អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះដាំដើមក្ងោកចំនួន ៨០០ដើម តាមសង់ខាងបណ្តោយផ្លូវលេខ ៧៦ ដើម្បីបង្កើនទេសភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំមន្ទីរអង្គភាពជំនាញ អាជ្ញាធរស្រុក និងយុវជនជាច្រើនរូប បានអញ្ជើញចុះដាំដើមក្ងោកតាមសងខាងបណ្ដោយផ្លូវជាតិលេខ៧៦ ចាប់ពីចំណុចវិទ្យាល័យ ហ៊ុន សែន កែវសីមា ស្ថិតនៅស្រុកកែវសីមា។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យដឹងថា គោលបំណង នៃការដាំក្ងោកនេះ គឺដើម្បីបង្កើនទេសភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍ ព្រម ទាំងឱ្យមានដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិនានា ផ្តល់ជាម្លប់សម្រាប់មនុស្ស និងសត្វដកដង្ហើមជាដើម។
ឯកឧត្តមបញ្ជាក់ថា ដើម្បីសម្រួលដល់ក្រុមការងារដាំដើមក្ងោកសម្រេចតាមផែនការបានគ្រោងទុក សូមស្នើដល់រដ្ឋបាលស្រុកកែវសីមា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមានទីលំនៅតាមបណ្ដោយផ្លូវជាតិលេខ ៧៦ ចូលរួមសហការអនុវត្តន៍ឱ្យបានល្អប្រសើរ។
ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារ ដើមក្ងោកដែលដាំនេះ រួមទាំងធនធានធម្មជាតិ ឲ្យបានល្អប្រសើរ ៕