ឯកឧត្តម សុខ លូ៖ ក្រោយភ្នក់ភ្លើងសង្រ្គាមយើងបាត់បង់អ្នកមានចំណេះដឹងអស់ជាច្រើន ធ្វើឱ្យអត្រាអ្នកមិនសូវចេះអក្សរមានច្រើន
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រោយភ្នក់ភ្លើងសង្រ្គាមរួចយើងបានបាត់បង់អ្នកមានចំណេះដឹងអស់ជាច្រើននាក់ ធ្វើឱ្យមានអត្រាអ្នកមិនសូវចេះអក្សរជាច្រើន ដូចនេះអ្នកចេះច្រើនត្រូវបង្រៀនអ្នកចេះតិច អ្នកចេះតិចត្រូវបង្រៀនអ្នកមិនចេះ។
ឯកឧត្ដមបន្តថា ទម្រាំមកដល់ពេលនេះ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងជាច្រើនក្នុងការកសាងប្រទេសឱ្យរស់ឡើងវិញ នឹងអាចដើរទាន់ប្រទេសមួយចំនួននៅក្នុងតំបន់ ហើយយើងអាចដើរមកដល់ចំណុចនេះគឺដោយសារសុខសន្ដិភាព ដូចនេះត្រូវចូលរួមថែរក្សាសុខសន្ដិភាពនេះឱ្យបានល្អ ដើម្បីការរីកចម្រើនតទៅមុខទៀត។
ឯកឧត្ដមសុខ លូ បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ស្មើ៥បន្ទប់ ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង ស្មើ២បន្ទប់ និងមានបង្គន់អនាម័យចំនួន៧បន្ទប់ ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ស្ថិតក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងកន្ទួត ក្នុងភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
សូមរំលឹកថា អនុវិទ្យាល័យអណ្ដូងកន្ទួត ត្រូវបានកកើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមរបស់សហគមន៍ ដោយខ្ចីបន្ទប់សិក្សាពីសាលាបឋមសិក្សាអណ្ដូងកន្ទួតសម្រាប់ធ្វើការបង្រៀន ដោយមានការកើនឡើងនូវចំនួនសិស្ស និងមានតម្រូវការច្រើន អគារសិក្សាថ្មីមួយខ្នង ដែលបំពាក់ទៅដោយគ្រឿងបរិក្ខារ ដែលចំណាយថវិកាសរុប ៦៨,២០៨ដុល្លារដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ដើម្បីបំពេញបន្ថែមនូវតម្រូវការរបស់សាលាផងដែរ៕