សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំបានត្រៀមទុកក្នុងករណីនាយករដ្ឋមន្ត្រីបន្តវេន បើអ្នកឯងមិនសួរ ខ្ញុំនឹងមិនប្រាប់ទេ ទុកឲ្យគេម្ចាស់ការ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនលូកលាន់កិច្ចការរបស់នាយករដ្ឋមន្រ្តីថ្មីនោះទេ គឺទុកឲ្យអ្នកដឹកនាំថ្មីមានម្ចាស់ការលើកខ្លួនឯង ។
ក្នុងឱកាសអញ្ជើញជួបកម្មករនិយោជិត នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំបានត្រៀមទុកក្នុងករណីនាយករដ្ឋមន្ត្រីបន្តវេន បើអ្នកឯងមិនសួរ ខ្ញុំនឹងមិនប្រាប់ទេ ទុកឲ្យគេម្ចាស់ការ។ ក្នុងករណីគេសួរ យើងសួរត្រឡប់ទៅវិញថា តើលោកឯងចង់ដោះស្រាយរឿងហ្នឹងរបៀបម៉េច? អាហ្នឹង បានគេឲ្យគេចេះ ហើយជាបទពិសោធន៍របស់ខ្ញុំ កាលណាកូននៅតូចជារឿងមួយ តែពេលវាធំកាលណាវារត់ដួល ឲ្យវាងើបខ្លួនឯង»។
សម្តេចតេជោ បន្តថា «គ្មានរណាមួយអាចឈានដំណើរឆ្ពោះទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ។ បើទោះបីជា ហ៊ុន សែន មិនធ្វើនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែការគ្រប់គ្រងផ្នែកនយោបាយ គឺនៅលើដៃ ហ៊ុន សែន ដដែល កុំមានការបារម្ភ ព្រោះក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច។ ពេលខ្លះយើងចាស់ហើយ» ៕