ឯកឧត្តម ជា សុមេធី៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែងរកមុខសញ្ញា អ្នកដើរធ្វើការញុះញង់ បង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ មន្ទីរអង្គភាព អាជ្ញាធរកងកម្លាំង ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួន នៅចំណុចខ្វះខាត ដែលអនុវត្តកន្លងមកនោះឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសទៅលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវមានការរើសអើងណាមួយឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំបន្ថែមទៀតថារដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវធ្វើការឆ្លើយតប និងបកស្រាយឲ្យបានលឿន នឹងទាន់ពេលវេលារាល់បញ្ហាដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាកុំឲ្យបងប្អូនប្រជាពលរដ្ឋមហាជនមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍ទាំងឡាយដែលបានកើតមានឡើងទាំងអស់នោះ។
ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែងរកមុខសញ្ញា អ្នកដើរធ្វើការញុះញង់ បង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនៅថ្ងៃបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ និងត្រូវអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំង រដ្ឋបាលក្រុង ស្រុក ទាំងអស់ នៃខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ច ការងាររបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក ៕