ឯកឧត្តម វេង សាខុន ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលឆាណែលតេឡេក្រាម (Channel Telegram) របស់សម្ដេច មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ផ្ញើសារលិខិតអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឆាណែលតេឡេក្រាម (Channel Telegram) របស់សម្ដេច មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក។
ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម សម្ដែងនូវមនោសញ្ចេតនាអបអរសាទរដ៏ក្រៃលែងដែលឆាណែលតេឡេក្រាមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតក្នុងចំណោម ថ្នាក់ដឹកនាំនានាលើពិភពលោក ហើយបន្តមានកំណើនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
ការទទួលបានចំនួនអ្នកភ្ជាប់ ឆាណែលតេឡេក្រាម (Channel Telegram) ដ៏ច្រើនលើសលប់ក្នុងរយៈពេលខ្លីនេះ ជាសក្ខីភាពសបញ្ជាក់ពីប្រជាប្រិយភាព ការគោរព ស្រឡាញ់យ៉ាងជ្រាលជ្រៅ ការជឿទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី។
សន្ទុះនៃការគាំទ្រដ៏ច្រើននេះ ពិតជាបង្ហាញពីការផ្តល់តម្លៃយ៉ាងធំធេង និងមហាកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្តី ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបង្ហាញពីការយកចិត្ត ទុកដាក់ក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕