កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និង ខ្យល់កន្ត្រាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
ក្រសួងបានឱ្យដឹងទៀតថា សប្ដាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ លក្ខណ:បែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មាន ៣៣-៣៥ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕