លោកជំទាវ ឃួន សុដារី បន្តចុះផ្សព្វផ្សាយគោលនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្របក្សប្រជាជនជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឃុំព្រែកដាច់ ស្រុកលើកដែក
ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានបន្តអញ្ជើញដឹកនាំសមាជិក សមាជិកាគណបក្សចុះជួបសំណេះសំណាល ផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតអោយត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
សកម្មភាពនេះប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម ហាក់ ប៊ុនធឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកដាច់ ព្រមទាំងសហការី សមាជិក សមាជិកា គណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ ក្រុមការងារស្រ្តី យុវជនជុំវិញស្រុក សរុបមានចំនួន២១០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រែកដាច់។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានរំឭកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព ស្ថិរភាព ធ្វើឲ្យប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ ដូចនេះ យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថិរគង់វង្សជានិច្ច។
ជាមួយនឹងភាពម៉ឺងម៉ាត ហ្មត់ចត់ លោកជំទាវកិត្តិសង្គហបណ្ឌិត និងក្រុមការងារ បានរួមគ្នាពន្យល់បង្រៀន ប្រជាពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ អោយក្លាយជាសន្លឹកឆ្នោតបានការ ចៀសវាងការគូសលេខ ឬការគូសច្រើនដង។ ទន្ទឹមនឹងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ សមាជិក សមាជិកា ទាំងអស់ ចូលរួមអនុវត្តកិច្ចការងារទៅចូលរួមបោះឆ្នោតដោយត្រូវត្រៀមខ្លួន ត្រៀមឯកសារអោយបានរួចរាល់ទុកជាមុន ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមថា យើងជាសមាជិកបក្សត្រូវគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការក្រើនរំលឹកបន្ថែមផងដែរឱ្យសកម្មជនគណបក្សប្រជាជនកម្ពុជាត្រូវចូលរួមឃោសនានៅតាមភូមិឃុំរបស់ខ្លួន អំឡុងពេលយុទ្ធនាការឃោសនាឱ្យបានល្អបំផុត និងត្រូវវាយតម្លៃរកកំលាំងពិតដែលស្មោះត្រង់បោះឆ្នោតជូនបក្ស អ្នកដែលមិនច្បាស់លាស់ និងទប់ស្កាត់ឱ្យបានអ្នកដែលតាំងបន្លំខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែបង្រៀនឱ្យប្រជាជនគូសសន្លឹកឆ្នោតខុស។
មុននឹងបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត និងសមាជិក សមាជិកគណបក្សក្នុងឃុំព្រែកដាច់ បានសម្តែងនូវអំណរគុណសន្តិភាព នយោបាយឈ្នះ-ឈ្នះ និងសូមដឹងគុណ ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ ពេញលេញ និងបានប្រកាសគាំទ្រ សម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ៕