សម្តេចតេជោ អំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការបង្ការការចម្លង និងការឆ្លងរីករាលដាល នៃជំងឺអេដស៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបង្ការការចម្លង និងការឆ្លងរីករាលដាល នៃជំងឺអេដស៍ ដែលមានការកើនឡើងប្រមាណ ៣០០ករណី នៅឆ្នាំ២០២២ ដែលភាគច្រើនកើតឡើងទៅលើ ក្រុមគោលដៅដែលមាននិន្នាការ អ្នកស្រលាញ់ភេទដូចគ្នា «ប្រុសស្រលាញ់ប្រុស» ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ/កម្មការិនីប្រមាណជិត២ម៉ឺននាក់ នៅក្រុងច្បារមន និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោក៏សុំកុំអោយមានការរើសអើងអ្នកផ្ទុកមេរោអេដស៍ទាំងក្នុងសង្គមរស់នៅប្រចាំថ្ងៃ និងក្នុងក្របខណ្ឌការងារ ហើយអ្នកផ្ទុកមេរោគអេដស៍ទាំងឡាយ សូមទៅពិគ្រោះ និងប្រឹក្សាជាមួយគ្រោះពេទ្យជំនាញ ព្រមទាំងទទួលយកឱសថពន្យារអាយុជីវិត។
សម្ដេចតេជោបញ្ជាក់ថា «អ្វីដែលជាកង្វល់ គឺការឆ្លងមេរោគអេដស៍ ដែលមានការកើនឡើងដល់ទៅ៣០០ករណី, នៅឆ្នាំ២០២២ មានករណីឆ្លង១៤០០ករណី គឺកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ភាគច្រើនកើតលើអ្នកយកភេទដូចគ្នា ពិសេសប្រុសនិងប្រុស ។ ជំងឺអេដស៍មិនទាន់អស់ពីកម្ពុជានោះទេ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន» ៕