អាស៊ាន ពន្លឿនការអនុវត្ត ការប្តេជ្ញាចិត្ត ចំពោះសមភាពយេនឌ័រ
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១១ ស្តីពីសុខុមាលភាពសង្គម និងការអភិវឌ្ឍ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែកក្កដា ក្រោមប្រធានបទ «ការពន្លឿនការអនុវត្តការប្តេជ្ញាចិត្តរបស់អាស៊ានសម្រាប់សមភាពយេនឌ័រ តាមរយៈការបញ្ជ្រាបយេនឌ័រ និងបរិយាប័ន្នសង្គម»។
កិច្ចប្រជុំនោះបានលើកទឹកចិត្តឱ្យរដ្ឋជាសមាជិកទាំងអស់បង្កើត និងពិនិត្យមើលឡើងវិញនូវគោលនយោបាយ និងកម្មវិធីដែលពាក់ព័ន្ធ ស្របតាមការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះសមភាពយេនឌ័រ តាមរយៈការបញ្ជ្រាបយេនឌ័រ និងបរិយាប័ន្នសង្គមនៅទូទាំងសសរស្តម្ភសហគមន៍អាស៊ានទាំងបី ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំនោះបានសាទរដល់រដ្ឋជាសមាជិកទាំងអស់ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) តាមរយៈការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃផែនការមេអាស៊ានឆ្នាំ២០២៥៖ ការបញ្ជ្រាបសិទ្ធិជនពិការ និងសកម្មភាពតាមដានរបស់ខ្លួន។
កិច្ចប្រជុំនោះបានពន្លឿនកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ និងថ្នាក់ជាតិដែលដឹកនាំដោយអាស៊ាន ដោយបានរួមចំណែកដល់ការចែករំលែកចំណេះដឹង សមត្ថភាពបច្ចេកទេស និងការកសាងសមត្ថភាពទៅលើការបញ្ជ្រាបយេនឌ័រ និងបរិយាប័ន្នសង្គម។
កិច្ចប្រជុំបានព្រមព្រៀងក្នុងការបង្កើតវេទិកាបណ្តាញជាមួយអ្នកពាក់ព័ន្ធមួយចំនួន រួមទាំងអង្គការសង្គមស៊ីវិល (CSOs) សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសន្ទនាប្រកបដោយអត្ថន័យឆ្ពោះទៅកាន់អាស៊ានដែលផ្តោតសំខាន់ទៅលើប្រជាជន។
លើសពីនេះទៀត កិច្ចប្រជុំបានលើកទឹកចិត្តឱ្យរដ្ឋជាសមាជិកបង្កើតយុទ្ធសាស្ត្រអាស៊ានទាំងមូលសម្រាប់វិធីសាស្រ្តផ្តោតសំខាន់ទៅលើគ្រួសាររួម ដែលពង្រឹងដល់សុខុមាលភាពគ្រួសារ និងការអភិវឌ្ឍ ភាពធន់នឹងគ្រួសារ និងសាមគ្គីភាពក្នុងគ្រួសារ ដើម្បីសម្របខ្លួនទៅនឹងបញ្ហាប្រឈម ព្រមទាំងដោះស្រាយបញ្ហា និងកង្វល់ដែលកំពុងកើតមានរបស់គ្រួសារជាទូទៅ ដូចជាតាមរយៈការណែនាំនូវ «ទិវាគ្រួសារអាស៊ាន» ដែលនឹងប្រារព្ធធ្វើនៅក្នុងខែឧសភាជារៀងរាល់ឆ្នាំ៕