ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត និងឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារ
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឲ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកសេសាន នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារ ដែលរស់នៅក្នុងឃុំស្រែគរ១ និងស្រែគរ២ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ សុខទុក្ខ ប្រជារាស្ត្រនិងប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយ៉ាល។
ឯកឧត្តមវេជ្ជ. បានប្រសាសន៍បន្តថា រដូវវស្សាជិតចូលមកដល់ហើយ ដូច្នេះភ្លៀងកក់ខែជាពិសេសរន្ទះបាញ់កាចៗណាស់ សូមបងប្អូនទាំងអស់សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេលមានភ្លៀងធ្លាក់ខ្យល់ខ្លាំង សូមកុំនៅទីវាល វាលស្រែ ឬនៅលើផ្ទៃទឹក ឬក្រោមដើមឈើ ព្រោះយើងអាចមានហានិភ័យខ្ពល់ដោយរន្ទះបាញ់បាន។
ឯកឧត្តមវេជ្ជ. បានប្រសាសន៍បន្ថែមទៀតថា សម្តេចតេជោ បានអញ្ជើញជួបជាមួយកម្មករនិងកម្មកានីរោចក្របានមានប្រសាសន៍ថា ជំងឺអេដស៍ និងជំងឺកូវីដ-១៩ គឺមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ សូមបងប្រុងប្រយ័ត្ន ត្រូវរក្សាអនាម័យ អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រីឬទឹកស៊ីអ៊ីវ ១យួរ និងឃីត ១ឈុត (សារុង១ មុង១ ភួយ១ និងក្រមា១) ៕