លោកជំទាវ ជូ ប៊ុនអេង ចុះជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ចំនួន ៦៩នាក់
ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះតាមដានការអនុវត្គោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកងកម្លាំង នគរបាលរបស់ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ចំនួន ៦៩នាក់ (ស្រី ១៦នាក់)។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារនិងជាសមាជិក មានអនុរដ្ឋលេខាធិការ តំណាងមកពីក្រសួងក្រសួងអប់រំយុវជននិងកីឡា អគ្គលេខាធិការរង ពីក្រសួងមហាផ្ទៃ លោកស្រីអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង អភិបាលក្រុង និងមន្រ្តីរាជការមកពីមន្ទីរស្ថាប័នជុំវិញខេត្ត។
ឆ្លៀតឱកាសនោះផងដែរ លោកជំទាវប្រធានក្រុមការងារ បានផ្តាំផ្ញើថា ក្នុងនាមជាអាជ្ញាធរ មានសមត្ថកិច្ចសូមពង្រឹងវិន័យការងារ និងយកចិត្តទុកដាក់ក្នុងការពារសន្តិសុខសុវត្ថិភាព រៀបចំកម្លាំងក្នុងកំឡុងពេលយុទ្ធនាការឃោសនា និងបោះឆ្នោត សម្រួលដល់ដំណើរការទាំងមូល។ បើក្រោយពេលបោះឆ្នោតហើយ មិនទាន់មានរដ្ឋាភិបាលថ្មី គឺសូមនៅតែរក្សាជំហរ ការងារ ការពារសុវត្ថិភាពជូនប្រជាជន ជូនក្រុងទាំងមូល ៕