ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំ មេក្រុមបក្សលើកទី១ ចំនួន ១៧ភូមិ សរុបចំនួន ៥១១នាក់ ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំក្រែក រួមជាមួយឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ គណៈកម្មាធិការបក្សឃុំ មេក្រុមបក្សលើកទី១ ចំនួន ១៧ភូមិ សរុបចំនួន ៥១១នាក់ ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ឈួរ សុបញ្ញា បានកោតសរសើរ និងថ្លែងអំណរគុណមេក្រុមបក្សទាំង ១៦ភូមិ ចំពោះការខិតខំលះបង់ និងស្រលាញ់ស្ម័គ្រស្មោះគាំទ្របក្សព្រមទាំងនាំភាពឈ្នះជូនគណបក្ស គ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ។
ឯកឧត្តម ក៏បានរំលឹកដល់មេក្រុមបក្សទាំងអស់អំពីតួនាទី ភារកិច្ចរបស់មេក្រុមបក្ស ការតាមដានសភាពការនយោបាយ និងធ្វើបច្ចុប្បន្នភាពសមាជិករបស់ខ្លួនជាប្រចាំ ដើម្បីដឹងសុខទុក្ខ និងជួយគ្នាជានិច្ច ពិសេស ការរក្សាទំនាក់ទំនងល្អជាមួយសមាជិក ប្រជាការពារ ភូមិឃុំ និងមុខសញ្ញា សំខាន់ៗដទៃទៀតដើម្បីគៀរគរការគាំទ្រ និងកសាងបក្សក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
ពិធីសំណេះសំណាលបានបញ្ចប់ក្រោមស្មារតីរីករាយ ជឿជាក់ និងទទួលខុសត្រូវខ្ពស់ចំពោះបក្ស និងជាតិមាតុភូមិ ៕