ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅកំណត់ខេត្ត១ខ្សែ ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយស្រុកបាទី នាព្រឹកថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅកំណត់ខេត្ត១ខ្សែ លេខ១២០B ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ឯកឧត្តម គី តិច ប្រធានក្រុមការងារចុះជួយឃុំក្រាំងធ្នង់ ព្រមទាំងលោក ភួន ឈីម អភិបាលស្រុកបាទី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ស្នងការរង មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ក្រុមប្រឹក្សាស្រុក ឃុំ និងការិយាល័យចំណុះរដ្ឋបាល និងលោកតា លោកយាយ ពូមីង បងប្អូន ចូលរួមសាទរនូវសមិទ្ធិផលយ៉ាងច្រើនកុះករ។
សមិទ្ធិផលដែលបានសម្ពោធរួមមាន កំណាត់ផ្លូវខេត្តលេខ១២០B តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ៣ ប្រភេទបេតុង និងក្រាលកៅស៊ូ DBST របស់រាជរដ្ឋាភិបាល កសាងឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងសមិទ្ធិផលផ្លូវបេតុង និងផ្លូវកៅស៊ូ មានប្រវែង ៤គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ឆ្លងកាត់ភូមិទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ឆ្ពោះទៅកាន់ព្រៃភ្នំតាម៉ៅ ដាក់លូអមសងខាងផ្លូវ ប្រវែង ៨,០០០ម៉ែត្រ បេតុងប្រវែង ៣០ម៉ែត្រ លូឆ្លងកាត់ផ្លូវជាច្រើនកន្លែង ដោយមានការឧបត្ថម្ភពីក្រុមហ៊ុន H&L Group របស់អ្នកឧកញ៉ា អ៊ឹង លីហេង និងអ្នកឧកញ៉ា តាំង ហ្វិចលៀង អ្នកឧកញ៉ា ឡេង ភក្ត្រា ព្រមទាំងសម្បុរសជននានាផងដែរ។
ព្រមជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើបងប្អូន លោកតា លោកយាយ ពូមីង លោកគ្រូ អ្នកគ្រូ អញ្ជើញទៅបានបោះឆ្នោតឱ្យបានគ្រប់គ្នាៗ បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីជ្រើសរើសថ្នាក់ដឹកនាំ នឹងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃអនាគត ជានាយករដ្ឋមន្ត្រីកម្ពុជា ៕