បណ្ឌិត ហ៊ុន ម៉ាណែត៖ គោលដៅសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបនោះគឺ ជីវិត ក្រពះ និងកិត្តិយស
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា អ្វីដែលជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបនោះគឺ ជីវិត ក្រពះ និងកិត្តិយស៖ ទី១.ជីវិត គឺសំដៅដល់ការយកចិត្តទុកដាក់អំពីហានិភ័យផ្នែកសុវត្ថិភាព សុខភាព និងបញ្ហាប្រឈមនានាដល់អាយុជីវិត ដូចជាជំងឺកូវីដ-១៩, ទី២.ក្រពះ គឺការស្វែងរកទាក់ទាញការវិនិយោគ ការពង្រីកទីផ្សារ និងអភិវឌ្ឍសមត្ថភាពជំនាញ សំដៅបង្កើនឱកាស និងពង្រឹងគុណភាពផ្នែកការងារ ដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង និងទី៣.កិត្តិយស គឺសេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាពលរដ្ឋទាំងជាលក្ខណៈបុគ្គល និងការកសាងស្នាដៃ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមរោងចក្រ-សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ជាមួយគ្នានេះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានប្តេជ្ញាចិត្តធានានិរន្តរភាពនៃបរិស្ថានអំណោយផលសំខាន់ចំនួន ៤ រួមមាន៖ ១.សន្តិភាព ស្ថិរភាព និងសន្តិសុខ, ២.សិទ្ធិសេរីភាព, ៣.បង្កើតការងារទាំងបរិមាណ និងគុណភាព និង៤.ការផ្តល់ការគាំទ្រ និងនិងពង្រឹងលទ្ធភាពក្នុងការទទួលបាននូវអត្ថប្រយោជន៍នានាសម្រាប់កម្មករ-និយោជិត ៕