ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាគ្រឿងចក្របើកការដ្ឋាន ស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រវែង ៧គីឡូម៉ែត្រ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំបន្ទាយស្ទោង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែ មានប្រវែង ៧ គឺឡូម៉ែត្រ ដែលឆ្លងកាត់ភូមិបន្ទាយស្ទោងទៅកាន់ភូមិបវែង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្ត កំពង់ធំ ។
លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីអំពីផែនការស្ថាបនាផ្លូវក្រាលគ្រួសក្រហម មានប្រវែង៧គីឡូម៉ែត្រ ឆ្លងកាត់ភូមិបន្ទាយ ស្ទោង ទៅកាន់ភូមិបវែង ស្ថិតក្នុងឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកន្លងមកផ្លូវនេះមានការខូចខាតយ៉ាងខ្លាំងលំបាកក្នុងការធ្វើដំណើររបស់ប្រជាជនពិសេសក្នុងរដូវវស្សា ហើយផ្លូវនេះក្រោមគម្រោងឧបត្ថម្ភកញ្ចប់ថវិកាវិភាចន៍ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះជាកញ្ចប់ថវិកាវិភាចន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន តាមរយៈក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងបាន សម្រេចអនុញ្ញាតឲ្យស្ថាបនាផ្លូវក្រាលគ្រួស ក្រហម ប្រវែង៧គីឡូម៉ែត្រមួយខ្សែទៀតនេះ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្ត កំពង់ធំយើង ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវដ៏មានសារៈសំខាន់នេះ ដែលត្រូវតភ្ជាប់ពីស្ពានដែកបាឡេ ឆ្លងកាត់ស្ទឹងសែន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីភូមិបន្ទាយស្ទោងទៅកាន់ភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលផ្សេងៗ ក្នុងការផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង អំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានសហការយ៉ាងល្អក្នុង ការបង្កលក្ខណៈងាយស្រួល ជួយដោះស្រាយនូវរាល់ផលប៉ះពាល់នៃការ ពង្រីកផ្លូវថ្មីឲ្យមានភាពធំទូលាយ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមមេត្តាជួយថែរក្សាកុំឱ្យខូចខាត ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីធ្វើឲ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត ព្រមជាមួយនោះ ត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសស្បឿនកំណត់ ដែលនាំឲ្យមានគ្រោះថ្នាក់ របួសពិការឬបាត់បង់ជីវិតឡើយ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលតី៧ នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន និងគណៈអធិបតី បានបញ្ជាគ្រឿងចក្រជានិមិត្តរូប ដើម្បីចាប់ផ្ដើមដំណើរការបើកការដ្ឋានស្ថាបនាផ្លូវចាប់ពីពេលនេះតទៅ សម្រាប់ជូនដល់ប្រជាជនក្នុងការធ្វើដំណើរឆ្លងកាត់ប្រកបដោយភាពងាយ ស្រួលនិងសុវត្ថិភាពក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍ ៕