ឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាមេរិក ប្រគល់លិខិតបញ្ជាក់ជូនលោកប្រធានាធិបតីអាមេរិក
បរទេស៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានទទួលយកលិខិតបញ្ជាក់របស់ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng នៅការិយាល័យ Oval Office នៃសេតវិមានក្នុងទីក្រុង Washington កាលពីថ្ងៃសុក្រ។
លោក Joe Biden បានស្វាគមន៍ លោក Xie Feng ចំពោះមុខតំណែងថ្មីរបស់លោក ហើយអ្នកទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងចិន-អាមេរិក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចិន។
លោក Xie Feng ដែលបានមកដល់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ ឧសភា បានឲ្យដឹងថា ការតែងតាំងលោកជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទី១២ នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅសហរដ្ឋអាមេរិក មានន័យសម្រាប់គាត់មិនត្រឹមតែកិត្តិយសប៉ុណ្ណោះទេ ថែមទាំងមានការទទួលខុសត្រូវដ៏ធំធេងផងដែរ។
លោកបានបន្តថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ លោកប្រធានាធិបតីចិន Xi Jinping និង លោកប្រធានាធិបតីអាមេរិក Joe Biden បានជួបប្រជុំគ្នាដោយជោគជ័យនៅកោះបាលី ហើយឈានដល់ការយោគយល់គ្នាសំខាន់ៗ។
ប្រទេសចិនអនុវត្តតាមគោលការណ៍ទាំងបីដែលលោកប្រធានាធិបតីចិន បានដាក់ចេញនោះគឺ ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
បេសកជនបានសម្តែងក្តីសង្ឃឹមថាភាគីអាមេរិកនឹងធ្វើការជាមួយប្រទេសចិនក្នុងទិសដៅតែមួយ ធ្វើសកម្មភាពដោយស្មោះស្ម័គ្រលើការយោគយល់គ្នារវាងប្រធានាធិបតីទាំងពីរ និងស្វែងរកផ្លូវត្រឹមត្រូវសម្រាប់ប្រទេសទាំងពីរក្នុងការចុះសម្រុងគ្នាក្នុងយុគសម័យថ្មី។ ស្ថិរភាព និងនាំទំនាក់ទំនងចិន-អាមេរិកត្រឡប់មករកផ្លូវត្រូវវិញ។
ប្រភព៖ China Daily
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]