ឯកឧត្តម វ៉ា ថន ណែនាំឲ្យប្រជាពលរដ្ឋត្រូវដាំដើមឈើឲ្យបានម្នាក់២ដើម ដើម្បីជាជម្រកនិងជួយកាត់បន្ថយកម្ដៅ
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធីបតីក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា នៅភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ក្នុងនោះក៏មានការប្រគល់ និងដាំកូនឈើចម្រុះចំនួន ៥០០ដើមរួមមាន៖ ដើមគគី គ្រញូង ធ្នង់ និងដើមស្តៅផងដែរ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានណែនាំឲ្យពលរដ្ឋចូលរួមដាំដើមឈើ ក្នុងម្នាក់ឲ្យបាន២ដើម ដើម្បីចូលរួមថែរក្សាស្រទាប់បរិយាកាសផែនដី ការពារការឡើងកម្តៅ គ្រោះមហន្តរាយនានា និងជាទីជម្រកផងដែរ។ ធនធានព្រៃឈើបានផ្ដល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ តាំងពីដើមរៀងរហូតមក ហើយព្រៃឈើ មិនគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមតែប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសល្អប្រសើរឡើង រក្សានិយ័តភាពប្រភពទឹក ការពារទីជំរាល និង ការពារជីវចម្រុះជាដើម ព្រៃឈើគឺជាប្រភពផ្តល់ការរស់រានមានជីវិតចំពោះមនុស្សសត្វ ដែលមានជីវិតនៅលើភពផែនដីយើងនេះ។ នៅលើដីមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយប្រកបដោយព្រៃឈើគ្រប់ ប្រភេទបំរើអោយជីវភាពសង្គម និងការអភិវឌ្ឍន៍ ព្រមទាំងជាជំរកដ៏សុខសាន្តរបស់ម្រឹគីម្រឹគាទាំងឡាយ ក្នុងចំណោមភោគទ្រព្យធម្មជាតិដ៏វិសេសវិសាលទាំងនេះ ខេត្តក្រចេះយើងក៏បានទទួលនូវមរតកព្រៃឈើដែលគ្របដណ្ដប់លើផ្ទៃដីទូទាំងខេត្តប្រមាណ ៨១ភាគរយផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីសម្រេចបាននូវទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើបានជំរុញការអនុវត្ត កម្មវិធីការងារ នៃកម្មវិធីព្រៃឈើជាតិ ជាពិសេសកម្មវិធីកំណត់ព្រំប្រទល់ព្រៃឈើ កម្មវិធីអភិរក្សធនធាន ព្រៃឈើ និងកម្មវិធីសហគមន៍ព្រៃឈើជាដើម។ កត្តាសំខាន់បំផុត គឺយើងទាំងអស់គ្នាត្រូវខិតខំលើកកំពស់កិត្យានុភាព ប្រសិទ្ធភាព នៃការអនុវត្តន៏ច្បាប់ ដែលយើងទាំងអស់គ្នា ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋត្រូវគោរពប្រតិបត្តិស្មើៗគ្នា។ ការធ្វើដូច្នេះបង្កើតបានជាទម្លាប់មួយរបស់ជាតិ មាតុភូមិយើងក្នុងការលើកតំកើងសេចក្តីថ្លៃថ្នូររបស់ជាតិ ប្រសិទ្ធភាពច្បាប់ ដែលជាបច្ច័យនាំ អោយមានការ អភិវឌ្ឍជាតិឆ្ពោះទៅរកអនាគត់ដ៏រុងរឿង យុត្តិធម៍ និងនិតិរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសូមសំណូមពរអោយអង្គពិធីទាំងមូល ពុំគប្បីចាត់ទុកថាការងារដាំដើមឈើ និងភារៈកិច្ចថែរក្សាការពារសម្បត្តិ ព្រៃឈើជាភារៈកិច្ចដោយឡែករបស់ស្ថាប័នណាមួយឡើយ ផ្ទុយទៅវិញវាជាភារៈកិច្ចដ៏វិសេសវិសាលរបស់ពលរដ្ឋម្នាក់ៗ និងប្រជាជាតិទាំងមូល ព្រោះថាព្រៃឈើគឺជាមរតករួមរបស់ជាតិ ព្រៃឈើជាអាយុជីវិតសត្វលោក ព្រៃឈើ ជាសុខភាពរបស់ប្រជាពលរដ្ឋដាំដើមឈើឡើងវិញគឺសន្សំទ្រព្យសំរាប់កូនចៅជំនាន់ក្រោយរបស់យើង ៕