ឯកឧត្តម សៅ សុខា៖ ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារសន្តិភាព ការពារអភិវឌ្ឍ កុំជឿ កុំធ្វើតាម កុំស្តាប់តាមការញុះញង់បំបែកបំបាក់ពីមជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព
ភ្នំពេញ៖ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក នៅទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីញ្ជុះបឋមសីលាសាងសង់ព្រះវិហារ នៅវត្តគគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាជីយាយជី ក្រុមយុវជន កងកម្លាំងទាំងបីប្រភេទ ប្រជាការពារ និងសិស្សានុសិស្សផងដែរ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងក្រុមការងារចុះមូលដ្ឋានស្រុក ឃុំជាច្រើនរូបផងដែរ។
មានមតិក្នុងពិធីសម្ពោធនេះ ឯកឧត្តម សៅ សុខា បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ចូលរួមការពារសន្តិភាព ការពារអភិវឌ្ឍ កុំជឿ កុំធ្វើតាម កុំស្តាប់តាមការញុះញង់បំបែកបំបាក់ពីមជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព ព្រមទាំងចូលរួមគាំទ្រគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ខិតខំបង្កបង្កើនផល ធ្វើស្រែ ដាំដំណាំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅ និងសូមពិនិត្យនូវរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ចទាន់ពេលវេលា និងសូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ៕