សម្ដេច ស ខេង អញ្ជើញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅស្រុកបាណន់ ខេត្តបាត់ដំបង
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង និងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅស្រុកបាណន់ ខេត្តបាត់ដំបង។
នាឱកាសនោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ភូមិ និងឃុំទូទាំងស្រុកបាណន់ដែលមានភក្ដីភាព ជឿជាក់ និងគាំទ្រដោយឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ហើយបានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។
សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង និងនិយាយដោយឡែកក្នុងស្រុកបាណន់ ដែលបានចូលរួមគាំទ្រការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩។
សម្ដេចក៏បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង បានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម និងលោកជំទាវបានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងខេត្តបាត់ដំបងនាថ្ងៃទី១ ខែកក្កដា ហើយបន្តយុទ្ធនាការតាមបណ្ដាក្រុងស្រុកនានាក្នុងខេត្តបាត់ដំបង និងខេត្តព្រៃវែង ៕