គ្រោះថ្នាក់ចរាចរណ៍ ២ករណីដោយឡែកពីគ្នា ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៣ មនុស្ស០១នាក់បានស្លាប់ដោយរ៉ឺម៉កគោយន្ត្រៃដឹកឈើក្រឡប់សង្កត់ នៅស្រុកស្វាយចេក និង០១នាក់ទៀតរងរបួសធ្ងន់ដោយបើកម៉ូតូបុករនាំងដែកការពារផ្លូវ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៤ ខែមិ៩ថុនា ឆ្នាំ២០២៣ នៅចំណុចខាងជើងភូមិតាគល់ចម្ងាយ ២០០ ម៉ែត្រ ពីឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានគោយន្តកន្រ្តៃ០១គ្រឿងដឹកចំរ៉ឹងឈើក្រឡប់សង្កត់អ្នករួមដំណើរស្លាប់ ។
នគរបាលបានបញ្ជាក់ថា ដំបូងគោយន្តកន្រ្តៃដឹកចំរ៉ឹងឈើនោះធ្វើដំណើរពីជើងទៅត្បូងបើកបរដោយឈ្មោះ អៀម អឺន ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិរញ្ចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ជាអ្នកស៊ីឈ្នួល រួមដំណើរដោយ ម្ចាស់ គោយន្តកន្រ្តៃឈ្មោះ ចោម ចាម ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិ ភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ពេលបើកមកដល់ខាងជើងភូមិតាគល់ចម្ងាយ ២០០ ម៉ែត្រ ពីឃុំផ្គាំ គោយន្តបានរេចង្កូតធ្លាក់ប្រឡាយក្រឡាប់រ៉ឺម៉កគោយន្តបានសង្កត់ឈ្មោះ ចោម ចាម ភ្លាមៗនោះមានបងប្អូននៅក្បែរនោះបានជួយរើចំរ៉ឹងយកជនរងគ្រោះចេញពីក្រោមរ៉ឺម៉កគោយន្ត បញ្ជូនទៅគ្លីនិកទេវិន្ត ពេលទៅដល់ ពេទ្យក៏ពិនិត្យឃើញថាជនរងគ្រោះបានស្លាប់បាត់ហើយ ។
ដោយឡែក០១ករណីទៀត នៅស្រុកថ្មពួក នៅវេលាម៉ោង០៧យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយខ្លួនឯង ទិសដៅពីលិចទៅកើត នៅចំណុចផ្លូវកោងលើកំណាត់ផ្លូវជាតិលេខ២៥៦៣ A ខាងលិចសាលាបឋមសិក្សាភូមិថ្មីឯកភាព ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំគោករមៀត ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឺន ភេទប្រុស អាយុប្រហែល៣៦ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម្នាក់ឯងម៉ាកHonda dream c125 ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង1AM.7022 ។
នគរបាលបានបញ្ជាក់ថា ដំបូងជនរងគ្រោះ បានបើកម៉ូតូទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន (សង្ស័យស្រវឹង) ដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតទៅបុករនាំងដែកការពារផ្លូវផ្នែកខាងស្ដាំដួលម៉ូតូបែកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹកទៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក៕