ក្រុមការងារចុះជួយស្រុកមោងឫស្សី បន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ កាលពីនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមោងឫស្សី និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមការងារចុះជួយមូលដ្ឋានស្រុកមោងឫស្សី ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកផ្សេងទៀត នៃក្រុមការងារ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនរូប ដើម្បីបន្តពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណជាង ២៥០០ នាក់ ដែលមកពីឃុំនានានៃស្រុកមោងឫស្សី។
នៅក្នុងឱកាសនេះ, ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលត្រូវបានរៀបចំ និងសម្របសម្រួលដោយ ឯកឧត្តម ជិត ប៊ុណ្ណារ៉ា បាននាំយក សម្ភារ ឧបករណ៍ និងបរិក្ខារពេទ្យមួយចំនួន ដើម្បីពិនិត្យ និងវាស់ភ្នែកជូនប្រជាពលរដ្ឋ ហើយក៏បានត្រៀមវ៉ែនតាជាច្រើនពាន់វ៉ែនតា ដើម្បីកាត់ជូនប្រជាពលរដ្ឋដែលមានតម្រូវការ ដោយឥតគិតថ្លៃ។
បន្ថែមពីការពិនិត្យ វាស់ភ្នែក និងកាត់វ៉ែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ, ក្នុងករណីពិនិត្យឃើញថា ភ្នែករបស់ប្រជាពលរដ្ឋមានបញ្ហាដែលតម្រូវឱ្យធ្វើការវះកាត់, ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏អាចនឹងសម្របសម្រួលជូនប្រជាពលរដ្ឋទៅទទួលការវះកាត់នៅមន្ទីរពេទ្យដោយឥតគិតថ្លៃ ដូចដែលក្រុមការងារធ្លាប់សម្របសម្រួលការវះកាត់ជូនប្រជាពលរដ្ឋមួយចំនួននៅស្រុកមោងឫស្សី បានដោយជោគជ័យនាពេលកន្លងទៅផងដែរ៕