្យមានអរិយភាពជាមួយប្រទេសជិតខាង វាជាគោលនយោបាយគ្រោះថ្នាក់បំផុតសម្រាប់ប្រទេស។ ពូ (សម្ដេចតេជោ) ក្នុងឋានៈជាមេដឹកនាំដែលបាននាំមកនូវការបញ្ចប់សង្គ្រាម ពូដាក់ចេញនូវគោលដៅពីរបន្ទាប់ពីសង្គ្រាមបានបញ្ចប់”។
សម្ដេចតេជោ ហ៊ុន សែនបន្ថែមថា ក្នុងឋានៈជាមេដឹកនាំដែលបាននាំមកនូវការបញ្ចប់សង្គ្រោះ បានដាក់ចេញនូវគោលនយោបាយពីរ រួមមាន៖ ទី១៖ ប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាអភិវឌ្ឍន៍ និងមានទីផ្សារ និងទី២៖ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ផ្ដើមចេញពីគោលនយោបាយទាំងពីរនេះ តំបន់ព្រំដែនកម្ពុជា-វៀតណាម បានសម្រេចនូវជោគជ័យតាមរយៈចំនួនរោងចក្រ តំបន់ឧស្សាហកម្ម មានការកើនឡើង។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា នយោបាយសន្ដិភាពរបស់កម្ពុជា ស្របគ្នាជាមួយនយោបាយសន្ដិភាពរបស់វៀតណាម ដែលត្រូវរិះរកការធ្វើពាណិជ្ជកម្មជាមួយគ្នា វិនិយោគទៅវិញទៅមក។ ក្នុងនោះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម បានដើរលើសជាង១០ពាន់លានដុល្លារ ខណៈទំនិញនាំចេញទៅវៀតណាម ពីមុនតិចជាងវៀតណាមនាំចូលមកកម្ពុជា ប៉ុន្ដែបច្ចុប្បន្នពេលខ្លះទំនិញកម្ពុជា ទៅវៀតណាម ច្រើនជាងវៀតណាមចូលមកកម្ពុជា ដែលនេះជាសេដ្ឋកិច្ចបំពេញឲ្យគ្នា៕