រដ្ឋមន្រ្តីព័ត៌មាន អញ្ចើញពិនិត្យមើលអំពីវឌ្ឍនភាព ទំនប់វារីអគ្គិសនីសេសានក្រោម២ អានុភាព ៤០០មេហ្កាវ៉ាត់ ខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ចើញទស្សនកិច្ចនៅតំបន់ទន្លេសេសាន ខេត្តស្ទឹងត្រែង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពទំនប់វារីអគ្គិសនីសេសានក្រោម២ អានុភាព៤០០មេហ្កាវ៉ាត់ ខេត្តស្ទឹងត្រែង របស់ក្រុមហ៊ុន Hydro Power Lower Sesan 2 Co,. Ltd នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅភូមិភាគឥសាន នៃប្រទេសដែលមានទីតាំងទំនប់ និងស្ថានីយស្ថិតនៅចម្ងាយ ១,៥គីឡូម៉ែត្រ ខាងក្រោមចំណុចប្រសព្វនៃទន្លេសេសាននិងទន្លេស្រែពក និងមានអាងស្តុកទឹកលាតសន្ធឹង តាមដងទន្លេសេសាន ក្នុងឃុំភ្លុក ឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន។
សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំជាងគេក្នុងប្រទេសកម្ពុជា។ មានក្រុមហ៊ុន៣ ដែលរួមគ្នាវិនិយោគដូចជា ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១,៥២លានដុល្លារអាមេរិក៕