សម្ភោធឆ្លងដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តត្រៃបទុមារាមសំបួរ ស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ សមិទ្ធផលនានា ក្នុងវត្ដត្រៃបទុមារាមសំបួ ក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការគ្រួសារកុមារអភិវឌ្ឈ ហៅកាត់FRA នៃកោះតៃវ៉ាន់ដែលសរុបថវិកាអស់ជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានធ្វើពិធីឆ្លងដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោកស្រីយាំង អួយលីននាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍលើទឹកដីនៃកោះតៃវ៉ាន់ដែលបានមានប្រសាសន៍ថា៖ អំណោយទាំងនេះ គឺបានមកពីការកៀងគររកមូលនិធិពីបង ប្អូនសប្បុរសជន ប្រជាជនរស់នៅលើទឹកដីនៃកោះតៃ វ៉ាន់ ផ្តល់នូវសមិទ្ធផលផ្សេងៗដែលបានធ្វើពិធីកាត់ខ្សែបូសម្ពោធឆ្លងពេលនេះ ក្រៅពីនេះអង្គការក៏បានធ្វើការចែកជូននូវអង្ករ ដល់បង ប្អូនដែលបានចូលរួមចំនួន ៤១០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម នេះគឺជាសន្ដានចិត្តអាណិតស្រឡាញ់រវាងប្រជាជននៃកោះតៃវ៉ាន់មកលើប្រជាជនកម្ពុជា ។
លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបានមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកា ដែលលោកស្រីតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ពិសេសវិស័យអប់រំសិក្សាដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស។
លោក អភិបាលរងខេត្តក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះស្មារតីយកចិត្ត គាំទ្រផ្តល់ថវិកាកសាងសមិទ្ធផលនានាក្នុងវត្តត្រៃបទុមារាសំបួរនិងបានផ្តល់នូវអំណោយជាអង្ករចែកជូនដល់បងប្អូនចំនួន ៤១០គ្រួសារថ្ងៃនេះសរុបថវិកាទាំងអស់ចំនួន២៦.០៦៥ដុល្លារសហរដ្ឋអាមេរិកនេះគឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាបញ្ជាក់ឲ្យឃើញអំពីការគិតគូរនូវក្ដីអាណិតស្រឡាញ់ ជនជាតិខ្មែរនិងជនជាតិតៃវ៉ាន់៕