ឯកឧត្តម ថង សាវុន នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ១១៨គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកកោះញែក
ភ្នំពេញ៖ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងសហការី នាព្រឹកថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្រ្ដីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ១១៨គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ថង សាវុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ៤ដប, ទឹកស៊ីអ៉ីវ ៤ដប, មុង១, ភួយ១, សារុង១, ក្រមា១, អាវយឺត១ និងថវិកាចំនួន ៥មុឺនរៀល ៕