អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព៖ ការលះបង់សាច់ស្រស់ឈាមស្រស់ របស់សម្ដេចតេជោ បានធ្វើឲ្យកម្ពុជារួចផុតពីភ្លើងសង្គ្រាម ប្ដូរមកជាសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍស្ទើរគ្រប់វិស័យ
ភ្នំពេញ៖ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុក នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាលជាមួយ សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំត្បែង និងមន្រ្តីគណបក្សឃុំស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានចំនួនប្រមាណ ៣,៦០០នាក់។
ថ្លែងក្នុងឱកាសនេះ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ក៏បានរំឭកអំពីមហាសោកនាដកម្មដែលប្រជាពលរដ្ឋខ្មែរបានជួបប្រទះនៅក្នុងរបបដ៏ខ្មៅងងឹតគឺរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដោយសារតែមានវត្តមាន និងការលះបង់សាច់ស្រស់ឈាមស្រស់ ក៏ដូចជាការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជារួចផុតពីភ្លើងសង្គ្រាម ប្ដូរមកជាសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍស្ទើរគ្រប់វិស័យ។
ដូចសព្វមួយដង អ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ រួមមានទេយ្យទាន និង បច្ច័យសម្រាប់ប្រគេនព្រះសង្ឃ ៧អង្គ ព្រមទាំងអង្ករ ១០តោន និងថវិកាមួយចំនួនទៀតប្រគល់ជូនស្ថាប័នពាក់ព័ន្ធ សមាជិក-សមាជិកាគណបក្ស ក្រុមប្រឹក្សា/មន្ត្រីគណបក្សស្រុក-ឃុំ អញ្ជើញចូលរួមទាំង ៣.៦០០ នាក់ និង ចំណាយផ្សេងៗអស់ថវិកាប្រមាណ ២៥០លានរៀល។
ជាទីបញ្ចប់ អ្នកឧកញ៉ា បណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើ និង ណែនាំឱ្យមន្ត្រី និងសកម្មជនព្រមទាំងសមាជិក-សមាជិកាគណបក្សឃុំ គណបក្សស្រុកទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និង អភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕