អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធអាគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាស្រែប្រាំង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានអានរបាយការណ៍ និងបានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ រួមមាន៖ អគារសិក្សាថ្មី ចំនួន ១ខ្នង មាន ៥បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលា គឺជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទទសោភ័ណ ដែលបានឧបត្ថម្ភសាងសង់ឡើង សម្រាប់ទុកជូនដល់ កូនៗក្មួយៗចៅៗ នៅក្នុងឃុំ មានបន្ទប់សិក្សារៀនសូត្រល្អប្រណិត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផលថ្មី របស់សាលារៀនបឋមសិក្សាស្រែប្រាំង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលបម្រើឱ្យវិស័យអប់រំ ក្នុងការលើកកម្ពស់ធនធានមនុស្សនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ទុកអគារសិក្សាថ្មីនេះ ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតឱកាសការងារ និង ចូលរួមលើកស្ទួយ សេដ្ឋកិច្ចជាតិ ដោយបានបង្ហាញពីភាពរឹងមាំនៃវិស័យអប់រំនៅក្នុងខេត្តត្បូងឃ្មុំទាំងមូល ក៏ដូចជាទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលបាត់ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញទៅសាលាឃុំ ដើម្បីបញ្ជាក់ឯកសារ(ឯ.អ)សម្រាប់បម្រើឲ្យការបោះឆ្នោតបាន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពក្នុង ឆ្នាំ២០២២ និង២០២៣ អាចបន្តប្រើប្រាស់អត្តសញ្ញាណបណ្ណនោះសម្រាប់ការបោះឆ្នោតបាន។
តមក នៅថ្ងៃដដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានដឹកនាំប្រតិភូ បន្តជួបសំណេះសំណាល ជាមួយ កម្មករ កម្មាការីនី ក្រុមហ៊ុន ចំការដូងក្រអូប និងពិនិត្យវឌ្ឍនភាព កន្លែងសំអាតសំបុកត្រចៀកកាំ និងកន្លែងផលិតជី ដែលកសិករមានលទ្ធភាពប្រើប្រាស់បានប្រកបដោយទំនុកចិត្ត របស់ក្រុមហ៊ុនហាមិនីវីន អ៊ីនវេសមេន (HARMONY WIN INVESTMENT CO., LTD.) ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយចែកជូនថវិកាមួយចំនួនផងដែរ ៕