អគ្គនាយកក្រុមហ៊ុន អេស អេស ស៊ី គ្រុប (HSC Group) ផ្ដល់រថយន្តមួយគ្រឿង និងភេសជ្ជៈ M150 ចំនួន ៥០០កេស ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី០៥ ខែកក្ដដា ឆ្នាំ២០២៣ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅ លោក សុខ ចេន អគ្គនាយករង ក្រុមហ៊ុន អេច អេស ស៊ី គ្រុប (HSC Group) និងលោក សុខ ចេមី នាយកគ្រប់គ្រង ក្រុមហ៊ុន អេច អេស ស៊ី ត្រេឌីង (HSC Trading) តំណាង លោក ឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស ស៊ី គ្រុប (HSC Group) ដែលបានផ្ដល់ជូន រថយន្តមួយគ្រឿង និងភេសជ្ជៈប៉ូវកម្លាំង M150 ចំនួន ៥០០កេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីទុកបម្រើការងារក្នុងអង្គភាព តាមតម្រូវការជាក់ស្ដែង។
មានមតិសំណេះសំណាលនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សេង មហា ជំនួសមុខដល់ ពលទាហាន នាយទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ទាំងអស់ សូមសម្ដែងត្រេកអរជាខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេស អេស ស៊ី គ្រុប (HSC Group) ដែលបានផ្ដល់ជូន រថយន្ត និងភេសជ្ជៈ M150 ដល់បញ្ជាការដ្ឋាន ដើម្បីជាគុណប្រយោជន៍រួម សម្រាប់ក្នុងកិច្ចប្រតិបត្តិការណ៍ការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទុកចល័ត និងល្បាត ការពារក្នុងភូមិសាស្ត្រនានា ធានាដល់កិច្ចការសន្តិសុខ ជូនប្រជាពលរដ្ឋ អោយស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលភូមិឃុំសង្កាត់មានសុត្ថិភាព ៕