ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត បានលើកឡើងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី១ ខែកក្កដានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការអំពាវដល់បងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ២០២៣ ឱ្យបានគ្រប់គ្នា ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោតតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី១៨នៃសន្លឹកឆ្នោត។
ឯកឧត្ដមបណ្ឌិត បានលើកឡើងទៀតថា បងប្អូនពូមីងតាយាយ អាចធ្វើការផ្លាស់ប្តូរព្រូហ្វាល់ (profile) ដ៏ស្រស់ស្អាតដូចគំរូ ខាងក្រោម តាមរយៈការចូលទៅកាន់ Link ដើម្បីអាចប្ដូរProfile Facebook ៖ https://twb.nz/cpp18 ៕